ខេត្តតាកែវ ៖ គិតមកដល់ពេលនេះ លោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បី ត្រូវបាន ខ្មាន់កាំភ្លើងបាញ់សម្លាប់អស់រយះពេលជាង១ ខែមកហើយ បើទោះជាសពរបស់លោកបណ្ឌិត ត្រូវបានក្រុមគ្រួសារ រួមនិងប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ ដង្ហែទៅបញ្ចុះនៅឯទឹកដីកំណើត ខេត្តតាកែវ រួចរាល់ហើយក្តី ក៏សំណុំរឿងឃាតកម្មមួយនេះ នៅមិនទាន់មានពន្លឺអ្វីថ្មីបន្ថែម នៅឡើយ។ ថ្មីៗនេះ អ្នកស្រីប៊ូ រចនា ភរិយា នៃសពលោកបណ្ឌិតកែម ឡី បានបញ្ចេញសារ មួយនៅក្នុងទំព័រហ្វេសប៊ុករបស់អ្នកស្រីដាក់ បណ្តាសាចំពោះជនឧក្រិដ្ឋដែលបានបាញ់សម្លាប់ស្វាមីអ្នកស្រី។
កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៦ ពោលគឺក្រោយពី ស្វាមីត្រូវបានឃាតករបាញ់សម្លាប់អស់រយៈ ពេល១ខែ និង២ថ្ងៃរួចមក អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានបង្ហោះសារមួយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដែលខ្លឹមសារនៃសារមួយនោះ គឺមានន័យដាក់បណ្តាសា ចំពោះជនដៃដល់ជាឃាតករដែលបានបាញ់ សម្លាប់លោកបណ្ឌិតកែម ឡី ជាប្តីរបស់អ្នកស្រី។
សាររបស់លោកស្រីប៊ូ រចនា ដែលបាន បង្ហោះតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន មាន ខ្លឹមសារថា “តើប្តីខ្ញុំធ្វើខុសអី បានជាមកសម្លាប់ គាត់ បែបនេះ! ចុះបើគេសម្លាប់អ្នកឱ្យព្រាត់ពី ប្រពន្ធកូនវិញ តើអ្នកឯងឈឺចាប់អត់! ខ្ញុំសូមដាក់បណ្តាសា អ្នកដែលសម្លាប់ប្តីរបស់ខ្ញុំ ឱ្យ វិនាសអន្តរាយ ព្រាត់ប្រាស់ ចោលគ្រួសារ។ ខ្ញុំ ឈឺចាប់ខ្លាំងណាស់ គាត់ជាប្តីល្អ ជាប៉ាល្អសម្រាប់កូនៗរបស់ខ្ញុំ”។
ជុំវិញការបញ្ចេញសារដាក់បណ្តាសាអ្នក សម្លាប់ស្វាមីខាងលើនេះ “នគរធំ” មិនអាចសុំ យោបល់បន្ថែមពីអ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានទេ ដោយសារតែដូចពេល កន្លងមកដែរ អ្នកស្រីសុំមិនធ្វើអត្ថាធិប្បាយអ្វីច្រើនទេ ដោយសារតែកំពុងស្ថិតក្នុងឱរា រកវាចាថ្លែងពុំបានបន្ទាប់ពីត្រូវបាត់បង់ស្វាមីជាទីស្រលាញ់ក្នុងមួយប៉ប្រិចភ្នែក ដោយសារជនឧក្រិដ្ឋដ៏សាហាវព្រៃផ្សៃដែលហ៊ានលើកដៃ បាញ់សម្លាប់មនុស្សដ៏ល្អស្លូតបូត និងជាបញ្ញវន្តដ៏មានប្រយោជន៍ឧត្តមសម្រាប់សង្គមជាតិ ម្នាក់ ហើយការបាត់បង់លោកបណ្ឌិតកែម ឡី មិនត្រឹមតែភរិយា និងកូនព្រមទាំងក្រុមគ្រួសារ សាច់ញាតិលោកបណ្ឌិតកែម ឡី ទេ ដែលស្តាយស្រណោះហួសថ្លែង សូម្បីសហការីមិត្តភក្តិ និងជនរួមជាតិខ្មែរទូទៅ ក៏សោកស្តាយគ្រប់ គ្នា។
គួរបញ្ជាក់ថា ក្រោយពីត្រូវឃាតករបាញ់ សម្លាប់នៅចំណុចស្តារម៉ាតនៃស្ថានីយប្រេង ឥន្ធន³កាល់តិចបូកគោ និងត្រូវបានតម្កល់ធ្វើ បុណ្យ តាមប្រពៃណីនៅបរិវេណវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ត្រើយខាងកើតរាជធានីភ្នំពេញ អស់រយ³ពេល ១៥ថ្ងៃរួចមក នៅព្រឹកថ្ងៃទី២៤ ខែកក្កដា សព លោកបណ្ឌិតកែម ឡី ត្រូវក្រុមគ្រួសារ និង មហាជនសម្រេចធ្វើពិធីហែទៅកាន់ស្រុកកំណើត របស់លោកនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ លុះដល់ព្រឹកថ្ងៃបន្ទាប់ គឺថ្ងៃទី២៥ កក្កដា សពលោកបណ្ឌិតកែម ឡី ត្រូវបានរំកិល ចេញពីមឈូសកញ្ចក់ (គ្រែទឹក កក) ដាក់បញ្ចូលទៅក្នុងមឈូសឈើប្រណីត មួយ មុននឹងបញ្ចុះក្រោមសម្រែកទ្រហោយំ គួរឱ្យសង្វេគពីសំណាក់ប្រពន្ធកូន ក្រុមគ្រួសារ សាច់ញាតិលោកបណ្ឌិតកែម ឡី ព្រមទាំងប្រជាពលរដ្ឋរាប់រយនាក់ ដែលបានចូលរួមក្នុងពិធីបញ្ចុះសពនាពេលនោះ។
គួររំព្ញកថា លោកបណ្ឌិតកែម ឡី អាយុ ៤៦ឆ្នាំ ជាអ្នកស្រាវជ្រាវសង្គម ដើម្បីអភិវឌ្ឍន៍ និងជាអ្នកវិភាគឯករាជ្យត្រូវបានខ្មាន់កាំភ្លើងដៃ ឆៅម្នាក់ បាញ់ ២គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធ័មក្នុងថ្លុកឈាម កាលពីវេលា ម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតកាល់តិច (ស្តុបបូក គោ) តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែង មហាវិថីម៉ៅសេទុង ស្ថិតក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណះដែល លោកកំពុងអង្គុយទទួលទានកាហ្វេនៅទីនោះ។ ជនដៃដល់ជាខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ លោកបណ្ឌិតកែម ឡី នោះ មានឈ្មោះជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ភ្លាមៗ ក្រោយពេលកើតហេតុភ្លាមៗ បន្ទាប់ពី ជនដៃដល់បានព្យាយាមរត់គេច ដោយថ្មើរជើង រហូតមកដល់មុខផ្សារទំនើបអីុអនតាមផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ និង កម្លាំងអន្តរាគមន៍ខណ្ឌចំការមន ឃាត់ខ្លួនបាន និងដកហូតកាំភ្លើងខ្លីម៉ាកឡុក១៩ ផលិតនៅ ប្រទេសចិន១ដើម ពណ៌ខ្មៅ និងបង់ ចំនួន២ ។
ជនសង្ស័យដែលអះអាងថា ខ្លួនឈ្មោះជួប សម្លាប់នេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ ពីបទ “មនុស្សឃាតគិតទុកជាមុន និងប្រើអាវុធ ដោយគ្មានការអនុញ្ញាត” រួចបានសម្រេចឱ្យឃុំ ខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ។ យ៉ាងណាសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នក នៅពីក្រោយអំពើឃាតកម្មដ៏សាហាវនេះ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕