Sunday, October 12, 2025
Homeព័ត៌មានជាតិបាត់ពីផ្ទះ៣ថ្ងៃ យាយអាយុ៧១ ក្លាយជាសពដេកស្លាប់ក្នុងព្រៃ

បាត់ពីផ្ទះ៣ថ្ងៃ យាយអាយុ៧១ ក្លាយជាសពដេកស្លាប់ក្នុងព្រៃ

ខេត្តព្រះវិហារ ៖ លោកយាយអាយុ៧១ឆ្នាំម្នាក់ បានដើរវង្វេងបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃ លុះក្រុមគ្រួសារដើរតាមស្វែងរក ស្រាប់តែប្រទះឃើញដេកស្លាប់នៅក្នុងព្រៃ ចម្ងាយពីភូមិប្រមាណជាង២គីឡូម៉ែត្រ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិដូនម៉ុក (ជាភូមិចាស់) ឃុំកន្ទួត ស្រុកជាំក្សាន្ត។

លោកយាយរងគ្រោះដែលដើររង្វេងបាត់ពីផ្ទះ ទៅដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងព្រៃ មានឈ្មោះសួម មុំ អាយុ៧១ឆ្នាំ មានលំនៅក្នុងភូមិកំពុងថ្នោត ឃុំកូនសាត់ ស្រុកទឹកឈូ ខេត្តពោធិ៍សាត់ តែបច្ចុប្បន្នរស់នៅក្នុងបន្ទុកកូនស្រីឈ្មោះថោង ង៉ីម នៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត។

តាមសម្តីស្ត្រីឈ្មោះថោង ង៉ីម ដែលត្រូវជាកូនស្រីរបស់លោកយាយរងគ្រោះខាងលើ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ  ម្តាយរបស់គាត់ (លោកយាយរងគ្រោះ) បានដើរវង្វេងចេញពីផ្ទះបាត់អស់រយៈពេល៣ថ្ងៃមកហើយ ពោលគឺតាំងពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ។ ភ្លាមៗនោះ ក្រុមគ្រួសារបាននាំគ្នាដើរតាមស្វែងរកលោកយាយរងគ្រោះដែរ តែរកមិនឃើញសោះ ទើបបានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាំងពីថ្ងៃដែលលោកយាយរងគ្រោះបាត់ខ្លួនភ្លាមៗម៉្លេះ។

តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ឃុំកន្ទួត បានឱ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារលោកយាយរងគ្រោះថា លោកយាយបានវង្វេងចេញបាត់ពីផ្ទះ។ បន្ទាប់មកសមត្ថកិច្ច ក៏បានចេញធ្វើការស្រាវជ្រាវតាមរកដែរ តែមិនទទួលបានដំណឹងទាល់តែសោះ។ រហូតមកដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានមកថា មានអ្នកភូមិបានប្រទះឃើញសាកសពស្ត្រីវ័យចំណាស់ម្នាក់ដេកស្លាប់នៅក្នុងព្រៃ ដោយមានសភាពស្អុយរលួយទៅហើយ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព ទើបដឹងថា សាកសពខាងលើពិតជាសាកសពរបស់លោកយាយវ័យ៧១ឆ្នាំ ដែលបានដើរវង្វេងបាត់ពីផ្ទះ៣ថ្ងៃមែន។ លុះពិនិត្យ និងធ្វើកោសល្យវិច័យសពឃើញថា លោកយាយរងគ្រោះពិតជាស្លាប់ដោយសារដើរង្វេងដាច់បាយដាច់ទឹក រហូតដល់ខ្យល់គរដួលស្លាប់ដោយខ្លួនឯង ពោលគឺមិនមែនជាអំពើឃាតកម្មនោះទេ។

សាកសពលោកយាយរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES