Saturday, October 11, 2025
Homeព័ត៌មានជាតិលក់ដីបានលុយថ្មីៗ រកស្រីមកដេក ចូលដល់ក្នុងបន្ទប់ផ្ទុះជម្លោះ ចាក់របួសធ្ងន់

លក់ដីបានលុយថ្មីៗ រកស្រីមកដេក ចូលដល់ក្នុងបន្ទប់ផ្ទុះជម្លោះ ចាក់របួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងលក់ដីធ្លីបានលុយមួយចំនួនធំ ក៏នឹកឃើញចង់រកនារីម្នាក់មកកំដរ ក៏ពឹងឱ្យអ្នកស្គាល់គ្នាម្នាក់ជួយរក លុះរកនារីម្នាក់បានហើយ ក៏នាំគ្នាជក់ថ្នាំញៀនជុំគ្នា ក្រោយមកក៏ផ្ទុះជាអំពើហិង្សា ត្រូវនារីរូបនោះចាក់ប្រហារបណ្តាលឱ្យរងរបួសធ្ងន់ ទើបធ្វើឱ្យបុរសរងគ្រោះកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងថា នារីសង្ស័យប៉ងចាក់សម្លាប់ខ្លួន ដើម្បីប្លន់ទ្រព្យសម្បត្តិ។ ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវពីកម្លាំងជំនាញអាវុធហត្ថយ៉ាងម៉ត់ចត់ ឃើញថា ករណីនេះមិនមែនជាករណីប៉ុនប៉ងចាក់សម្លាប់ប្លន់ទ្រព្យសម្បត្តិនោះទេ តែជាករណីហិង្សាដោយចេតនា។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងពីបុរសម្នាក់ ឈ្មោះប៊ី សុខគង់ អាយុ៣៩ឆ្នាំ ដោយប្តឹងចោទប្រកាន់នារីម្នាក់ឈ្មោះមាន ឆយ៉ី ហៅស៊ិន ចរិយា ហៅកាទ្រីត ពីករណីប៉ុងប៉ងចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិ។

តាមការរៀបរាប់របស់ដើមបណ្តឹងឈ្មោះ ប៊ី សុខគង់ បានរៀបរាប់ថា ដំបូងឡើយរូបខ្លួនទើបតែលក់ដី និងឡានបានលុយមួយចំនួន ក៏ពឹងពាក់បុរសម្នាក់ឈ្មោះស្វិត ជាកូនចៅចាស់ស្គាល់គ្នាជាង២ឆ្នាំ ឱ្យជួយរកនារីម្នាក់មកដេកជាមួយខ្លួន។ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ឈ្មោះស្វិត និងប្រពន្ធ បាននាំនារីឈ្មោះមាន ឆយ៉ី ហៅស៊ិន ចរិយា ហៅកាទ្រីត មកជួបខ្លួន ហើយខ្លួនបានទិញម៉ូតូវីវ៉ា ១គ្រឿង តម្លៃ២៥០ដុល្លារ ឱ្យទៅឈ្មោះស្វិត និងបានទិញទូរស័ព្ទអាយហ្វូន៥ មួយគ្រឿង តម្លៃ១១០ដុល្លារ ឱ្យទៅនារីឈ្មោះឆយ៉ី។ បន្ទាប់មក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ម៉ោងប្រហែល៧យប់ ខ្លួនបានឱ្យលុយទៅប្រពន្ធរបស់ឈ្មោះស្វិត ទិញបង្គា និងស្រាបៀរ មកហូបគ្នា៤នាក់ រហូតដល់ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ទើបខ្លួនប្រាប់ឱ្យអ្នកទាំងនោះចេញពីផ្ទះខ្លួន ទុកតែនារីឈ្មោះឆយ៉ី នៅដេកក្នុងបន្ទប់ជាមួយខ្លួន។ ពេលនៅក្នុងបន្ទប់តែពីរនាក់ នារីឈ្មោះឆយ៉ី បានប្រើខ្លួនឱ្យទៅយកទឹកឱ្យនាងផឹក ពេលខ្លួនមកវិញបើកទ្វារចូលក្នុងបន្ទប់ដេក ហើយបែរខ្នងទាញទ្វារបិទដាក់គន្លឹះ ស្រាប់តែឈ្មោះឆយ៉ី ស្ទុះមកចាក់ខ្លួន១កាំបិតពីក្រោយខ្នង និងបន្តចាក់លើក្បាល១កាំបិតទៀត ហើយខ្លួនក៏ប្រតាយប្រតប់ត្រូវ១កាំបិតទៀត នៅកដៃខាងឆ្វេង បន្ទាប់មកខ្លួនក៏ចាប់បោចសក់នារីនោះផ្តួលទៅលើការ៉ូ រួចជាន់កនាងជាប់ និងស្រែកហៅឱ្យគេមកជួយ ហើយខ្លួនក៏ត្រូវគេនាំទៅមន្ទីរពេទ្យ ដើម្បីព្យាបាលតែម្តង។

តាមចម្លើយសារភាពរបស់ស្ត្រីសង្ស័យឈ្មោះមាន ឆយ៉ី ហៅស៊ិន ចរិយា ហៅកាទ្រីត បានរៀបរាប់ថា រូបនាងមានអាយុ១៩ឆ្នាំ ធ្វើការនៅហាងម៉ាស្សា កោសជប់១៦៨។ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ រូបនាងត្រូវបានបុរសម្នាក់ឈ្មោះស្វិត និងប្រពន្ធឈ្មោះចែធី បបួលនាងទៅផ្ទះពូរបស់ពួកគេ ឈ្មោះប៊ី សុខគង់ ហៅពូនៅ នៅម្តុំផ្លូវបំបែកផ្សារព្រៃទា ដោយជិះកង់បី។ ពេលទៅដល់ ឈ្មោះស្វិត និងពូនៅ បាននិយាយគ្នា តែនាងមិនដឹងថា ពួកគេនិយាយពីអ្វីនោះទេ ក្រោយមកពួកនាងទាំង៤នាក់ បានអង្គុយជក់ថ្នាំញៀនជាមួយគ្នា ពេលនោះរូបនាងក៏ឃើញឈ្មោះប៊ី សុខគង់ ហៅពូនៅ បានឱ្យប្រាក់១០០ដុល្លារ ទៅឈ្មោះស្វិត និងប្រពន្ធ ហើយទាំងពីរនាក់ប្តីប្រពន្ធក៏បាននាំគ្នាចេញទៅបាត់អស់ ទុកតែនាងនិងប៊ី សុខគង់ នៅក្នុងបន្ទប់ឡៅតឿជាមួយគ្នា ហើយពួកនាងក៏បានអង្គុយជជែកគ្នាពីរឿងគ្រួសារ និងជក់ថ្នាំញៀនជាមួយគ្នាបន្តទៀត រហូតដល់ជិតភ្លឺ ទើបរូបនាងចេញពីផ្ទះ ប៊ី សុខគង់។ លុះដល់ម៉ោងប្រហែល២រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ រូបនាងក៏បានត្រឡប់ចូលផ្ទះប៊ី សុខគង់ វិញ ហើយឈ្មោះស្វិត និងប្រពន្ធគាត់ឈ្មោះចែធី ក៏បានត្រឡប់មកផ្ទះនោះម្តងទៀតផងដែរ។ ក្នុងថ្ងៃនោះ ឈ្មោះប៊ី សុខគង់ បានទៅទិញម៉ូតូ១គ្រឿង ឱ្យឈ្មោះស្វិត និងទិញទូរស័ព្ទដៃម៉ាកអាយហ្វូន៥ មួយគ្រឿង ឱ្យមកនាង ហើយក៏នាំគ្នាជក់ថ្នាំញៀន រហូតដល់ម៉ោងប្រហែល១២យប់ ទើបឈ្មោះប៊ី សុខគង់ បានដេញប្តីប្រពន្ធឈ្មោះស្វិត ឱ្យត្រឡប់ទៅផ្ទះវិញ ដោយទុកឱ្យរូបនាងនៅជាមួយម្ចាស់ផ្ទះតែពីរនាក់។ ក្រោយពេលគេនាំគ្នាចេញទៅអស់ ឈ្មោះប៊ី សុខគង់ បានយកដែកស្រួចវែងបន្តិចមកគំរាមឱ្យនាងដេកលើពូក និងនៅឱ្យស្ងៀម នាងក៏ព្រមអង្គុយលើពូក ពេលនោះនាងបានក្រឡេកឃើញមានកូនកាំបិត១នៅលើកៅអីឈើក្បែរចុងគ្រែ នាងក៏ស្ទុះក្រោកទៅឆក់យកកូនកាំបិតនោះចាក់ទៅលើខ្នងឈ្មោះប៊ី សុខគង់ ១កាំបិត ហើយក្រោយមកទៀតក៏ប្រតាយប្រតប់គ្នា រហូតរូបនាងត្រូវឈ្មោះប៊ី សុខគង់ ចាប់បោចសក់ បោកក្បាលទៅនឹងឥដ្ឋការ៉ូ និងជាន់កផ្ទប់នឹងឥដ្ឋ ហើយចាប់អូសនាងពីលើឡៅតឿ រហូតដល់ក្រោម និងយកខ្សែភ្លើងចងនាង រួចស្រែកហៅអ្នកជិតខាងមកជួយ មួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចអាវុធហត្ថទៅដល់ ចាប់ខ្លួននាងតែម្តង។

យោងតាមចម្លើយសារភាពនិងភស្តុតាងស៊ីសង្វាក់ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានសន្និដ្ឋានប្តូរការចោទប្រកាន់ ឈ្មោះមាន ឆយ៉ី ហៅស៊ិន ចរិយា ហៅកាទ្រីត ពីករណីប៉ុនប៉ងចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិ តាមពាក្យបណ្តឹងរបស់ឈ្មោះប៊ី សុខគង់ ទៅជាករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន និងរកឃើញភស្តុតាងចោទប្រកាន់ពីរនាក់ប្តីប្រពន្ធឈ្មោះស្វិត និងឈ្មោះធី ជាប់ពាក់ព័ន្ធករណីជួញដូរមនុស្សដោយមានគោលដៅ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ហើយជនសង្ស័យទាំង០៣នាក់ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រងចាំថ្ងៃបើកសាវនាការជំនុំជំរះ៕

RELATED ARTICLES