Thursday, October 9, 2025
Homeព័ត៌មានជាតិឡានដឹកភេសជ្ជៈ បុកម៉ូតូផ្ទប់ឡានក្រុង រងរបួសធ្ងន់ម្នាក់

ឡានដឹកភេសជ្ជៈ បុកម៉ូតូផ្ទប់ឡានក្រុង រងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ រថយន្តដឹកភេសជ្ជៈខារ៉ាបាវ១គ្រឿង បើកបោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន លុះមកដល់ចំណុចផ្លូវបំបែកជាបួន មិនបង្អង់ល្បឿនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យខ្ទាតទៅផ្ទប់នឹងរថយន្តក្រុង ធ្វើឱ្យបុរសជាម្ចាស់ម៉ូតូទទួលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១៨៣ កែងនឹងផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បុរសរងគ្រោះជាអ្នកបើកម៉ូតូ ដែលត្រូវរថយន្តដឹកភេសជ្ជៈខារ៉ាបាវ បុកផ្ទប់រថយន្តក្រុងបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះបូរ៉ា រតនៈ អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ 1DQ-1665។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3C-4340 ជារថយន្តដឹកភេសជ្ជៈខារ៉ាបាវ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូតែម្នាក់ឯង ចុះពីលើផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចផ្លូវបំបែកជា៤នោះ ម៉ូតូរបស់បុរសរងគ្រោះក៏បានជិះទន្ទឹមជាមួយនឹងរថយន្តក្រុង១គ្រឿង របស់ក្រុមហ៊ុន ខាយណាម ពាក់ស្លាកលេខភ្នំពេញ 3B-1199។ ភ្លាមនោះ ក៏ស្រាប់តែមានរថយន្តធុនធំដឹកភេសជ្ជៈខារ៉ាបាវ ខាងលើ បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវបំបែក មិនព្រមបង្អង់ល្បឿន ក៏បណ្តាលឱ្យជ្រុលមកបុកម៉ូតូរបស់ជនរងគ្រោះយ៉ាងពេញទំហឹង ទៅផ្ទប់ជាមួយនឹងរថយន្តក្រុង បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូរងរបួសដៃឆ្វេងម្ខាង និងរលាត់ដាច់សាច់ហូរឈាមពេញខ្លួនប្រាណរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកឯអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវគេដឹកបញ្ជូនតាមម៉ូតូទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ដែលនៅក្បែរនោះ។ ចំណែករថយន្តទាំងពីរគ្រឿងនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង រួចយកទាំងរថយន្តទាំងពីរគ្រឿង និងម៉ូតូរបស់បុរសរងគ្រោះ ទៅដាក់លើចិញ្ចើមផ្លូវ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍។ បន្ទាប់មកគេឃើញភាគីតំណាងខាងក្រុមហ៊ុនខារ៉ាបាវ បានចុះមកធ្វើការសម្របសម្រួល និងដោះស្រាយគ្នា ដោយយល់ព្រមចេញថ្លៃព្យាបាលជំងឺ និងជួសជុលម៉ូតូរបស់ជនរងគ្រោះ និងរថយន្តក្រុងដែលរងការខូចខាត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

RELATED ARTICLES