ខេត្តកំពង់ស្ពឺ ៖ គូស្នេហ៍វ័យក្មេងមួយគូបានស្រលាញ់គ្នាដោយចិត្តឯង រហូតដល់ពង្រត់គ្នាចេញទៅសម្ងំរួមរស់យ៉ាងផ្អែមល្ហែម លុះស្ត្រីជាម្តាយខាងស្រីតាមរកឃើញ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនខាងប្រុស ដោយចោទប្រកាន់ថា បានពង្រត់កូនស្រីរបស់គាត់ចេញពីផ្ទះ និងបានបង្ខាំងមិនឱ្យត្រឡប់មកផ្ទះវិញ។
ករណីគូស្នេហ៍សម្ងំរួមស្នេហ៍ ត្រូវម្តាយខាងស្រីតាមទាន់ប្តឹងប៉ូលិសចាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសួននៃ ឃុំជើងរាស់ ស្រុកឧដុង្គ។
យុវជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទពង្រត់កូនក្រមុំគេ រួចបង្ខាំងមិនឱ្យត្រឡប់ទៅផ្ទះវិញនេះ មានឈ្មោះតូ លីមស្រេង អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំដែលសមត្ថកិច្ចចុះឃាត់ខ្លួន។ ចំណែកនារីរងគ្រោះមានឈ្មោះភ.រ.ក អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ននៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលខាងស្រី ដោយបានប្តឹងចោទប្រកាន់ថា ឈ្មោះតូ លីមស្រេង បានល្បួងនាំកូនស្រីរបស់គាត់ចេញពីផ្ទះ និងបានបង្ខាំងកូនស្រីគាត់មិនឱ្យត្រឡប់ទៅផ្ទះវិញនោះទេ។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលខាងស្រីរួចមក កម្លាំងសមត្ថកិច្ចស្រុកឧដុង្គ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះតូ លីមស្រេង និងបានរកឃើញនារីរងគ្រោះឈ្មោះភ.រ.ក ដែលកំពុងស្នាក់នៅជាមួយគ្នា រួចក៏នាំអ្នកទាំង២មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ។
នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះតូ លីមស្រេង បានឆ្លើយសារភាពថា រូបគេមិនបានពង្រត់ ឬបង្ខាំងនារីរងគ្រោះនោះទេ តែនារីរងគ្រោះបានស្ម័គ្រចិត្តមកស្នាក់នៅជាមួយួនឹងរូបគេនោះទេ ព្រោះថា ពួកគេទាំង២នាក់ គឺជាសង្សារនឹងគ្នា ដោយបានស្រលាញ់គ្នាមួយរយៈមកហើយ។
ចំណែកភាគីនារីរងគ្រោះ ក៏បានអះអាងដូចគ្នានឹងខាងប្រុសដែរថា តាមពិត នាងនិងយុវជនខាងលើ ពិតជាបានស្រលាញ់គ្នាដោយចិត្តនិងចិត្តប្រាកដមែន គ្រាន់តែមិនបានឱ្យឪពុកម្តាយដឹងឮប៉ុណ្ណោះ ហើយកាលដែលនាងមករស់នៅជាមួយខាងប្រុសនេះ គឺគ្មានការបង្ខិតបង្ខំ ឬបង្ខាំងនាងទុកអ្វីឡើយ ពោលគឺជាការស្ម័គ្រចិត្តរបស់នាង។
យ៉ាងណាក្តី ករណីខាងលើនេះ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនយុវជនឈ្មោះតូ លីមស្រេង ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕