ភ្នំពេញ ៖ ក្រុមគ្រួសារចំនួន២រស់នៅជាប់របងគ្នា ប៉ុន្តែដោយខ្វះការយោគយល់ អធ្យាស្រ័យគ្នា ទើបបង្កទៅជាជម្លោះ រហូតឈានដល់ហិង្សា ដោយគ្រាន់តែភាគីម្ខាងទើបនឹងទិញធុងបាស់ថ្មីទុកសម្រាប់ចាក់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ រួចក៏បើកសាកសំឡេងលាន់ឮខ្លាំងៗ ស្រាប់តែឪពុកកូន២នាក់ជាមន្ត្រីនគរបាលនៅផ្ទះជាប់គ្នា បានស្រែកជេរប្រមាថ រហូតផ្ទុះជាហិង្សា វាយបណ្តាលឱ្យភាគីអ្នកចាក់ធុងបាស់រងរបួស ទាំងគ្រួសារ (៤នាក់)។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១០៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ភាគីដែលរងគ្រោះមួយគ្រួសារ រួមមាន ទី១-ឈ្មោះធិន បែក អាយុ៥៨ឆ្នាំ មុខរបររត់ឌុប មានប្រពន្ធឈ្មោះសួស ពៅ អាយុ៥៥ឆ្នាំ មុខរបរលក់ដូ និងកូនស្រីឈ្មោះធិន ស្រីនៀង អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ រីរស្មី អាយុ២៥ឆ្នាំ អ្នកទាំងអស់គ្នាស្នាក់នៅផ្ទះលេខ១០៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ ចំណែកភាគីបង្ក មានគ្នា២នាក់ឪពុកកូន រួមមាន ទី១-ឈ្មោះវុទ្ធី អាយុជាង៥០ឆ្នាំ មុខរបរមន្ត្រីនគរបាលចរាចរណ៍ និងទី២-ឈ្មោះឆៃ អាយុប្រហែល២៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្នាក់ផ្ទះជាប់របងគ្នាជាមួយភាគីរងគ្រោះ។
តាមសម្តីស្ត្រីរងគ្រោះឈ្មោះធិន ស្រីនៀង បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់នាងទើបនឹងទិញធុងបាស់ ដើម្បីទុកចាក់ស្តាប់ពេលចូលឆ្នាំខាងមុខនេះ ហើយក៏បានបើកសាកសំឡេង ខណៈកំពុងបើកស្តាប់បាន៥ទៅ៦បទ ស្រាប់តែបុរសឈ្មោះឆៃ នៅផ្ទះជាប់គ្នា ដែលគេស្គាល់ថាជាមន្ត្រីនគរបាល បានស្រែកជេរប្រមាថថា ហែងបើកមើលអញផង អញថ្លង់ណាស់ ពេលនោះប្តីរបស់គាត់ក៏បានស្រែកថា ខ្ញុំបើកសាកបាស់បន្តិចទេ តែបុរសជាមន្ត្រីនគរបាលនោះនៅតែបន្តជេរ ទើបគាត់ទ្រាំលែងបាន ក៏ជេរតបវិញ រហូតបង្កជាជម្លោះតឹងសរសៃកដាក់គ្នា បន្ទាប់មកភាគីបុរសជាមន្ត្រីនគរបាល២នាក់ឪពុកកូន បានរត់មកព្រួតវាយប្តីរបស់នាង ឃើញដូចនោះនាងជាប្រពន្ធក៏រត់ទៅឃាត់ ហើយបន្ទាប់មក ឪពុកម្តាយរបស់នាងដែលមានវ័យចាស់ៗទៅហើយ បានមកជួយឃាត់ដែរ ស្រាប់តែគាត់ត្រូវភាគី២នាក់ឪពុកកូន ព្រួតគ្នាវាយពួកនាងទាំង៤នាក់ បណ្តាលឱ្យរងរបួសប៉ោងមុខមាត់ បែកក្បាលហូរឈាមគ្រប់គ្នាតែម្តង។
ក្រោយកើតហេតុ ភាគីជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី តែដោយសារតែដោះស្រាយមិនចេញ ទើបសមត្ថកិច្ចសម្រេចបញ្ជូនទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរបន្ត។
ជុំវិញករណីហិង្សាខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរស២នាក់ឪពុកកូន ដែលជាមន្ត្រីនគរបាល និងជាភាគីទំនាស់ក្នុងករណីខាងលើនេះបាននៅឡើយទេ៕