Saturday, October 11, 2025
Homeព័ត៌មានជាតិដឹកសង្សារម្នាក់មួយចេញពីសាលា ក្មេងទំនើង៤នាក់ជិះប្រដេញ ទាញដាវកាប់រយះក្បាល

ដឹកសង្សារម្នាក់មួយចេញពីសាលា ក្មេងទំនើង៤នាក់ជិះប្រដេញ ទាញដាវកាប់រយះក្បាល

ភ្នំពេញ ៖ យុវជន2នាក់ទើបនឹងចេញពីសាលា ដោយជិះម៉ូតូដឹកយុវតីជាសង្សារម្នាក់មួយ ស្រាប់តែត្រូវក្មេងស្ទាវចំនួន4នាក់ បាននាំគ្នាជិះម៉ូតូប្រដេញតាម រួចកាប់ប្រហារចំនួន2ដាវសាំម៉ូរ៉ៃ បណ្តាលឱ្យម្នាក់រងរបួសរយះក្បាល ចំណែកម្នាក់ទៀតរយះដៃ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនដៃដល់បានម្នាក់ ខណៈដែលបក្ខពួក3នាក់ទៀតកំពុងរត់គេចខ្លួន។

ករណីហិង្សាកាប់ប្រហារយុវសិស្សម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើងតាំងពីវេលាម៉ោង7 និង30នាទីយប់ ថ្ងៃទី01 ខែមេសា ឆ្នាំ2018 នៅចំណុចមុខសាលាយេស៊ូ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ5 សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ។ ចំណែកក្រុមជនដៃដល់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់ កាលពីល្ងាចថ្ងៃទី06 ខែមេសា ឆ្នាំ2018។

លោកឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ3 បានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ឈ្មោះស៊ុ បូរី ហៅម៉ូ ភេទប្រុស អាយុ20ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះលេខ5 ផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខពួកចំនួន3នាក់ទៀតដែលកំពុងរត់គេចខ្លួន។ ដោយឡែកជនរងគ្រោះទាំង2នាក់ រួមមាន ទី1-ឈ្មោះ នួន ហាវអ៊ីង ភេទប្រុស អាយុ19ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្តុំជម្ពូវ័ន្ត សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ (រងរបួសដៃខាងឆ្វេង) និងទី2-ឈ្មោះហួ ពៅ ភេទប្រុស អាយុ21ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្តុំជម្ពូវ័ន្ត (រងរបួសរយះក្បាល)។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ3 បានបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី25 ខែមីនា ឆ្នាំ2018 ឈ្មោះលឹម ម៉េងឃី បានទូរស័ព្ទប្រាប់ជនសង្ស័យឈ្មោះស៊ុ បូរី ហៅម៉ូ ថា ឈ្មោះហួ ពៅ និងឈ្មោះនួន ហាវអ៊ីង បានបោះសម្តីថា ឱ្យតែឃើញប្អូនរបស់ឯង (ស៊ុ បូរី) ចូលសាលារៀននឹងកាប់ចោលហើយ ជាហេតុធ្វើឱ្យជនសង្ស័យឈ្មោះស៊ុ បូរី ខឹងសម្បាយ៉ាងខ្លាំង។ លុះដល់ថ្ងៃទី01 ខែមេសា ឆ្នាំ2018 នៅវេលាម៉ោង7និង30នាទីយប់ ជនសង្ស័យឈ្មោះស៊ុ បូរី បានជិះម៉ូតូ2គ្រឿង ដែលមានគ្នា4នាក់ និងមានដាវ1ដើម បាននាំគ្នាទៅអង្គុយចាំកាប់ជនរងគ្រោះនៅមុខក្លោងទ្វារសាលារៀនជម្ពូវ័ន្ត។ លុះមួយសន្ទុះក្រោយមក ជនរងគ្រោះឈ្មោះហួ ពៅ និងឈ្មោះនួន ហាវអ៊ីង បានជិះម៉ូតូចេញពីសាលារៀនជម្ពូវ័ន្ត ដោយមានឌុបយុវតីជាសង្សារម្នាក់មួយ ពេលនោះជនសង្ស័យទាំង4នាក់ ក៏នាំគ្នាជិះម៉ូតូដេញតាមរហូតមកដល់សាលាយេស៊ូ តាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ5 សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ ទើបជនសង្ស័យឈ្មោះស៊ុ បូរី បានឱ្យបក្ខពួកឈ្មោះខុន លីហេង ជាអ្នកបើកម៉ូតូ អែបម៉ូតូក្បែជនរងគ្រោះឈ្មោះហួ ពៅ បន្ទាប់មកជនសង្ស័យឈ្មោះស៊ុ បូរី ក៏ដកដាវកាប់ទៅលើជនរងគ្រោះឈ្មោះហួ ពៅ ចំក្បាលចំនួន2ដាវ រួចជនសង្ស័យបានលោតចុះពីលើម៉ូតូបន្តទៅកាប់ឈ្មោះនួន ហាវអ៊ីង ចំនួន1ដាវ បណ្តាលឱ្យរងរបួសដៃខាងឆ្វេងថែមទៀត បន្ទាប់មកជនសង្ស័យទាំង4នាក់ បាននាំគ្នារត់គេចខ្លួនអស់ និងបានបោះដាវចោលទៅក្នុងលូ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង2នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

រហូតមកដល់ថ្ងៃទី06 ខែមេសា ឆ្នាំ2018 សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ3 ក៏បានធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានម្នាក់ មកធ្វើការសាកសួរបន្តតាមចាប់បក្ខពួកបន្តទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES