ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ ត្រូវបានគេអះអាងថា បានជួបនឹងស្នេហាមិនសមបំណង ទើបធ្វើឱ្យខូចចិត្តរហូតអស់សង្ឃឹមក្នុងជីវិត ក៏មានគំនិតខ្លី រត់ទៅចងកសម្លាប់ខ្លួននៅលើដើមស្វាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចដើមស្វាយខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង។
យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាត ព្រោះតែរឿងស្នេហាខកបំណង មានឈ្មោះអ៊ុ តារា ហៅអ៊ូច អាយុ២៦ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគាត់ឃើញជនរងគ្រោះ ហាក់មានទឹកមុខស្រពាប់ស្រពោនខុសប្លែកពីធម្មតា និងមិនសូវនិយាយស្តីអ្វីច្រើនសោះ លុះពួកគាត់សួរនាំថាមានរឿងអ្វី ក៏ជនរងគ្រោះមិនព្រមឆ្លើយ ហើយពួកគាត់ក៏មិនបានចាប់អារម្មណ៍ នឹកគិតដល់ថា ជនរងគ្រោះអាចនឹងមានគំនិតខ្លីបែបនេះសោះ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ដោយបាត់ជនរងគ្រោះពីផ្ទះមិនឃើញមកហូបបាយ ទើបក្រុមគ្រួសារ បាននាំគ្នាដើរតាមរក បំណងហៅជនរងគ្រោះមកហូបបាយជុំគ្នា លុះរកតាមផ្ទះអ្នកភូមិមិនឃើញ ក៏ដើរទៅមើលនៅខាងក្រោយផ្ទះ ស្រាប់តែប្រទះឃើញជនរងគ្រោះ កំពុងចងកនៅលើដើមស្វាយ តែមិនទាន់ស្លាប់ទេ ទើបក្រុមគ្រួសារបានស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងមកជួយកាត់ចំណងដាក់ជនរងគ្រោះ ចុះ រួចប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះជីវិត ស្រាប់តែអកុសល គ្រាន់តែដឹកទៅដល់មុខក្លោងទ្វារមន្ទីរពេទ្យ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
តាមប្រភពពីមិត្តភក្តិជនរងគ្រោះ បានបង្ហើបប្រាប់ថា ប៉ុន្មានថ្ងៃមុនកើតហេតុ ជនរងគ្រោះធ្លាប់បានបង្ហើបប្រាប់ថា រូបគេជាមនុស្សអភ័ព្វខ្លាំងណាស់ មានស្នេហានឹងគេដែរ តែមិនសមបំណងសោះ ជាហេតុធ្វើឱ្យរូបគេអស់សង្ឃឹមខ្លាំងណាស់ តែយ៉ាងណា មិត្តភក្តិក៏បាននិយាយណែនាំ លើកទឹកចិត្តកុំឱ្យជនរងគ្រោះគិតច្រើនដែរ តែទីបំផុត ជនរងគ្រោះនៅតែមានគំនិតខ្លី រហូតដល់ដាច់ចិត្តចងកសម្លាប់ខ្លួនបែបនេះតែម្តង។
ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកសាកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយជនរងគ្រោះបានយកខ្សែភ្លើងពណ៌ខៀវ ចងកជាប់នឹងដើមស្វាយ កម្ពស់២,៥០ម៉ែត្រ ដែលស្ថិតនៅខាងក្រោយផ្ទះរបស់ខ្លួន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕