ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ គ្រាន់តែខឹងនឹងជីដូនស្តីបន្ទោសតិចតួច ស្រាប់តែមួយម៉ៅក្តៅចិត្ត ផ្ទុះកំហឹង ទាញអំបោសស្ទុះទៅសំពងជីដូន បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង១៦នាទីព្រលប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃខ្លា ឃុំទួលអំពិល ស្រុកបសេដ្ឋ។
ជនសង្ស័យដែលវាយសំពងជីដូនបង្កើតបណ្តាលឱ្យបែកក្បាល មានឈ្មោះណុប វិរៈ ហៅដូង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកលោកយាយរងគ្រោះជាជីដូន មានឈ្មោះអុល រ៉ត អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះ។ អ្នកទាំងពីរ ស្នាក់នៅផ្ទះជាមួយគ្នា នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យ គឺជាមនុស្សដែលមិនមានការងារអ្វីធ្វើនោះទេ ដើរលេងប៉ោឡែ អត់ប្រយោជន៍ជារៀងរាល់ថ្ងៃ និងតែងបង្កបញ្ហាក្នុងគ្រួសារជាញឹកញាប់។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទើបនឹងត្រឡប់មកពីដើរលេងនៅខាងក្រៅ ធ្វើឱ្យលោកយាយរងគ្រោះជាជីដូន ដែលកំពុងអង្គុយ្គុហូបបាយនៅក្នុងផ្ទះ បានស្តីបន្ទោសជនសង្ស័យ២-៣ម៉ាត់ ពីរឿងដើរលេងមិនជួយធ្វើការងារផ្ទះ ស្រាប់តែភ្លាមនោះ ចៅប្រុសចិត្តកំណាច ផ្ទុះកំហឹំង ស្ទុះទៅទាញអំបោសជក់ត្នោត មកវាយសំពងជីដូនបង្កើតខ្លួនឯង ចំក្បាល បណ្តាលឱ្យ បែកក្បាលហូរឈាមស្រោចខ្លួនតែម្តង។
ក្រោយកើតហេតុ លោកយាយរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅសាកសួរ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕