ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ចិត្តបំផុត សម្រាប់ទារិកាម្នាក់នេះដែលទើបនឹងកើតមិនទាន់បានឃើញពន្លឺថ្ងៃស្រួលបួលផង សូម្បីតែទងផ្ចិតក៏មិនទាន់បានកាត់ចេញនៅឡើយ ស្រាប់តែត្រូវម្តាយចិត្តកំណាចឃោរឃៅយកមកបោះចោលនៅកណ្តាលផ្លូវ ហើយអ្វីដែលកាន់តែខ្លោចចិត្តជាងនេះទៀតនោះ គឺទារិកាអភ័ព្វត្រូវបានរថយន្តដឹកថ្ម១គ្រឿង បើកកិនបណ្តាលឱ្យខ្ទេចក្បាលស្លាប់យ៉ាងវេទនាជាទីបំផុត។
ហេតុការណ៍ទារិកាអភ័ព្វទើបនឹងកើតត្រូវម្តាយអប្រិយយកមកបោះចោលកណ្តាលផ្លូវ រហូតដល់ត្រូវរថយន្តកិនបែកក្បាលខ្ទេចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ ចំណុចមុខរោងចក្រកិនស្រូវមួយកន្លែង ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។
ទារិកាអភ័ព្វខាងលើនេះ មិនត្រូវបានគេស្គាល់ ឬដឹងថា ឪពុកម្តាយគឺជាអ្នកណានោះទេ និងមិនដឹងថាឪពុកម្តាយនោះមានបេះដូងសាងពីអ្វីឡើយ បែរជាដាច់ចិត្តយ្តកកូនស្រីដែលទើបនឹងកើត មិនទាន់បានកាត់ទងផ្ចិតចេញផង យកមកបោះចោលនៅកណ្តាលផ្លូវប្រៀបបាននឹងខ្មោច សត្វធាតុ និងត្រូវរថយន្តកិនស្លាប់យ៉ាងវេទនា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មិនមានអ្នកណាម្នាក់បានប្រទះឃើញ និងដឹងថា តើទារិកាខាងលើត្រូវគេយកមកបោះចោលនៅកណ្តាលផ្លូវតាំងពីថ្មើរណានោះឡើយ រហូតមកដល់វេលាម៉ោង៧ព្រឹក ក៏មានរថយន្តដឹកថ្មមួយគ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានបើកឆ្លងកាត់កន្លែងកើតហេតុ លុះគ្រាន់តែបើកចេញផុតបន្តិច ក៏មានអ្នកប្រទះឃើញថា រថយន្តដឹកថ្មខាងលើដូចជាកិនអ្វីម៉្យាងនៅកណ្តាលផ្លូវ លុះនាំគ្នារត់ទៅមើល ក៏ស្រាប់តែប្រទះឃើញសាកសពទារិកាទើបនឹងកើតម្នាក់ មិនទាន់កាត់ទងផ្ចិតផង ត្រូវរថយន្តកិនចំក្បាលបែកខ្ទេច បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុ ប៉ុន្តែមិនអាចរកឃើញមុខឪពុកម្តាយទារិកានេះឡើយ ដោយបានត្រឹមលើកសពទារិកាច្រកក្នុងថង់ រួចដឹកយកទៅកប់នៅកន្លែងសមគួរមួយប៉ុណ្ណោះ។
ជុំវិញរឿងរ៉ាវខាងលើនេះ ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ បានសម្តែងនូវអារម្មណ៍រន្ធត់ចិត្ត អាណិតទារិកាអភ័ព្វនោះយ៉ាងខ្លាំង ដែលមិនគួរណាមានវាសនាអភ័ព្វ មកទុំផ្ទៃជាមួយម្តាយចិត្តអប្រិយបែបនេះសោះ។ ជាមួយនេះ មហាជនបានធ្វើការរិះគន់ចំពោះស្ត្រីជាម្តាយរបស់ទារិកាខាងលើ ថាគឺជាមនុស្សដែលគ្មានបេះដូង គ្មានព្រហ្មវិហារធម៌ក្នុងខ្លួនបន្តិចណាសោះ ព្រោះមិនគួរណាដាច់ចិត្តយកកូនទើបនឹងកើតមកបោះចោលដូចខ្មោចសត្វនៅកណ្តាលផ្លូវបែបនេះទេ បើទុកជាទារិការនោះកើតមកស្លាប់ក៏ដោយចុះ ក៏គួររកកន្លែងសមរម្យបញ្ចុះឱ្យត្រឹមត្រូវដែរ មិនគួរមានចិត្តឃោរឃៅដល់ម្លឹងសោះ។ មួយវិញទៀត ប្រសិនបើដឹងថា ខ្លួនឯងមិនស្រលាញ់កូន ឬមិនចង់បានកូន ឬចិញ្ចឹមកូននេះ មិនរួច ក៏មិនគួរធ្វើបែបនេះដែរ គួរប្រកាសរកអ្នកជួយចិញ្ចឹមវិញប្រសើរជាង មិនគួរណាយកជីវិតមនុស្សម្នាក់ មកបោះចោលកណ្តាលផ្លូវឱ្យរថយន្តកិនបែបនេះទេ៕