ខេត្តបន្ទាយមានជ័យ ៖ ក្រោយកើតមានការភ្ញាក់ផ្អើលជុំវិញករណីបុរសជាប្តីវ៉ៃប្រពន្ធស្លាប់ រួចដេកឱបសព កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្បែរផ្ទះសំណាក់ ៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចមក នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្រោយពីសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថាករណីមួយនេះ ស្ត្រីរងគ្រោះជាប្រពន្ធបានស្លាប់ ដោយសារជំងឺប្រចាំកាយនោះទេ ពោលគឺមិនមែនជាករណីឃាតកម្មត្រូវប្តីវាយសម្លាប់ដូចការសន្និដ្ឋានជាជំហានដំបូងនោះឡើយ។
ស្ត្រីរងគ្រោះ មានឈ្មោះឃិន វណ្ណា អាយុ៣៧ឆ្នាំ។ ចំណែកបុរសជាប្តីមានឈ្មោះអ៊ុក ចាន់សី អាយុ៣៨ឆ្នាំ ជាអ្នករកស៊ីចាប់ម៉ូយដាក់រថយន្តឈ្នួលនៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
គួរបញ្ជាក់ថា កាលពីវេលារសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចក្បែរផ្ទះ សំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយលោកវរសេនីយ៌ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានផ្តល់ព័ត៌មានជាជំហានដំបូងថា មានករណីបុរសជាប្តីវ៉ៃសម្លាប់ប្រពន្ធ រួចដេកឱបសព ជាហេតុធ្វើឱ្យសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមហ្វេសប៊ុកយកទៅផ្សព្វផ្សាយព្រោងព្រៀតតៗគ្នា ថាករណីខាងលើជាករណីឃាតកម្មប្តីវាយសម្លាប់ប្រពន្ធ។
ដំបូងឡើយតាមសេចក្តីរាយការណ៌ពីពលរដ្ឋ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើរួមនឹងប្តីបានបាត់មិនឃើញចេញពីផ្ទះទៅទិញម្ហូបអាហារ ដូចសព្វមួយដងសោះ លុះក្រោយមកសមត្ថកិច្ចចុះទៅពិនិត្យមើល និងបើកមុងឡើង ក៏ប្រទះឃើញស្ត្រីរងគ្រោះជាប្រពន្ធដេកស្លាប់បាត់ទៅហើយ ចំណែកបុរសជាប្តីដេកឱបសពប្រពន្ធទាំងស្រវឹងជោកជាំសួរលែងដឹងអី។ ភ្លាមៗ លោកវរសេនីយ៌ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយ ប៉ែត បានបញ្ជាក់ប្រាប់អ្ន់កយកព័ត៌មានជាជំហានដំបូង ទាំងមិនទាន់បានធ្វើកោសល្យវិច្ច័យនៅឡើយថា ករណីនេះ គឺជាករណីឃាតកម្មប្តីវាយសម្លាប់ប្រពន្ធ។
លុះមកដល់ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញបច្ចេកទេសមកពីស្នងការដ្ឋាននគរខេត្ត សហការជាមួយនគរបាល ក្រុងប៉ោយប៉ែត និងគ្រូពេទ្យធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យបែរជារកឃើញថា ជនរងគ្រោះស្លាប់ដោយជម្ងឺប្រចាំកាយ ពោលគឺមិនមែនជា អំពើឃាតកម្ម ដែលប្តីបានវាយសម្លាប់នោះទេ។ ក្រៅពីនេះ ក៏មានអ្នកស្រុកដែលរស់នៅជុំវិញកន្លែងកើតហេតុ បានចេញមុខបកស្រាយប្រាប់សមត្ថកិច្ចថា បុរសជាប្តីរបស់ស្ត្រីរងគ្រោះជាមនុស្សស្អាតស្អំ និងស្រឡាញ់ប្រពន្ធខ្លាំងណាស់រហូតពេលខ្លះបញ្ចុកបាយ និងងូតទឹកឱ្យប្រពន្ធទៀតផង។
ដោយឡែកតាមសម្តីបុរសជាប្តីឈ្មោះអ៊ុក ចាន់សី អាយុ៣៨ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនមិនបានសម្លាប់ប្រពន្ធដូចការចោទប្រកាន់នោះទេ។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ប្រពន្ធឈឺ ក៏ប្រើឱ្យខ្លួនជាប្តីកោសខ្យល់ឱ្យ និងបន្ទាប់មក ខ្លួនបានលើកប្រពន្ធទៅងូតទឹក និងផ្លាស់សម្លៀកបំពាក់ឱ្យ។ ក្រោយមកនាងជាប្រពន្ធប្រាប់ថា ឃ្លានផឹកស្រា ទើបខ្លួនក៏ទិញស្រាថ្នាំ១លីត្រផឹក២នាក់ប្តីប្រពន្ធ លុះម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ប្រពន្ធស្រាប់តែដាច់ខ្យល់ស្លាប់តែម្តង។
បុរសជាប្តីរូបនេះ បញ្ជាក់ថា ក្រោយប្រពន្ធស្លាប់ ខ្លួនមិនហ៊ានប្រាប់គេឯងទេ សុខចិត្តដេកឱបសពប្រពន្ធ ព្រោះមិនចង់ឱ្យប្រពន្ធទៅណាឆ្ងាយពីខ្លួន ស្រាប់តែក្រោយមកក៏មានប៉ូលិសឡើងទៅដល់លើផ្ទះ រួចចាប់រូបគេ ដោយចោទថា បានវាយសម្លាប់ប្រពន្ធទៅវិញ។
គួរបញ្ជាក់ថា ក្រោយពីលទ្ធផលកោសល្យវិច័យបង្ហាញថា មិនមែនជាករណីឃាតកម្ម សមត្ថកិច្ចបាននាំបុរសជាប្តីទៅអុជធូប និងបើកមឈូសមើលមុខប្រពន្ធជាលើកចុងក្រោយ នៅវត្តឃោស្ថារាម ហៅវត្តត្រាច ហើយពេលនោះ គេឃើញបុរសជាប្តីបានបង្ហូរទឹកភ្នែក រួចថើបសពប្រពន្ធក្នុងមឈូសទៀតផង។ ប៉ុន្តែក្រោយមក សមត្ថកិច្ចបាននាំបុរសជាប្តីត្រឡប់ទៅអធិការដ្ឋាននគរបាលក្រុងវិញ ដោយលោក ព្រំ ពិសិដ្ឋ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌក្រុងប៉ោយប៉ែតអះអាងថា រងចាំគោលការណ៌ពីលោកព្រះរាជអាជ្ញាសិន បើឱ្យបញ្ជូនគឺបញ្ជូន បើឱ្យដោះលែងគឺ ដោះលែង៕