ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកថ្មគោល ចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីរសៀលថ្ងៃទី26 ខែមីនា ឆ្នាំ2018 ជនសង្ស័យម្នាក់ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ពីបទរំលោភសេចក្តីទុកចិត្ត បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពខ្ចីម៉ូតូរបស់គេបំណងយកទៅលក់ យកលុយចាយបុណ្យចូលឆ្នាំ កាលពីល្ងាចថ្ងៃទី25 ខែមីនា នៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ។

ជនសង្ស័យដែលត្រូវប៉ូលិសចាប់ខ្លួន ឈ្មោះវ៉ង់ បេឡា ភេទប្រុស អាយុ35ឆ្នាំ រស់នៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល។ ចំណែកជនរងគ្រោះឈ្មោះហ៊ា សាវុត ហៅសារ៉ាត់ ភេទប្រុស អាយុ38ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ2015 ពណ៌ខ្មៅ គ្មានស្លាកលេខ។
តាមសម្តីជនរងគ្រោះជាម្ចាស់ម៉ូតូ បានឱ្យដឹងថា កាលពីថ្ងៃទី24 ខែមីនា ឆ្នាំ2018 វេលាម៉ោង3រសៀល ជនសង្ស័យឈ្មោះនាង រ៉ាស៊ី ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានខ្ចីម៉ូតូរបស់គាត់ជិះបន្តិច ហើយក៏បាត់ខ្លួនរហូតមិនឃើញយកមកឱ្យគាត់វិញទេ ទើបគាត់ដឹងថា ជនសង្ស័យស៊ីដាច់ម៉ូតូ ក៏ដាក់ពាក្យបណ្តឹងឱ្យប៉ូលិសជួយអន្តរាគមន៍តែម្តង រហូតដល់ថ្ងៃទី25 ខែមីនា ឆ្នាំ2018 វេលាម៉ោង 5ល្ងាច ត្រូវបាននគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនជនសង្ស័យបាននៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ហើយបញ្ជូនមកឱ្យអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីចាត់ការតាមផ្លូវច្បាប់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា រូបគេពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ រួចជិះយកទៅស្រុកគាស់ក្រឡ ដើម្បីលក់យកលុយទុកចាយពេលចូលឆ្នាំខ្មែរ តែមិនទាន់បានលក់ផង ត្រូវកម្លាំងប៉ូលិសចាប់បាន។
ជនសង្ស័យត្រូវប៉ូលិសនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅម្ចាស់យកទៅប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរវិញ៕