Sunday, October 12, 2025
Homeព័ត៌មានជាតិបាញ់ផ្អើលមេឃ!!! មេបញ្ជាការរងប៉េអឹមខេត្តកែប ផឹកស្រវឹង បាញ់៦គ្រាប់

បាញ់ផ្អើលមេឃ!!! មេបញ្ជាការរងប៉េអឹមខេត្តកែប ផឹកស្រវឹង បាញ់៦គ្រាប់

ខេត្តកំពត ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេបញ្ជាការរងអាវុធហត្ថខេត្តកែប ក្រោយពេលផឹកស៊ីនៅក្នុងហាងមួយស្រវឹងធ្លាក់ភ្នែក មិនដឹងជាចងកំហឹងជាមួយអ្នកណា ក៏ទាញកាំភ្លើងអាកាបាញ់មេឃចំនួន៦គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ លុះក្រោយពេលបាញ់បោះសេរីរួច ទំនងជាភ័យខ្លួន ក៏ប្រញាប់ជិះម៉ូតូចាកចេញទៅបាត់ស្រមោលភ្លាមៗដែរ។

ករណីលោកមេប៉េអឹមស្រវឹងបាញ់បោះសេរីនេះ បានកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចហាងផឹកស៊ីមួយកន្លែងយីហោ “វាសនាសប្បាយៗ” មានទីតាំងស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។

សមត្ថកិច្ចមូលដ្ឋាន បានបង្ហើបឱ្យដឹងថា បុរសដែលផឹកស្រវឹងបាញ់បោះសេរីដល់ទៅ៦គ្រាប់នេះ មានឈ្មោះសៀក អាង មានឋានន្តរ ស័ក្តិវរសេនីយ៍ឯក និងមានតួនាទីជាមេបញ្ជាការរងអាវុធហត្ថខេត្តកែប។ ចំណែកកាំភ្លើងដែលលោកមេប៉េអឹមរងរូបនេះបាញ់ផ្អើលមេឃទាំងយប់នោះ ជាប្រភេទកាំភ្លើងអាកាស្វាយបត់។

ប្រភពដដែលបន្តថា លោកសៀក អាង បានផ្ទុះអាវុធបាញ់ឡើងលើចំនួន០៦គ្រាប់ ខណៈក្នុងហាងផឹកស៊ីដែលមានយីហោខាងលើ នៅវេលាជិតកណ្តាលអធ្រាត្រ។ ក្រោយហេតុការណ៍ភ្លាមៗ លោកសៀក អាង បានជិះម៉ូតូម៉ាកស្កុបពីរបស់ខ្លូន ចេញទៅក្រៅហាងបាត់ទៅ។

តែទោះជាយ៉ាងណាក៏ដោយ ការផ្ទុះអាវុធបាញ់បោះសេរីខាងលើ ត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថ និងនគរបាលខេត្តកំពត បាននិងកំពុងសហការគ្នាធ្វើកោសល្យវិច័យរកហេតុផល ដើម្បីអនុវត្តតាមផ្លូវច្បាប់ ដោយមិនលើកលែងឱ្យឡើយ។ ក្នុងការធ្វើកោសល្យវិច្ច័យនេះដែរ សមត្ថកិច្ចបានរកឃើញសំបកកាទុស្ស ប្រភេទអាកា ចំនួន៦គ្រាប់ នៅកន្លែងកើតហេតុខាងលើ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានបញ្ជាក់ប្រាប់ថា លោកវរសេនីយ៍ឯក សៀក អាង មេបញ្ជាការរងអាវុធហត្ថខេត្តកែប ពិតជាបានផ្ទុះអាវុធ គឺបាញ់បោះដោយសេរីពិតប្រាកដមែន ហើយបច្ចុប្បន្នកម្លាំងរបស់លោកកំពុងសហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលខេត្ត ធ្វើកោសល្យវិច័យ។

ដោយឡែក សំបកកាទុស្សទាំង៦គ្រាប់ ត្រូវសមត្ថកិច្ចរើសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធី។/

RELATED ARTICLES