Saturday, October 11, 2025
Homeព័ត៌មានជាតិអារដើមឈើរលំបាក់ គេចចេញមិនទាន់ សង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម

អារដើមឈើរលំបាក់ គេចចេញមិនទាន់ សង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់យករណាទៅអារដើមឈើ១ដើមនៅក្នុងចំការ លុះពេលដើមឈើបាក់ដួលរលំ រត់គេចមិនទាន់ ក៏សង្កត់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចចំណោតផ្តាច់ព្រលឹង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។

បុរសរងគ្រោះដែលត្រូវដើមឈើរលំសង្កត់ស្លាប់ មានឈ្មោះយោ វិឆៃ អាយុ៣១ឆ្នាំ មុខរបរធ្វើចម្ការ ស្នាក់នៅចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិចំការចេក ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានយករណាទៅអារដើមឈើ១ដើម នៅក្នុងចម្ការរបស់ខ្លួន ក្នុងគោលបំណងមិនឱ្យដុះគ្របលើដំណាំរបស់គាត់ដែលកំពុងអាស្រ័យផល។ លុះពេលដើមឈើនោះរលំ បុរសរងគ្រោះរត់គេចមិនទាន់ ក៏សង្កត់ពីលើបណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

តាមការឱ្យដឹងពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ករណីខាងលើនេះគឺដោយសារតែពេលដើមឈើរៀបរលំនោះ បុរសរងគ្រោះមិនព្រមរត់គេចចេញពីកន្លែងដែលខ្លួនអារទេ ទើបបណ្តាលឱ្យដើមឈើរលំបាក់សង្កត់លើស្លាប់តែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES