Friday, October 10, 2025
Homeព័ត៌មានជាតិផ្ទុះកក្រើកដី!!! បុរសម្នាក់កាត់ស្មៅ ជាន់ចំគ្រាប់ M79 ផ្ទុះ រងរបួសសុសខ្លួន

ផ្ទុះកក្រើកដី!!! បុរសម្នាក់កាត់ស្មៅ ជាន់ចំគ្រាប់ M79 ផ្ទុះ រងរបួសសុសខ្លួន

ខេត្តក្រចេះ ៖ បុរសម្នាក់បានយកម៉ាស៊ីនកាត់ស្មៅ ដើរទៅកាត់ស្មៅនៅក្នុងចម្ការ ស្រាប់តែអកុសល ប៉ះចំគ្រាប់យុទ្ឋភ័ណមិនទាន់ផ្ទុះ១គ្រាប់ ដែលត្រូវមន្ត្រីជំនាញសន្និដ្ឋានថា ជាគ្រាប់ប្រភេទ M79 សេសសល់យូរឆ្នាំមកហើយ ទើបធ្វើឱ្យផ្ទុះលាន់ឡើងកក្រើកដីក្នុងព្រៃចម្ការ ១កន្លែង និងបានបង្កឱ្យបុរសរងគ្រោះរងរបួសដោយសារអំបែងគ្រាប់សុសពេញខ្លួន។

ហេតុការណ៍ផ្ទុះគ្រាប់ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចព្រៃចម្ការ១កន្លែង ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល។

បុរសរងគ្រោះដែលដើរកាត់ស្មៅចម្ការប៉ះគ្រាប់ផ្ទុះរបួសធ្ងន់នេះ មានឈ្មោះផល្លា ធឿន អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានស្ពាយម៉ាស៊ីនកាត់ស្មៅ ចូលទៅកាត់ស្មៅក្នុងចម្ការខាងលើ លុះពេលកំពុងដើរកាត់ស្មៅសុខៗ ស្រាប់តែទៅប៉ះជាមួយនឹងគ្រាប់មិនទាន់ផ្ទុះប្រភេទ M79 ដែលកប់ក្នុងដី ទើបបណ្តាលឱ្យផ្ទុះឡើងកក្រើកតែម្តង និងធ្វើឱ្យជនរងគ្រោះទទួលរងរបួសធ្ងន់ធ្ងរចំក្បាល និងជើងសុះសាច់ ដោយសារអំបែកគ្រាប់ខ្ទាតត្រូវ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច រួមនឹងក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ករណីផ្ទុះគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ត្រូវគេមើលឃើញថា បានកើតមានជាញឹកញាប់នាពេលថ្មីៗនេះ និងបង្កឱ្យពលរដ្ឋនៅស្រុកស្នួល ជាច្រើននាក់ខ្លះស្លាប់ ខ្លះរងរបួស ខ្លះពិការ ដោយសារតែរងការផ្ទុះ ខណៈដែលស្រុកនៅតំបន់ប៉ែកឥសាន្តមួយនេះ ធ្លាប់ប្រឈមនឹងសង្គ្រាមធ្ងន់ធ្ងរកាលសម័យរបបខ្មែរក្រហម។ រហូតមកទល់សព្វថ្ងៃ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះទាំងនោះ នៅតែបន្តគំរាមកំហែងអាយុជីវិតពលរដ្ឋនៅស្រុកស្នួល ជាហូរហែ បើទោះជាមានការរុករកពីក្រុមមន្ត្រីជំនាញយ៉ាងណាក្តី ក៏នៅតែមិនទាន់អស់នៅឡើយ៕

RELATED ARTICLES