Saturday, January 18, 2025
Homeព័ត៌មានជាតិទើបចេញពីគុកសោះ បែរជាទៅកាប់គេ៣កាំបិត ចូលគុកវិញ

ទើបចេញពីគុកសោះ បែរជាទៅកាប់គេ៣កាំបិត ចូលគុកវិញ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ក្រោយពីប្រើប្រាស់ថ្នាំញៀនលើសកម្រិត (បែកថ្នាំ) ក៏បានទាញកាំបិតប៉័ងតោ ស្ទុះទៅកាប់ប្រហារទៅលើបុរសម្នាក់ចំនួន៣កាំបិត បណ្តាលឱ្យរយះក្បាលយ៉ាងធ្ងន់ធ្ងរ រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្សារលក់ត្រី ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី។

ជនសង្ស័យដៃដល់ មានឈ្មោះឈួន រួញ ហៅឡុញ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះស៊ឹម គក់ អាយុ៥៥ឆ្នាំ រស់នៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ បុរសរងគ្រោះ បានចេញទៅជួយលក់បបរប្រពន្ធនៅកន្លែងកើតហេតុខាងលើ។ លុះបន្តិចក្រោយមក មិនដឹងជាជនសង្ស័យទើបនឹងត្រឡប់មកពីជក់ថ្នាំនៅឯណាមិនដឹង ស្រាប់តែនៅសុខៗ ក៏ទាញកាំបិតស្ទុះចូលមកកាប់ប្រហារទៅលើជនរងគ្រោះទាំងមិនដឹងខ្លួនចំនួន៣កាំបិត បណ្តាលឱ្យរងរបួសរយះក្បាលចាប់ពីលើត្រចៀក រហូតដល់ថ្ងាស ចេញសាច់សស្ងាច របួសធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ខាងលើនេះ ជាមនុស្សបែកថ្នាំ និងទើបចេញពីពន្ធនាគារ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ប៉ុណ្ណោះ ស្រាប់តែពេលនេះ មកកាប់ជនរងគ្រោះឱ្យរងរបួសធ្ងន់ទៀត ក៏ត្រូវសមត្ថកិច្ចបញ្ជូនចូលពន្ធនាគារវិញ៕

RELATED ARTICLES