ភ្នំពេញ ៖ បុរសជាប្តីម្នាក់ ដែលប្រើអំពើហិង្សាវាយដំប្រពន្ធរបស់ខ្លួនយ៉ាងចាស់ដៃ បណ្តាលឱ្យរងរបួសត្រង់ភ្នែកខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ និងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានលោកអ៊ី ឋាវរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ សម្រេចដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
មន្ត្រីតុលាការបានបញ្ជាក់ប្រាប់ថា លោកងិន ពេជ្រ ជាតំណាងអយ្យការចោទប្រកាន់លើឈ្មោះសរ ចន្ធីរិទ្ធ ពីបទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ យោងតាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ។
លោកម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ សរ ចន្ធីរិទ្ធ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី២ ខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
បើតាមលោក ម៉េង វិមានតារា ជនសង្ស័យឈ្មោះ សរ ចន្ធីរិទ្ធ អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ត្រូវបានចាប់ខ្លួនពីបទហិង្សាដោយចេតនា ប្រព្រឹត្តដោយសហព័ទ្ធ (ទំនាស់ប្តីវាយប្រពន្ធបណ្តាលឱ្យរបួសហើមជាំភ្នែក) កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះលេខ៦៣បេ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។
ចំណែកស្ត្រីគ្រោះជាប្រពន្ធមានឈ្មោះឆេង សុខរ៉ា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ ស្នាក់នៅផ្ទះលេខ៦៣បេ ផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ (រងរបួសហើមជាំភ្នែកខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ)៕