ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ បានទាក់ទងស្នេហាផ្អែមល្ហែមជាមួយគ្នាអស់មួយរយៈមកហើយ ស្រាប់តែចុងក្រោយ ជួបរឿងប្រេះឆា ដោយខាងប្រុសបានប្រកាសសុំបែកចែកផ្លូវគ្នា ប៉ុន្តែខាងស្រីចេះតែតាមរករឿងប្រុសស្នេហ៍ដល់កន្លែងធ្វើការញឹកញាប់ពេក រហូតដល់កើតជាជម្លោះផ្ទុះជាហិង្សា ដោយភាគីខាងប្រុសស្នេហ៍បានទះនារីជាសង្សារចំនួន២កំផ្លៀង ជាហេតុធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្តរត់ទៅប្តឹងសមត្ថកិច្ចធ្វើកិច្ចសន្យា ផ្តាច់ទំនាក់ទំនងស្នេហ៍ជាមួយគ្នាចាប់ពីពេលនេះតទៅ។
ហេតុការណ៍គូសង្សារផ្ទុះជម្លោះរហូតខាងប្រុសទះស្រី២កំផ្លៀងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងហាងខារ៉ាអូខេស្ទឹងលាភ តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
គូស្នេហ៍វ័យក្មេងខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំដូចគ្នា។
តាមសម្តីភាគីខាងប្រុស បានរៀបរាប់ប្រាប់ថា រវាងពួកគេទាំង២នាក់ មានទំនាក់ទំនងស្នេហានឹងគ្នាជាយូរមកហើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ ជីវិតស្នេហាពួកគេក៏ចាប់ផ្តើមជួបរឿងរកាំរកូស ឈ្លោះប្រកែកគ្នាញឹកញាប់ណាស់ រហូតដល់រូបគេទ្រាំលែងបាន ក៏សម្រេចចិត្តសុំបែកចែកផ្លូវគ្នា ហើយក៏ទៅមានអ្នកថ្មីរៀងៗខ្លួនអស់ហើយដែរ។
ភាគីខាងប្រុស បន្តថា លុះក្រោយពីដឹងថា រូបគេមានស្រីស្នេហ៍ថ្មី ស្រាប់តែខាងស្រីមិនដឹងយ៉ាងម៉េច ចេះតែតាមមករករឿងអុកឡុករូបគេដល់កន្លែងធ្វើការជាញឹកញាប់ រហូតដល់លើកចុងក្រោយ នៅថ្ងៃកើតហេតុ ពួកគេក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំង ទើបធ្វើឱ្យរូបគេទប់ចិត្តមិនបាន ក៏ជ្រុលដៃទះអតីតស្រីស្នេហ៍ចំនួន២កំផ្លៀងទៅ ទុកជាការព្រមាន ធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្តរត់មកប្តឹងប៉ូលិសនាំមកប៉ុស្តិ៍ធ្វើការសាកសួរតែម្តង។
ចំណែកភាគីយុវតីរងគ្រោះដែលត្រូវអតីតប្រុសស្នេហ៍ទះ២កំផ្លៀង បានបញ្ជាក់យ៉ាងខ្លីថា នាងក៏មិនចង់មានរឿងវែងឆ្ងាយដែរណាមួយ ដោយសាររបួសក៏មិនធ្ងន់ធ្ងរផងនោះ ទើបនាងសម្រេចមិនធ្វើការប្តឹងផ្តល់អ្វីទេ គ្រាន់តែតម្រូវឱ្យខាងប្រុសធ្វើកិច្ចសន្យានៅមុខសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីបញ្ឈប់ការប្រើហិង្សាមកលើរូបនាងទៀត និងសន្យាបញ្ចប់ទំនាក់ទំនងគ្នាចាប់ពីពេលនេះទៅ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីភាគីទាំងសងខាងចរចាត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចគ្រាន់តែជួយដឹងលឺចំពោះកិច្ចសន្យារបស់ភាគីទាំងសងខាង ដែលសន្យាបញ្ឈប់ហិង្សា និងផ្តាច់ការទាក់ទងគ្នាប៉ុណ្ណោះ។ បន្ទាប់មក ភាគីទាំងសងខាងបានចែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ទៅ៕