Saturday, October 11, 2025
Homeព័ត៌មានជាតិឃោរឃៅបំផុត!!! គ្រាន់តែបាត់លុយ៣០០០រៀល កូនស្រីសង្ស័យឪពុកបង្កើតយក ទាញកាំបិតផ្គាក់កាប់ពីក្រោយស្លាប់ក្នុងថ្លុកឈាម

ឃោរឃៅបំផុត!!! គ្រាន់តែបាត់លុយ៣០០០រៀល កូនស្រីសង្ស័យឪពុកបង្កើតយក ទាញកាំបិតផ្គាក់កាប់ពីក្រោយស្លាប់ក្នុងថ្លុកឈាម

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានបាត់លុយចំនួន៣០០០រៀល ក៏គិតថាឪពុកបង្កើតរបស់ខ្លួនជាអ្នកយក លុះឃើញឪពុកកំពុងអង្គុយនៅលើគ្រែ ក៏ស្រាប់តែផ្ទុះកំហឹងទាញកាំបិតផ្គាក់កាប់ប្រហារឪពុកចំកញ្ចឹងកពីក្រោយ បណ្តាលឱ្យធ្លាក់ពីលើគ្រែស្លាប់ក្នុងថ្លុកឈាម បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម។

បុរសរងគ្រោះដែលត្រូវកូនស្រីបង្កើតកាប់ស្លាប់ មានឈ្មោះឯម សារឿន អាយុ៦៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីសង្ស័យជាឃាតករដៃឆៅ មានឈ្មោះឃុត ចន្នី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ស្ត្រីសង្ស័យទើបនឹងត្រឡប់មកពីលក់ឆៃថាវ លុះមកដល់ផ្ទះបានរាប់លុយឃើញ៧ម៉ឺនរៀល ហើយក៏រៀបទុកនៅក្នុងកាបូបស្ពាយ។ បន្ទាប់មកស្ត្រីសង្ស័យក៏បានដេកលើអង្រឹងប្រឡែងលេងជាមួយកូនឆ្កែ ដោយស្ពាយកាបូបលុយជាប់នឹងខ្លួន។

ប្រភពដដែលបន្តថា លុះមួយស្របក់ក្រោយមក ស្ត្រីសង្ស័យក៏មានអារម្មណ៍ថា ដូចជាបាត់លុយ ទើបបើកកាបូបយកលុយមករាប់ម្តងទៀត ស្រាប់តែឃើញថា លុយរបស់ខ្លួនបានបាត់ចំនួន៣០០០រៀល ទើបធ្វើឱ្យកើតមានកំហឹងនៅក្នុងខ្លួនយ៉ាងខ្លាំង ព្រមទាំងគិតក្នុងចិត្តថា មានតែឪពុកទេដែលជាអ្នកយក។ ភ្លាមនោះ បុរសរងគ្រោះជាឪពុកទើបនឹងត្រឡប់មកពីកាត់សក់វិញ ក៏ឡើងទៅអង្គុយលើគ្រែ ហើយសម្លឹងមកកូនស្រី ស្រាប់តែរំពេចនោះ ស្ត្រីសង្ស័យជាកូនស្រីឈ្មោះឃុត ចន្នី បានទាញយកកាំបិតផ្គាក់ដែលដាក់ទុកនៅលើគ្រែ ស្ទុះទៅកាប់ប្រហារឪពុកបង្កើតរបស់ខ្លួន ត្រូវចំកញ្ចឹងកពីក្រោយ បណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលើគ្រែ ស្លាប់ក្នុងថ្លុកឈាមគួរឱ្យសង្វេគតែម្តង។

ក្រោយកើតហេតុ អ្នកជិតខាងបានប្រទះឃើញ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ចាប់ខ្លួនស្ត្រីសង្ស័យជាឃាតករ ដែលកាប់សម្លាប់ឪពុកបង្កើតខ្លួនឯង នាំយកទៅសាកសួរ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន កាំបិតផ្គាក់ដងខ្លីធ្វើពីឬស្សី ប្រវែង៦៩ស.ម ផ្លែប្រវែង ៣១ស.ម។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យបានឆ្លើយសារភាពថា នាងពិតជាបានទាញកាំបិតផ្គាក់កាប់ឪពុកមែន មូលហេតុដោយសារតែ នាងខឹងរឿងបាត់លុយចំនួន៣ពាន់រៀល ដែលសង្ស័យថា ឪពុកគឺជាអ្នកយក។

ស្ត្រីសង្ស័យជាឃាតកររូបនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES