Saturday, October 11, 2025
Homeព័ត៌មានជាតិហួសចិត្តតែម្តង!!! បុរសម្នាក់យកដែកដុតផ្ទះខ្លួនលេងៗ ឆេះមែនទែន សល់តែផេះ

ហួសចិត្តតែម្តង!!! បុរសម្នាក់យកដែកដុតផ្ទះខ្លួនលេងៗ ឆេះមែនទែន សល់តែផេះ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏ទាញដែកកេះមកធ្វើសកម្មភាពដុតផ្ទះខ្លួនឯងលេង ស្រាប់តែឆេះមែនទែន បណ្តាលឱ្យខ្ទេចអស់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៥៧នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់។

បុរសបែកថ្នាំដែលដុតផ្ទះលេង ធ្វើឱ្យឆេះម៉ត់ មានឈ្មោះសួង ស៊ីវ៉ាន់ថា ហៅចេក អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះក្លាយជាផេះផង់ មានទំហំ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ ជាប្រភេទផ្ទះឈើសង់ផ្ទាល់ដី ជញ្ជាំងក្តារមិនទាន់ប្រក់ដំបូល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសខាងលើនេះ គឺជាមនុស្សគ្មានការងារអ្វីធ្វើនោះទេ សព្វថ្ងៃដើរទាត់ខ្យល់ និងប្រើប្រាស់ថ្នាំញៀនជាមួយក្មេងស្ទាវក្នុងភូមិ និងឧស្សាហ៍បង្កបញ្ហាក្នុងគ្រួសារខ្លាំងណាស់។ ជាក់ស្តែង នៅថ្ងៃកើតហេតុ ក្រោយពេលត្រឡប់មកពីប្រើប្រាស់ថ្នាំញៀនវិញទាំងយប់ មិនដឹងជាយ៉ាងម៉េច បុរសរូបនេះក៏បានទាញដែកកេះមកកេះលេង និងធ្វើជាចង់ដុតផ្ទះខ្លួនឯងលេងៗ ស្រាប់តែភ្លាមនោះ ភ្លើងបានឆាបឆេះមែនទែន បណ្តាលឱ្យខូចខាតផ្ទះគ្មានសល់។

ក្រោយកើតហេតុ អ្នកជិតខាងបាននាំគ្នាផ្អើលឆោឡោ មកជួយដងទឹកជះពន្លត់ រហូតដល់ភ្លើងរលត់ទៅវិញទាំងស្រុង និងមិនបង្កឱ្យមានការឆាបឆេះរាលដាលដល់លំនៅដ្ឋានអ្នកជិតខាងនោះឡើយ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលរងរបួសនោះដែរ។

បន្ទាប់ពីធ្វើសកម្មភាពដុតផ្ទះខ្លួនឯងឆេះម៉ត់ហើយ សមត្ថកិច្ចបានចុះមកឃាត់ខ្លួនបុរសខាងលើនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល៕

RELATED ARTICLES