Saturday, October 11, 2025
Homeព័ត៌មានជាតិប្រពន្ធស្រែកឆោឡោពេញភូមិ ពេលដាស់ប្តី ស្លាប់រឹងស្តូក

ប្រពន្ធស្រែកឆោឡោពេញភូមិ ពេលដាស់ប្តី ស្លាប់រឹងស្តូក

ខេត្តស្វាយរៀង ៖ បុរសម្នាក់ចូលចិត្តផឹកស្រាជារៀងរាល់ថ្ងៃ រហូតដល់ក្លាយជាមនុស្សប្រមឹក លុះក្រោយពេលផឹកស្រវឹងជោកជាំ មិនព្រមហូបបាយទឹក ក៏ចូលទៅប្រះខ្លួនដេកនៅក្នុងផ្ទះតាំងពីថ្ងៃរសៀល លុះដល់យប់ស្ត្រីជាប្រពន្ធចូលទៅដាស់ប្តីឱ្យហូបបាយ ទើបដឹងថាប្តីស្លាប់ឡើងរឹងស្តូកបាត់ទៅហើយ។

ករណីបុរសប្រមឹកផឹកស្រវឹងដេកដាច់បាយស្លាប់នៅក្នុងផ្ទះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប។

បុរសរងគ្រោះដែលផឹកស្រារហូតដល់ដេកស្លាប់ មានឈ្មោះហាយ សុភា អាយុ៤៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះអ៊ុក វណ្ណា និងមានកូនចំនួន៤នាក់ក្នុងបន្ទុក (ប្រុស២ ស្រី២) សព្វថ្ងៃមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះខាងលើ គឺជាមនុស្សស្រវឹងខួបរាល់ថ្ងៃ ហើយឱ្យតែបានស្រាចូលពោះ គឺមិនសូវក្លែម ឬនឹកនារកបាយទឹកអ្វីទាំងអស់។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានផឹកស្រានៅផ្ទះរបស់ខ្លួនតែម្នាក់ឯង រហូតដល់ស្រវឹងធ្លាក់ភ្នែកក៏បានចូលទៅប្រះខ្លួនដេកនៅក្នុងផ្ទះបាត់ទៅ ចំណែកក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍អ្វីដែរ ព្រោះនេះជាទម្លាប់របស់ជនរងគ្រោះទៅហើយ។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃដដែល ស្ត្រីជាប្រពន្ធជនរងគ្រោះក៏បានចូលទៅដាស់ប្តីហូបបាយ ស្រាប់តែប្រទះឃើញប្តីបានស្លាប់ឡើងរឹងស្តូកបាត់ទៅហើយ មិនដឹងស្លាប់តាំងពីថ្មើរណានោះទេ។ ភ្លាមនោះ ស្ត្រីជាប្រពន្ធជនរងគ្រោះបានស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ មូលហេតុដោយសារតែជនរងគ្រោះហូបស្រាជាប្រចាំ មិនហូបបាយ តាំងពីព្រឹកទល់ព្រលប់ ទើបបណ្តាលឱ្យខ្យល់គរស្លាប់តែម្តង។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES