Saturday, January 18, 2025
Homeសង្គម និងជីវិតស្នេហាគោចាស់ប៉ះស្មៅខ្ចី ក្មួយស្រីអះអាងថា ស្រលាញ់ចិត្តនិងចិត្ត ឥតសម្លឹងលុយទេ

ស្នេហាគោចាស់ប៉ះស្មៅខ្ចី ក្មួយស្រីអះអាងថា ស្រលាញ់ចិត្តនិងចិត្ត ឥតសម្លឹងលុយទេ

ខេត្តកំពង់ឆ្នាំង ៖ ក្រោយការចែករំលែកព័ត៌មានតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងចំណងស្នេហាខុសវ័យមួយគូ (ប្តីចាស់ ប្រពន្ធក្មេង) ក៏មានការវាយប្រហាររិះគន់ថា ចំណងស្នេហ៍មួយនេះគឺផ្តើមចេញពីអំណាចទឹកប្រាក់ដែលខាងប្រុសទិញទឹកចិត្តខាងស្រី ប៉ុន្តែត្រូវបានក្មួយស្រីបង្កើតរបស់ភាគីកូនកំលោះ ចេញមុខអះអាងថា តាមពិតមង្គលការខាងលើនេះ គឺផ្តើមចេញពីការស្រលាញ់ដោយចិត្តនិងចិត្ត មិនមែនសម្លឹងទៅលើទឹកលុយនោះឡើយ។

យោងតាមគណនីហ្វេសប៊ុក KeoZamita So ដែលអះអាងថា ត្រូវជាក្មួយស្រីបង្កើតរបស់សាមីខ្លួនកូនកំលោះបានបង្ហោះសារមួយថា “ជុំវិញការចោទប្រកាន់ខាងស្រីស្រលាញ់លុយសុខចិត្តរៀបការជាមួយបុរសចំណាស់ម្នាក់នេះ ក្នុងនាមខ្ញុំជាក្មួយបង្កើតរបស់គាត់ ខ្ញុំសូមនិយាយថា ពួកគាត់ស្រលាញ់គ្នាដោយចិត្តនិងចិត្ត ព្រោះពូរបស់ខ្ញុំមិនមែនជាអ្នកមានស្តុកស្តម្ភមកណាទេ គាត់ត្រឹមជាអ្នកបើកឡានឱ្យអង្កការប៉ុណ្ណោះ បើគាត់អ្នកមានមែនគាត់ភ្ជាប់ពាក្យនៅវីឡាធំៗហើយ មិនមែនធ្វើពិធីនៅផ្ទះតូចអ៊ីចឹងទេ បើមិនជឿទៅមើលដល់ផ្ទះទៅ នឹងដឹងហើយ សុំមេត្តាកុំ មើលងាយការស្រលាញ់របស់គាត់ទាំងពីរទៀតអី ឈប់បានឈប់ទៅ ជាចុងក្រោយក្មួយជូនពរពូស្រលាញ់គ្នារហូត…”។

ដោយឡែក គណនីហ្វេសប៊ុក Sovan Nary Soបានបង្ហោះសារមួយផងដែរថា “អ្នកណាមិនយល់ ក៏តាមតែគេទៅ កុំខ្វល់អីពូមីង សំខាន់ពូនិងមីងស្រឡាញ់គ្នាចិត្តនិងចិត្ត ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក សម័យនេះសម្បូរណាស់ពពួកតែក្រូចឆ្មារ លាបពណ៌ បំប៉ោងព័ត៌មាន ដើម្បីការសប្បាយ រិះគន់ពេបជ្រាយសព្វបែបយ៉ាង យើងមិនអាចហាមឃាត់គេបានតែយើងអាច បង្ហាញក្តីស្រឡាញ់ និងភាពស្មោះត្រង់ឱ្យគេ ឃើញនៅពេលក្រោយបាន អ្វីគ្រប់យ៉ាងទុកឱ្យពេលវេលាជាអ្នកបកស្រាយ ញញឹមស្រស់ម្លឹងអ្នកណាមិនច្រណែន ទុកឱ្យគេច្រណែនបន្តទៀត ចុះ…”។

គួរបញ្ជាក់ថា គូស្វាមីភរិយាថ្មោងថ្មីខាងលើនេះ ត្រូវបានគេដឹងថាភាគីកូនកំលោះមានឈ្មោះសួស សុខៈ អាយុជាង៥០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឱ្យអង្គការមួយ។ ចំណែកភាគីកូនក្រមុំ មានឈ្មោះចន្ធី អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ឆ្នាំង។ គូស្នេហ៍ខាង លើនេះ បានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សាមីខ្លួនកូនក្រមុំ ដែលមានឈ្មោះ Chanthy Chamming បានបង្ហោះសារមួយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ថា “ក្នុងមួយជីវិតរបស់មនុស្សស្រី មានតែមួយលើកប៉ុណ្ណោះដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី បង្កើតជីវិត សាមញ្ញ តែរក្សានាងដូចជាព្រះនាងក្នុងបេះដូងរបស់គាត់…”៕

RELATED ARTICLES