ខេត្តកំពង់ចាម ៖ ក្មេងប្រុសម្នាក់បានលង់ទឹកទន្លេ បាត់ខ្លួនអស់ជាច្រើនថ្ងៃ លុះស្ត្រីជាម្តាយតាមស្វែងរកអស់រយៈពេល៥ថ្ងៃ ទីបំផុត ក៏ប្រទះឃើញសពកូនប្រុសរសាត់តាមខ្សែទឹក មកទើរនៅមាត់ច្រាំងទន្លេ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចច្រាំងទន្លេ ស្ថិតក្នុងភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
សពក្មេងប្រុសដែលត្រូវបានគេប្រទះឃើញអណ្តែតក្បែរច្រាំងទន្លេនេះ មានឈ្មោះហឿន ពិសិដ្ឋ អាយុ៣ឆ្នាំ មានលំនៅក្នុងភូមិគៀនជ្រៃក្រៅ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម។ ក្មេងប្រុសរងគ្រោះបានលង់ទឹកបាត់ខ្លួនតាំងពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា បានប្រទះឃើញសាកសពក្មេងប្រុសម្នាក់អណ្តែតទឹកទន្លេ មកទើរនៅក្បែរមាត់ច្រាំង។ ភ្លាមនោះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះទៅដល់កន្លែងកើតហេតុ ដោយបានសហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងមេភូមិ បានបង្កើតគណៈកម្មការធ្វើការពិនិត្យសាកសពឃើញថា សពបានស្លាប់៣ទៅ៤ថ្ងៃមកហើយ។
សមត្ថកិច្ចបានបន្តថា បន្ទាប់មក សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ដឹងថា មានក្រុមគ្រួសារមួយបានបាត់កូនប្រុសតូចតាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ទើបទាក់ទងឱ្យមកពិនិត្យ និងសម្គាល់ភិនភាគសពក្មេងប្រុស លុះក្រុមគ្រួសារមកដល់ ពិនិត្យសពរួច ក៏អះអាងថា ពិតជាកូនប្រុសរបស់ខ្លួនដែលលង់ទឹកបាត់ខ្លួនមែន។
តាមសម្តីបុរសឈ្មោះសេង ហឿន អាយុ៣២ឆ្នាំ មានលំនៅភូមិគៀនជ្រៃក្រៅ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម បានអះអាងថា សាកសពក្មេងប្រុសនេះ ពិតជាកូនរបស់គាត់ ឈ្មោះហឿន ពិសិដ្ឋ មែន ហើយកូនប្រុសនេះបានលង់ទឹកទន្លេ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ និងបាត់ខ្លួនរហូត រាវរកមិនឃើញសោះ ទីបំផុត៥ថ្ងៃក្រោយមក ក៏អណ្តែតមកទើរនៅច្រាំងទន្លេ ទីតាំងកើតហេតុតែម្តង។
សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕