ខេត្តកណ្តាល ៖ បុរសជាប្តីកំណាចម្នាក់ ឱ្យតែផឹកស្រាស្រវឹងតែងបង្ករឿងអុកឡុកក្នុងផ្ទះ វាយបំផ្លាញទ្រព្យសម្បត្តិខ្ទេចអស់ និងថែមទាំងប្រើអំពើហិង្សាវាយដំប្រពន្ធគ្មានលស់ថ្ងៃ ទោះជាប្រពន្ធធ្លាប់ប្តឹងប៉ូលិសចាប់យកទៅអប់រំយ៉ាងណា ក៏មិនចេះរៀងចាល លុះក្រោយពីស្រវឹងទោរទន់ ក៏បានរករឿងឈ្លោះជាមួយប្រពន្ធ លុះខឹងប្រពន្ធតមាត់ ក៏ស្ទុះទៅចាប់ច្របាច់ក រួចយកភ្លើងទៅដុតរោងគោ បណ្តាលឱ្យឆេះម៉ត់។
ករណីប្តីស្រវឹងប្រើអំពើហិង្សាលើប្រពន្ធមិនអស់ចិត្ត បែរជាយកភ្លើងទៅដុតរោងគោបណ្តាលឱ្យឆេះម៉ត់ទៀតនេះ បានកើតការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ។
បុរសជាប្តីកំណាចដែលវ៉ៃប្រពន្ធ រួចដុតរោងការឆេះគ្មានសល់នេះ មានឈ្មោះពូច ពុយ អាយុ៣៤ឆ្នាំ មុខរបរជាកសិករ មានប្រពន្ធ ឈ្មោះចំរើន សឿន អាយុ៣៨ឆ្នាំ មុខរបរជាកសិករដូចគ្នា។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ថា កន្លងមក ប្តីរបស់នាងគឺជាមនុស្សប្រមឹក និងតែងតែប្រើអំពើហិង្សាវាយដំប្រពន្ធកូន ព្រមទាំងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ បណ្តាលឱ្យខូចខាតខ្ទេចអស់ជាហូរហែ ពិសេសឱ្យតែបានស្រាចូលពោះ ប្តីនេះចាប់ផ្តើមមួម៉ៅក្តៅចិត្ត រករឿងជេរបញ្ចោរប្រពន្ធកូនមិនឈប់។ ដោយសារតែទ្រាំនឹងប្តីប្រមឹកចិត្តកំណាចរូបនេះមិនបាន កាលពីពេលកន្លងទៅ នាងធ្លាប់បានប្តឹងឱ្យសមត្ថកិច្ចកោះហៅទៅធ្វើការអប់រំណែនាំ ព្រមទាំងមានធ្វើកិច្ចសន្យាម្តងជាពីរដងរួចមកហើយ កុំឱ្យប្រព្រឹត្តទង្វើហិង្សាក្នុងក្រុមគ្រួសារទៀត តែប្តីកំណាចមិនត្រឹមតែមិនចេះរាងចាលទេ ថែមទាំងកាន់តែខ្លាំងលើសដើមទៅទៀត។
ស្ត្រីជាប្រពន្ធ បានបន្តថា លុះមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ប្តីកំណាចរូបនេះបានចេញទៅផឹកស៊ី រហូតដល់ស្រវឹងទោរទន់ ទើបត្រឡប់មកផ្ទះវិញ លុះគ្រាន់តែចូលផ្ទះជួបមុខនាងភ្លាម ប្តីកំណាចក៏ជេរបញ្ចោររករឿងសព្វបែបយ៉ាង ទើបនាងទ្រាំមិនបាន ក៏តមាត់២-៣ម៉ាត់ ស្រាប់តែត្រូវប្តីកំណាចស្ទុះមកចាប់ច្របាច់កនាង រួចហើយក៏យកភ្លើងទៅដុតរោងគោ បណ្តាលឱ្យឆេះខ្ទេចទៀតផង បង្កឱ្យមានការផ្អើលឆោឡោពេញភូមិ ហើយសំណាងធំណាស់ដែលបានអ្នកភូមិនាំគ្នាជួយពន្លត់ទាន់ពេល ពុំនោះទេច្បាស់ជាភ្លើងរាលមកឆេះផ្ទះខានជ្រកមិនខាន។
ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើរបស់ប្តីលែងបាន ទើបស្ត្រីជាប្រពន្ធសម្រេចដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក ឱ្យចុះជួយអន្តរាគមន៍ចាប់ខ្លួនបុរសជាប្តី នាំយកមកចាត់ការតាមច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក តែម្តង៕