ខេត្តកំពង់ចាម ៖ បុរសប្រមឹកម្នាក់ឱ្យតែផឹកស្រាស្រវឹង ដឹងតែកើតចិត្តប្រចណ្ឌរករឿងឈ្លោះប្រកែកវាយដំប្រពន្ធមិនស្វាង លុះក្រោយពេលផឹកស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងចោទប្រពន្ធថា មានចិត្តមិនស្មោះត្រង់នឹងប្តីលួចលាក់ទាក់ទងជាមួយប្រុសនេះប្រុសនោះ ទោះជាប្រពន្ធព្យាយាមពន្យល់ប្រាប់យ៉ាងណា ក៏មិនស្តាប់ និងថែមទាំងស្ទុះទៅទាញកាំបិតផ្គាក់មកវាយប្រពន្ធនឹងខ្នងកាំបិត បណ្តាលឱ្យបាក់ស្មងជើងម្ខាងរងរបួសធ្ងន់។
ករណីអំពើហិង្សា ប្តីវាយប្រពន្ធនឹងខ្នងកាំបិតរហូតដល់បាក់ជើងម្ខាងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ។
ជនដៃដល់ជាប្តីដែលផ្ទុះភ្លើងប្រចណ្ឌវ៉ៃប្រពន្ធបាក់ជើងនេះ មានឈ្មោះឃិន សុខ អាយុ៥៦ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះមឿន នាង អាយុ៥២ឆ្នាំ មុខរបរកសិករ រងរបួសស្មងជើង។ ប្តីប្រពន្ធទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ បានឱ្យដឹងថា ជនដៃដល់ជាប្តី គឺជាមនុស្សប្រមឹកស្រា តែងដើរផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ហើយឱ្យតែស្រវឹងស្រាម្តងៗតែងរករឿងឈ្លោះប្រកែកវាយដំប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ និងចេះតែប្រចណ្ឌប្រពន្ធលើកដាក់ប្រុសនេះប្រុសនោះមិនឈប់ មិនថាមនុស្សស្គាល់គ្នា ឬសាច់ញាតិនោះទេ រហូតធ្វើឱ្យអ្នកស្រុកភូមិលែងហ៊ានចង់រាប់រក។
លោកអធិការ បន្តថា លុះមកដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ បុរសជាប្តីទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងអួទីនួ បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ដោយចោទថា ប្រពន្ធចិត្តមិនស្មោះត្រង់នឹងប្តី លុះប្រពន្ធព្យាយាមពន្យល់ប្រាប់ ស្រាប់តែបុរសជាប្តីកាន់តែផ្ទុះកំហឹង ស្ទុះទៅទាញកាំបិតផ្គាក់មកវាយប្រពន្ធនឹងខ្នងកាំបិត ចំស្មងជើងខាងឆ្វេង បណ្តាលឱ្យបាក់ស្មងជើងរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្គន់ ស្រុកជើងព្រៃ។ ចំណែកបុរសជាប្តីត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលឃុំស្តើងជ័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តីបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធនឹងខ្នងកាំបិតមែន មូលហេតុដោយសារតែផឹកស្រាស្រវឹងខ្លាំងពេក ណាមួយកើតមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងផង ទើបទ្រាំមិនបាន ក៏ឈានដល់ហិង្សាបែបនេះតែម្តង។
លោកអធិការបញ្ជាក់ថា ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវីធី៕