Friday, October 10, 2025
Homeព័ត៌មានជាតិទឹកចិត្តភរិយា!!! ប្តីវ៉ៃហើមមុខជាំភ្នែក ប្រពន្ធអង្វរសមត្ថកិច្ចសុំត្រឹមអប់រំបានហើយ ព្រោះមិនចង់មានរឿងវែងឆ្ងាយ

ទឹកចិត្តភរិយា!!! ប្តីវ៉ៃហើមមុខជាំភ្នែក ប្រពន្ធអង្វរសមត្ថកិច្ចសុំត្រឹមអប់រំបានហើយ ព្រោះមិនចង់មានរឿងវែងឆ្ងាយ

ភ្នំពេញ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅ ដែលផឹកស្រាស្រវឹង បង្ករឿងឈ្លោះប្រកែក ប្រើកណ្តាប់ដៃវ៉ៃប្រពន្ធ បណ្តាលហើមមុខជាំភ្នែក រងរបួសធ្ងន់ នៅចំណុចភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ និងត្រូវបានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងកាោះររងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យកម្លាំងព្រហ្មទណ្ឌ តាមចាប់ខ្លួននោះ បានចូលខ្លួនមកសារភាពនៅចំពោះមុខសមត្ថកិច្ចមូលដ្ឋានហើយ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ខណ្ឌមានជ័យ។

បុរសជាប្តីកំណាចដែលវាយដំប្រពន្ធរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសរ ចន្ធីរិទ្ធ អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនលក់ប្រេងម៉ាស៊ីន លីឃ្វីម៉ូលី ស្រុកកំណើតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ ឆេង សុខរ៉ា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ទាំងពីរនាក់ប្តីប្រពន្ធខាងលើ ស្នាក់នៅផ្ទះលេខ៦៣ដេ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

គួរបញ្ជាក់ថា ក្រោយពេលដែលលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យកម្លាំងព្រហ្មទណ្ឌតាមចាប់ខ្លួនជនសង្ស័យដែលប្រើអំពើហិង្សាវាយធ្វើបាបប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ (ត្រង់ភ្នែក) រួចមក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានចូលខ្លួនមកសារភាពនៅចំពោះមុខសមត្ថកិច្ចមូលដ្ឋាន។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសរ ចន្ធីរិទ្ធ បានរៀបរាប់ថា “នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៨ ខ្ញុំទើបមកពីផឹកស៊ីជាមួយមិត្តភក្តិ រួចក៏ចាក់សោចូលបណ្តើរម៉ូតូចូលផ្ទះ ស្រាប់តែប្រពន្ធបានចុះពីលើបន្ទប់ឡៅតឿមកឈរសម្លក់ ពេលនោះខ្ញុំដឹងថា ប្រពន្ធខឹង ទើបមិនទាន់មាត់ គិតថា ចាំងូតទឹករួច ចាំចូលសម្រាក ស្រាប់តែប្រពន្ធមកទះខ្ញុំ១ដៃ ខ្ញុំជាប្តីនៅតែមិនមាត់ ចាំចូលបន្ទប់សិន ព្រោះខ្លាចភ្ញាក់ឪពុកម្តាយដែលកំពុងសម្រាន្តនៅខាងលើ លុះពេលមកដល់បន្ទប់ដេក ខ្ញុំបានសួរទៅប្រពន្ធថា ថី បានទះកំផ្លៀងអញ? ក្រោយពេលប្តីប្រពន្ធរបស់ខ្ញុំបានឈ្លោះប្រកែកគ្នា ក៏កើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយបានឮដល់ម្តាយខ្ញុំ រួចគាត់ក៏បានចុះមកឃាត់ពួកខ្ញុំឱ្យឈប់ឈ្លោះគ្នាក្នុងពេលនោះដែរ ខ្ញុំបានចុះទៅយកកាំបិតប៉័ងតោពីផ្ទះបាយ មកគំរាមគាត់ថា ប្រយ័ត្នអញសម្លាប់ចោល ព្រោះថាកន្លងមក រាល់ពេលឈ្លោះគ្នា ប្រពន្ធខ្ញុំតែងតែប្រើពាក្យលែងលះគ្នារហូត ហើយយកកូនកាំបិតចិតបន្លែដេញចាក់ខ្ញុំ ប៉ុន្តែ ខ្ញុំចេះតែរត់គេចពីគាត់នៅពេលឃើញខ្ញុំយកកាំបិត មកគំរាមប្រពន្ធខ្ញុំនោះ ម្តាយខ្ញុំបានចាប់យកកាំបិតចេញពីដៃខ្ញុំទៅទុកនៅកៀនជញ្ជាំងក្នុងបន្ទប់ រីឯប្រពន្ធខ្ញុំនៅតែជេរប្រមាថខ្ញុំមិនឈប់សោះ ក៏កើតជាការប្រតាយប្រតប់គ្នាម្តងទៀតជាមួយគ្នានោះ ម្តាយខ្ញុំបានចូលទៅឃាត់ ប៉ុន្តែប្រពន្ធខ្ញុំបានធាក់ម្តាយខ្ញុំមួយជើង បណ្តាលឱ្យអុកគូទ ឃើញដូចនោះ ខ្ញុំបានស្ទុះទៅលើកម្តាយខ្ញុំ ព្រមទាំងនិយាយថា ហេតុម្តេចបានអ្ងែងហ៊ានធាក់ម្តាយអញអ៊ីចឹង? រួចខ្ញុំបានទាត់ប្រពន្ធខ្ញុំមួយជើងចំភ្នែកវិញទៅ បន្ទាប់មក ប្រពន្ធខ្ញុំបានចុះពីលើបន្ទប់បើកសោផ្ទុះចេញមកក្រៅបាត់។ រួចខ្ញុំបានចុះមកតាមរកមើលប្រពន្ធខ្ញុំ មិនឃើញ ខ្ញុំក៏ដាក់គន្លឹះទ្វារផ្ទះ រួចចូលសម្រាកមុនទៅ…”។

គួររំលឹកថា កាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារដ៏ព្រៃផ្សៃមួយបានកើតឡើង ដោយស្ត្រីរងគ្រោះម្នាក់ ត្រូវបានប្តីចិត្តកំណាច រួមនិងក្រុមគ្រួសារខាងប្តីវាយធ្វើបាបយ៉ាងធ្ងន់ រហូតដល់ប្រឈមនឹងពិការភ្នែកម្ខាង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនដៃដល់ជាប្តី ក្រៅពីម៉ោងធ្វើការតែងដីរលេងផឹកស៊ី និងមានស្រីញីស្ទើររាល់យប់ ប៉ុន្តែស្ត្រីរងគ្រោះជាប្រពន្ធមិនដែលសាកសួរ ឬរករឿងម្តងណាឡើយ។ រហូតមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ជនដៃដល់ជាប្តី ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងអួទីនួ លុះមកដល់ផ្ទះ ក៏ចេះតែរអ៊ូរទាំខ្លាំងៗតែម្នាក់ឯង ទើបស្ត្រីរងគ្រោះបានសួរទៅប្តីថា “តើបងមានរឿអី ជាមួយអ្នកណា?” គ្រាន់តែឮប្រពន្ធសួរប៉ុណ្ណឹង ស្រាប់តែជនដៃដល់បានជេរប្រពន្ធថា “មីចុយម៉្រាយ កុំចេះដឹងរឿងអញ ប្រយ័ត្នអញយកកាំបិតអារកចោល!” ពេលនោះ ប្រពន្ធក៏បានតបវិញថា “គ្រាន់ខ្ញុំសួរប៉ុណ្ណឹង ហេតុអីចាំបាច់ជេរដល់ម្តាយខ្ញុំ ម្តាយខ្ញុំមិននៅជាមួយអ្នកឯងឯណា ក្រែងសព្វថ្ងៃហ្នឹង ខ្ញុំរស់នៅជាមួយម្តាយអ្នកឯងតើ?” ភ្លាមនោះ ជនដៃដល់បានស្រែកថា “មីអ្ងែង ហ៊ានជេរម្តាយអញផង?” រួចក៏ស្ទុះទៅវាយប្រពន្ធ៣-៤ដៃ និងចាប់បោចសក់ខ្ទប់ជញ្ជាំង ទាត់ និងលោតធាក់នាង រហូតបែកឈាមពេញភ្នែក ធ្វើឱ្យស្ត្រីរងគ្រោះស្រែកឆោឡោផ្អើលអ្នកជិតខាង ទើបប្តីកំណាចព្រមបញ្ឈប់សកម្មភាព។

ប្រភពដដែលបន្តថា នៅអំឡុងពេលដែលបុរសជាប្តីវាយប្រពន្ធនោះ គេឃើញក្រុមគ្រួសារខាងប្តីបានឃើញ និងនាំគ្នាឈរមើលគ្រប់គ្នា ប៉ុន្តែគ្មានអ្នកណាម្នាក់ចេញមុខជួយឃាត់នោះទេ។ ផ្ទុយទៅវិញ ម្តាយក្មេករបស់ស្ត្រីរងគ្រោះ ថែមទាំងកាន់ជើងកូនប្រុសបង្កើតរបស់ខ្លួន និងបានវាយកូនប្រសាថែមទៀតផង។

ក្រោយកើតហេតុ បានប្រមាណ១ម៉ោង ស្ត្រីរងគ្រោះបានពឹងឱ្យអ្នកជិតខាង ជួយជូនទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន ប៉ុន្តែសមត្ថកិច្ចបានត្រឹមតែទទួលពាក្យបណ្តឹង និងថតរូបស្លាកស្នាមរបួសរបស់ស្ត្រីរងគ្រោះប៉ុណ្ណោះ រួចទុកចោល ដោយគ្មានដំណោះស្រាយ និងគ្មានការអន្តរាគមន៍អ្វីទាំងអស់។

ប្រភពខាងលើបញ្ជាក់ថា រំលងបាន១ថ្ងៃ  ស្ត្រីរងគ្រោះជាប្រពន្ធបានធ្វើដំណើរទៅរកម្តាយបង្កើតរបស់ខ្លួននៅខេត្តកំពង់ចាម ហើយក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការតែម្តង ព្រោះតែមិនអាចពឹងផ្អែកលើសមត្ថកិច្ចមូលដ្ឋានបាន។

ទោះជាយ៉ាងណា ក្រោយពេលបុរសជាប្តីចូលខ្លួនមកឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ច ស្រាប់តែស្ត្រីរងគ្រោះជាប្រពន្ធបែរជាមិនចង់ឱ្យប្តីរបស់ខ្លួនជាប់គុកនោះទេ ព្រោះគាត់ទុកឱ្យប្តីនៅចិញ្ចឹមកូនស្រីតូចអាយុ២ឆ្នាំ៣ខែ គ្រាន់តែសូមឱ្យសមត្ថកិច្ចជួយហៅប្តីរបស់ខ្លួនមកអប់រំ និងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ព្រោះនាងក៏មិនចង់មានកម្មពារវែងឆ្ងាយបន្ត ហើយនាងនិងប្តី នឹងធ្វើការលែងលះគ្នាឱ្យដាច់ស្រេចតាមប្រព័ន្ធតុលាការបន្តទៀត។ ចំណែកបុរសជាប្តីក៏ធ្វើកិច្ចសន្យាឈប់ទៅរករឿងពាក់ព័ន្ធនឹងប្រពន្ធ ចាប់ពីពេលនេះតទៅ។

ប៉ុន្តែដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពេលនេះ លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃាត់ខ្លួនបុរសជាប្តីដែលបានប្រើហិង្សាទៅលើប្រពន្ធខាងលើនេះហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ទោះបីប្រពន្ធជនសង្ស័យ ជាប្តី មិនចង់ឱ្យប្តីជាប់ទោសក៏ដោយ៕

RELATED ARTICLES