ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់មានចិត្តប្រចណ្ឌប្តីហួសហេតុ ឱ្យតែឃើញប្តីនិយាយស្តីរកមនុស្សស្រីណាម្នាក់ គឺមិនបានដាច់ខាត ចេះតែរករឿងឈ្លោះប្រកែក ចោទថាប្តីទាក់ទងជាមួយស្រីនេះស្រីនោះ ហើយទោះជាប្តីព្យាយាមពន្យល់ប្រាប់យ៉ាងណា ក៏មិនខ្ចីស្តាប់ ទីបំផុត ក្រោយពីកើតជម្លោះព្រោះរឿងប្រចណ្ឌជាមួយប្តីរួច ស្រាប់តែស្ត្រីជាប្រពន្ធរូបនេះក៏ចូលទៅសម្ងំផឹកថ្នាំពុលសម្លាប់ខ្លួន។
ករណីស្ត្រីប្រចណ្ឌប្តីខ្លាំង រហូតដល់ដាច់ចិត្តផឹកថ្នាំបំពុលសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
ស្ត្រីចិត្តខ្លាំងគំនិតខ្លីដែលផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែប្រចណ្ឌនឹងប្តីរូបនេះ មានឈ្មោះរ៉េត ចន្នី អាយុ២៧ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីខាងលើគឺជាមនុស្សមានចិត្តប្រចណ្ឌប្តីខ្លាំងណាស់ ឱ្យតែឃើញប្តីនិយាយស្តីរកមនុស្សស្រីណាម្នាក់មិនបានដាច់ខាត តែងរករឿងឈ្លោះប្រកែកមិនឈប់។ ជារៀងរាល់ថ្ងៃ គេឃើញស្ត្រីខាងលើតែងតែឈ្លោះទាស់ទែងជេរបញ្ចោរប្តីរបស់ខ្លួន ពេលឃើញប្តីនិយាយជាមួយស្ត្រីណាម្នាក់នៅក្នុងភូមិ រហូតដល់កន្លងមក ព្រោះតែភ្លើងប្រចណ្ឌខុសរឿងនេះហើយ ទើបបុរសជាប្តីធ្លាប់បានវាយដំស្ត្រីជាប្រពន្ធជាច្រើនលើកច្រើនសារដែរ តែនៅមិនអាចកាច់បំបាក់ចិត្តប្រចណ្ឌរបស់នាងបានឡើយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញបុរសជាប្តីបាននិយាយជាមួយនឹងស្ត្រីជាអ្នកភូមិម្នាក់ លុះក្រោយពេលស្ត្រីរូបនោះ ចេញផុត ស្រាប់តែស្ត្រីជាប្រពន្ធបានចាប់ផ្តើមរករឿងប្រចណ្ឌប្តី ថាកំពុងទាក់ទងស្រីថ្មី ទើបធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នាមួយប៉្រាវ។ បន្ទាប់មក ស្ត្រីជាប្រពន្ធបានចូលទៅសម្ងំក្នុងបន្ទប់បាត់ទៅ រហូតដល់មួយសន្ទុះក្រោយមក គេបានឮសំឡេងស្ត្រីរងគ្រោះក្អួតចង្អោ ទើបនឹកឆ្ងល់ ចូលទៅមើល ក៏ប្រទះឃើញស្ត្រីរងគ្រោះកំពុងក្អួតបែកពពុះមាត់ ដោយមានដបថ្នាំពុល ប្រភេទថ្នាំបាញ់ស្មៅទឹកពណ៌ខៀវ នៅក្បែរខ្លួនទៀតផង ទើបកើតមានការផ្អើលឆោឡោថា ស្ត្រីរងគ្រោះផឹកថ្នាំពុលសម្លាប់ខ្លួន។
ក្រោយកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព តែដោយស្ថានភាពធ្ងន់ធ្ងរពេក ទើបបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ដែរ តែពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងរទៅហើយ ព្រោះបានផឹកថ្នាំបាញ់ស្មៅ ប្រភេទទឹកពណ៌ខៀវ ដែលជាថ្នាំពុលកម្រិតខ្លាំង គ្មានថ្នាំបន្សាបបាននោះទេ ហេតុនេះគ្រូពេទ្យបានឱ្យក្រុមគ្រួសារដឹកស្ត្រីរងគ្រោះត្រឡប់ទៅផ្ទះវិញចុះ ព្រោះតែស្ថានភាពធ្ងន់ធ្ងររហូតមិនអាចសង្គ្រោះបានឡើយ៕