Thursday, October 9, 2025
Homeព័ត៌មានជាតិជីវភាពខ្វះខាត សុំទៅធ្វើការនៅភ្នំពេញ ប្តីមិនព្រម ប្រពន្ធផឹកថ្នាំពុលសម្លាប់

ជីវភាពខ្វះខាត សុំទៅធ្វើការនៅភ្នំពេញ ប្តីមិនព្រម ប្រពន្ធផឹកថ្នាំពុលសម្លាប់

ខេត្តព្រៃវែង ៖ ក្រុមគ្រួសារមួយ ដោយរស់នៅក្នុងជីវភាពទីទ័លក្រ ខ្វះមុខខ្វះក្រោយពេក ទើបបុរសជាប្តីសម្រេចចិត្តចេញទៅធ្វើ ការងារសំណង់នៅភ្នំពេញ គ្រាន់បានប្រាក់កម្រៃមកទប់ទល់ជីវភាព ស្រាប់តែស្ត្រីជាប្រពន្ធទំនងជាចង់ចែករំលែកការលំបាកប្តីផង មានចិត្តប្រចណ្ឌ ផង ទើបទារតាមសុំប្តីទៅធ្វើការសំណង់នៅភ្នំពេញជាមួយដែរ តែប្តីមិនព្រមឱ្យទៅ ជាហេតុធ្វើឱ្យប្រពន្ធឈឺចិត្តស្អិតទ្រូង ដាច់ចិត្តផឹកថ្នាំពុល សម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ប្រពន្ធតូចចិត្តសុំប្តីទៅធ្វើការសំណង់នៅភ្នំពេញជាមួយអត់បាន គិតខ្លីផឹកថ្នាំពុលសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ។

ស្ត្រីជាប្រពន្ធចិត្តខ្លាំងគំនិតខ្លី ដែលផឹកថ្នាំពុលសម្លាប់ខ្លួន មានឈ្មោះស្រូយ ណារ៉េត អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិឃុំខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជីវភាពគ្រួសាររបស់ស្ត្រីរងគ្រោះខាងលើ ខ្សត់ខ្សោយខ្លាំងណាស់ ពឹងតែលើរបរធ្វើស្រែចម្ការ ហូបចុកស្ទើរមិនគ្រប់ ចេះតែខ្វះមុខខ្វះក្រោយរហូត ទើបបុរសជាប្តីបានសម្រេចចិត្តចេញទៅធ្វើការជាកម្មករសំណង់នៅ ភ្នំពេញ ដើម្បីរកប្រាក់មកចិញ្ចឹមគ្រួសារ ដោយទុកឱ្យប្រពន្ធនៅមើលថែផ្ទះ និងការងារស្រែចម្ការ។ ចំណែកស្ត្រីជាប្រពន្ធ ដោយចង់សម្រាលបន្ទុក ប្តីខ្លះផង ណាមួយទំនងជាមានចិត្តប្រចណ្ឌ ខ្លាចប្តីទៅធ្វើការនៅភ្នំពេញយូរ បែកគំនិតឈ្លក់ភ្លើងពណ៌ លង់ទឹកម៉ាស៊ីន ក៏តាមសុំទៅធ្វើការសំណង់ នៅភ្នំពេញជាមួយប្តីដែរ តែប្តីប្រកែកមិនព្រមឱ្យទៅជាមួយឡើយ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប៉្រាវ។

ប្រភពដដែលបន្តថា ក្រោយពីទាស់សម្តីគ្នារួចហើយ បុរសជាប្តីក៏បានចេញទៅភ្នំពេញបាត់ទៅ ដោយមិនព្រមឱ្យប្រពន្ធទៅជាមួយដដែល ចំណែកស្ត្រីជាប្រពន្ធចេះតែមានទឹកមុខស្រពាប់ស្រពោន មិនសូវនិយាយស្តីអ្វីទាំងអស់ រហូតមកដល់ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះក៏សម្រេចចិត្តផឹក ថ្នាំពុលសម្លាប់ខ្លួនតែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារធ្វើ អត្តឃាតប្រាកដមែន ដោយស្ត្រីរងគ្រោះ បានយកថ្នាំពុលម៉ាកប៉ែរមី ជាប្រភេទថ្នាំសម្លាប់សត្វល្អិត យកមកផឹក ទើបបណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធ័ម។ ចំណែកមូលហេតុ ដោយសារតែស្ត្រីរងគ្រោះ តូចចិត្តនឹងរឿងសុំទៅធ្វើការសំណង់ជាមួយប្តីមិនបាន ទើបដាច់ចិត្តគិតខ្លីបែបនេះ តែម្តង។

បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES