ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានរត់មកប្តឹងសមត្ថកិច្ចថា នាងត្រូវបានជនសង្ស័យមួយក្រុមចាប់ជំរិតទារប្រាក់ចំនួន១ម៉ឺនដុល្លារ បន្ទាប់ពីនាងបានខ្ចីប្រាក់ពីក្រុមជនសង្ស័យលេងល្បែងក្នុងកាស៊ីណូចាញ់អស់គ្មានសល់ ស្រាប់តែត្រូវក្រុមជនសង្ស័យចាប់ដាក់រថយន្តដឹកចេញពីខេត្តស្វាយរៀង មកខេត្តកំពង់ចាម ដើម្បីជំរិតទារលុយពីក្រុមគ្រួសាររបស់នាង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចសណ្ឋាគារភ្នំប្រុស ស្ថិតក្នុងក្រុងកំពង់ចាម។
ស្ត្រីរងគ្រោះដែលត្រូវក្រុមជនសង្ស័យចាប់ជំរិតទារប្រាក់១ម៉ឺនដុល្លារ មានឈ្មោះហុង ធិវី អាយុ២៩ឆ្នាំ ជាជនជាតិវៀតណាម ទីកន្លែងកំណើតនៅឃុំចាន់ងារ ស្រុកធូយ៉ាវម៉ូត ខេត្តបិនយឿង ប្រទេសវៀតណាម។
តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នាងបានជិះម៉ូតូឌុបចេញពីប្រទេសវៀតណាម ធ្វើដំណើរតាមផ្លូវម៉ុកបាយ ដើម្បីឆ្ពោះមកប្រទេសកម្ពុជា (ខេត្តស្វាយរៀង) ក្នុងគោលបំណងមកលេងល្បែងនៅ CASINO ៩៩៩ (កន្លងមក យូរៗម្តងមកលេងនៅកាស៊ីណូនេះ)។ លុះក្រោយពីលេងល្បែងចាញ់អស់ហើយ នៅវេលាម៉ោងប្រហែល៦ព្រលប់ថ្ងៃដដែល នាងក៏បានចេញមកខាងក្រៅកាស៊ីណូ បំណងវិលត្រឡប់ទៅផ្ទះវិញ តែពុំមានមធ្យោបាយធ្វើដំណើរ ក៏ឈររេរានៅបរិវេណកាស៊ីណូ ខណៈនោះក៏បានជួបមនុស្សស្រីម្នាក់ជនជាតិវៀតណាមដូចគ្នា បាននាំនាងចូលទៅក្នុងវង់ល្បែងវិញ ហើយក៏មានមនុស្ស២នាក់ប្តីប្រពន្ធ បានផ្តល់កាក់ឱ្យនាង សរុបប្រហែល១០លានដុង ដើម្បីលេងល្បែងស្រង់ដើម ស្រាប់តែចាញ់អស់ទៀតគ្មានសល់។
ស្ត្រីរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ទើបក្រុមជនសង្ស័យមានគ្នា៥នាក់ (ប្រុស៣ ស្រី២) បាននាំនាងជិះរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-5070 ធ្វើដំណើរចេញពីខេត្តស្វាយរៀង ឆ្ពោះទៅស្នាក់នៅក្នុងបន្ទប់នៃសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ ក្នុងការស្នាក់នៅ គឺមានតែ១បន្ទប់ ហើយដេករួមគ្នាទាំង៦នាក់ ហើយពេលចេញទៅហូបអ្វី ឬទៅណាមកណា តែងមានអ្នកដើរតាម និងមានអ្នកដេកយាមនាងជានិច្ច មិនតែប៉ុណ្ណោះ ក្រុមជនសង្ស័យបានតម្រូវឱ្យនាងទូរស័ព្ទទៅឪពុកម្តាយរបស់នាងនៅឯប្រទេសវៀតណាម រកលុយផ្ញើមកឱ្យនាងចំនួន១ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងនាងទៅវិញ បើពុំដូច្នោះទេ ពួកគេនឹងផ្លាស់ប្តូរនាងចេញទៅកន្លែងផ្សេងទៀត។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ក្រុមជនសង្ស័យបាននាំនាងចុះពីបន្ទប់សណ្ឋាគារ ទៅរកអីហូបនៅខាងក្រោម។ ភ្លាមនោះ នាងបានរកលេសសុំទៅបត់ជើង ហើយក៏ស្រែកហៅឱ្យគេជួយ ធ្វើឱ្យក្រុមជនសង្ស័យភ័យឆោឡោ នាំគ្នាឡើងជិះរថយន្តកាមរីឆ្លាម គេចខ្លួនបាត់តែម្តង។
រហូតមកដល់វេលាម៉ោង២និង៣០នាទី ថ្ងៃទី០១ ខែមសា ឆ្នាំ២០១៨ ក្រុមជនសង្ស័យនៅតែបន្តជំរិតទារប្រាក់ពីឪពុកម្តាយស្ត្រីរងគ្រោះ ចំនួន៣ពាន់ដុល្លារដដែល ដោយគំរាមថា បើចង់សុខខ្លួន ព្រោះពេលនេះស្ត្រីរងគ្រោះត្រូវបានប៉ូលិសចាប់ខ្លួនហើយ បើមិនព្រមប្រគល់ប្រាក់ ពួកគេនឹងធ្វើបាបមិនឱ្យឆ្លងដែនរួចខ្លួនទេ៕