ខេត្តព្រៃវែង ៖ យុវតីម្នាក់ នៅសុខៗក៏បែកគំនិតវេចលុយ និងមាស ចុះចេញពីផ្ទះបាត់ដោយគ្មានដំណឹង និងត្រូវគេសង្ស័យថា រត់តាមសង្សារ ជាហេតុធ្វើឱ្យក្រុមគ្រួសារភ័យសភ្នែក តាមស្វែងរកសព្វកន្លែង តែមិនមានដំណឹងទាល់តែសោះ។
យុវតីដែលវេចមាសប្រាក់រត់ចេញពីផ្ទះនេះ មានឈ្មោះហ៊ាន ចាន់រ័ត្ន អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ មានឪពុកឈ្មោះហ៊ាន វ៉ាន់ អាយុ៤៥ឆ្នាំ ម្តាយឆ្មោះយ៉ាន់ សោភ័ណ្ឌ អាយុ៤៤ឆ្នាំ និងមានលំនៅក្នុងភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង។ យុវតីខាងលើ បានចេញបាត់ពីផ្ទះតាំងពីវេលារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨។
តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់យុវតីខាងលើ បាននាំគ្នាចេញទៅ ធ្វើការរកស៊ីនៅឯរាជធានីភ្នំពេញ ដោយទុកឱ្យកូនស្រី (យុវតីដែលបាត់ខ្លួន) នៅចាំផ្ទះ ជាមួយនឹងប្អូន២នាក់ទៀត។ លុះមកដល់វេលារសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ មិនដឹងជាយ៉ាងម៉េច ស្រាប់តែយុវតីខាងលើ បានចេញបាត់ពីផ្ទះ ដោយប្រមូលយកទៅជាមួយនូវទ្រព្យសម្បត្តិ មួយចំនួន រួមមាន មាសជិត១តម្លឹង និងលុយចំនួន៥០ម៉ឺនរៀល រួចក៏ចាកចេញពីផ្ទះបាត់ ដោយមិនដឹងមូលហេតុ និងមិនដឹងទៅដល់ណាជាមួយ អ្នកណាឡើយ។
ក្រុមគ្រួសារយុវតីខាងលើបន្តថា ក្រោយពេលដឹងថាកូនស្រីបាត់ខ្លួនចេញពីផ្ទះភ្លាមៗ ក្រុមគ្រួសារ បានចែកផ្លូវគ្នាតាមស្វែងរកដែរ ប៉ុន្តែមិនទទួលបានតម្រុយអ្វីទាំងអស់ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភខ្លាច នាងចាញ់បោកមិត្តភក្តិ ឬត្រូវគេយកទៅធ្វើបាប។ ហេតុនេះ ក្រុមគ្រួសារសូមអំពាវនាវដល់មហាជន ក៏ដូចជាសមត្ថកិច្ចប្រសិនជាបានឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារផង៕