ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ធ្លាប់ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ក្បាល ធ្វើឱ្យសុខភាពមិនសូវល្អ មិនតែប៉ុណ្ណោះថែមទាំងត្រូវឪពុកបង្កើត រួមនឹងម្តាយចុងវាយធ្វើបាបជារៀងរាល់ថ្ងៃ រហូតដល់នាងទ្រាំលែងបាន ក៏ដាច់ចិត្តវេចបង្វេចរត់ចោលផ្ទះតាំងពីខេត្តព្រះសីហនុ មកដល់ភ្នំពេញ ស្នើសុំឱ្យមានការជួយសង្គ្រោះនាំនាងទៅកាន់មន្ទីរពេទ្យ និងត្រូវបានអ្នករត់ម៉ូតូឌុបអាណិត ជួយដឹកទៅសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍។
នារីវ័យក្មេងដែលទ្រាំនឹងឪពុកបង្កើត និងម្តាយចុងវាយធ្វើបាបលែងបានវេចបង្វេចរត់ចោលផ្ទះនេះ មានឈ្មោះរ័ត្ន ស៊ុនសុម៉ាលី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ មានលំនៅក្នុងភូមិរាម ឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នាងជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ (ប្រុស១ ស្រី២) មានឪពុកឈ្មោះរ័ត្ន សោម ម្តាយឈ្មោះផូ ធីផាវ តែបានលែងលះគ្នាអស់រយៈពេលជិត១ឆ្នាំមកហើយ ហើយម្តាយនាងបានចាកចេញទៅបាត់ មិនដឹងថាទៅដល់ទីណាទេ ទុកឱ្យពួកនាងទាំង៣នាក់បងប្អូន រស់នៅជាមួយឪពុក ក្រោយមកឪពុករបស់នាងបានមានប្រពន្ធក្រោយម្នាក់ទៀត រស់នៅផ្ទះភូមិឃុំខាងលើ។
នារីរងគ្រោះ បានបន្តថា កន្លងមក នាងធ្លាប់ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុក) ធ្វើឱ្យប៉ះពាល់ក្បាល ទើបនាងជួបនូវបញ្ហាសុខភាពមិនប្រក្រតី ហើយរស់នៅរួមជាមួយឪពុកនិងម្តាយចុងរាល់ថ្ងៃ ពួកគាត់ពុំសូវខ្វាយខ្វល់ជាមួយកូនចៅទេ គិតតែសប្បាយផឹកស៊ី ទុកឱ្យកូនៗរស់នៅទាំងត្រដាបត្រដួស ណាមួយឱ្យតែមកដល់ផ្ទះវិញ ពួកគាត់តែវាយធ្វើបាបនាងមិនលោះថ្ងៃ រហូតដល់នាងទ្រាំលែងបាន ក៏សម្រេចចិត្តឡើងជិះរថយន្តឈ្នួល ចេញពីផ្ទះឯខេត្តព្រះសីហនុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ មកដល់ចំណតរង្វង់មូលចោមចៅ មានលុយតែ៥ពាន់រៀល ទើបអ្នកបើករថយន្តឈ្នួលអាណិតមិនយកលុយ ហើយក៏ត្រូវពូម៉ូតូឌុបម្នាក់មកសួរនាំ លុះនាងរៀបរាប់រឿងរ៉ាវប្រាប់ និងស្នើសុំឱ្យជួយជូននាងទៅពេទ្យ ព្រោះជំងឺនាងចេះតែធ្វើទុក្ខខ្លាំងពេក ទើបពូម៉ូតូឌុបអាណិតជួយដឹកនាងទៅដាក់នៅសាលាសង្កាត់ចោមចៅ៣ ដើម្បីឱ្យមន្ត្រីសាលាសង្កាត់ជួយអន្តរាគមន៍តែម្តង។
ក្រោយដឹកបញ្ជូនមកដល់សាលាសង្កាត់ នារីវ័យក្មេងខាងលើបានរៀបរាប់ទាំងស្ថានភាពស្មារតីមិនសូវប្រក្រតី និងបានស្នើសុំឱ្យជួយនាំនាងទៅមន្ទីរពេទ្យផង ទើបមន្ត្រីសាលាសង្កាត់ មិនហ៊ានបណ្តែតបណ្តោយឱ្យដើរហើរសេរី ខ្លាចជួបបញ្ហា ក៏ប្រញាប់ទាក់ទងទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ មកទទួលយកទៅស្នាក់នៅជាបណ្តោះអាសន្ន៕