ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យជាឃាតករចិត្តកំណាចឃោរឃៅដែលធ្វើសកម្មភាពអារកសម្លាប់ប្រពន្ធ រួចកាប់កូនប្រុស២នាក់ទៀត បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយសមត្ថកិច្ចខេត្តឧត្តរមានជ័យ បានតាមប្រមាញ់ចាប់ខ្លួនបានហើយ។
ការឃាត់ខ្លួនជនសង្ស័យជាឃាតករខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខណៈដែលជនជាឃាតកររូបនេះ បម្រុងរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសថៃ។
ជនសង្ស័យជាឃាតករដៃឆៅដែលចាប់អារកប្រពន្ធ រួចកាប់កូនប្រុស២នាក់ បណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ខ្លួនបាននេះ មានឈ្មោះជ្រាំង ភូ អាយុ៤៨ឆ្នាំ ត្រូវជាប្តីចុងរបស់ស្ត្រីរងគ្រោះ មានស្រុកកំណើតនៅភូមិអកមួល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះទាំង៣នាក់ម្តាយកូន ដែលត្រូវឃាតករចិត្តព្រៃផ្សៃកាប់សម្លាប់យ៉ាងឃោរឃៅ រួមមាន ទី១-ឈ្មោះឃាន សុខលាន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនសង្ស័យជាឃាតករ និងត្រូវជាម្តាយរបស់ក្មេងប្រុសរងគ្រោះទាំង២នាក់ ទី២-ឈ្មោះធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី៣-ឈ្មោះធឿន ធារី ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស។ ជនរងគ្រោះទាំង៣នាក់ម្តាយកូន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ក្រោយកើតមានករណីឃាតកម្មអារកសម្លាប់ប្រពន្ធ និងកូនប្រុស២នាក់រួចមក ជនសង្ស័យបានព្យាយាមរត់គេចខ្លួនចេញបាត់ពីមូលដ្ឋានរស់នៅ និងត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវអស់រយៈពេល៦ថ្ងៃ ទីបំផុត ក៏ទទួលបានដំណឹងថា ជនសង្ស័យកំពុងមានបំណងរត់គេចខ្លួនចូលទឹកដីថៃ ក៏ត្រូវសមត្ថកិច្ចខេត្តត្បូងឃ្មុំ សហការជាមួយសមត្ថកិច្ចខេត្តឧត្តរមានជ័យ ចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង។
ប្រភពដដែលបន្តថា ក្រោយពេលចាប់ឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបានរកឃើញខ្សែក១ខ្សែ និងម៉ូតូ១គ្រឿង ជារបស់ស្ត្រីរងគ្រោះ។
ជនសង្ស័យជាឃាតករត្រូវបានសមត្ថកិច្ច នាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធី និងអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
គួររំលឹកថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដោយបុរសជាប្តីចុងចិត្តកំណាចឃោរឃៅម្នាក់ មិនដឹងជាមានជម្លោះផ្ទៃក្នុងគ្រួសាររឿងអ្វី ក៏ឈានដល់ការប្រព្រឹត្តអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ចាប់ប្រពន្ធអារកសម្លាប់ រួចកាប់កូនប្រុសចំនួន២នាក់ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមនៅលើផ្ទះ រួចរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ មានស្ត្រីម្នាក់ឈ្មោះសេង នាង អាយុ៤៥ឆ្នាំ រស់នៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ត្រូវជាបងថ្លៃរបស់ស្ត្រីរងគ្រោះបានយកផ្អកមកឱ្យស្ត្រីរងគ្រោះឈ្មោះឃាន សុខលាន លុះមកដល់ មិនឃើញមានមនុស្សនៅផ្ទះសោះ ចំណែកទ្វារតូបខាងមុខផ្ទះក៏បានបិទមិនបើកលក់ដូរដូចសព្វដងសោះ ដោយនឹកឆ្ងល់ ទើបស្ត្រីជាបងថ្លៃបានដើររកមើល ក៏ប្រទះឃើញស្នាមឈាមស្រក់តាមជើងសរសរផ្ទះ ភ្លាមនោះ ស្ត្រីជាបងថ្លៃក៏ឡើងទៅលើផ្ទះបើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះទាំង៣នាក់ម្តាយកូន បានដេកស្លាប់ក្នុងថ្លុកឈាមនៅកន្លែងផ្សេងគ្នាអស់ទៅហើយ ដោយក្នុងនោះ ស្ត្រីរងគ្រោះជាម្តាយដេកស្លាប់នៅកៀនជញ្ជាំង ចំណែកកូនប្រុសទាំង២នាក់ ដេកស្លាប់នៅលើពូកចំកណ្តាលផ្ទះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវជនដៃដល់ចាប់អារកសម្លាប់ ចំណែកក្មេងប្រុសទាំង២នាក់ជាកូនរបស់ស្ត្រីរងគ្រាះ ត្រូវជនជាឃាតករកាប់នឹងកាំបិតផ្គាក់ដងវែងបណ្តាលឱ្យស្លាប់។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញកាំបិតផ្គាក់ដងឬស្សីមួយ ប្រវែងជាង១ម៉ែត្រ មានប្រឡាក់ជាប់ឈាម បន្សល់ទុកនៅខាងមុខទ្វារខាងលើផ្ទះ៕