ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទ (វិកលចរិត) អស់រយៈពេល៦ខែមកហើយ លុះឃើញប្រពន្ធកំពុងឈរបេះស្អំនៅក្បែរផ្ទះសុខៗ ក៏ទាញកាំបិតផ្គាក់កាប់ប្រហារប្រពន្ធ បណ្តាលឱ្យដាច់កស្លាប់នៅនឹងកន្លែង បន្ទាប់មកបុរសជាប្តី ក៏បានយកកាំបិតចុងស្រួច អារកខ្លួនឯង បណ្តាលឱ្យដេកស្លាប់ទន្ទឹមនឹងសពប្រពន្ធ ដោយបន្សល់ទុកកូនស្រីចំនួន៣នាក់ ឱ្យរស់នៅកំព្រាឯកា គ្មានទីពឹង។
ករណីប្តីកាប់ប្រពន្ធស្លាប់ រួចសម្លាប់ខ្លួនតាមក្រោយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុមការ ស្ថិតក្នុងភូមិពូហ្យាមឃុំសែនមនោរម្យ ស្រុកអូរាំង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយ បុរសជាប្តីឈ្មោះង្រើម វីន អាយុ៤៣ឆ្នាំ ជាជនជាតិព្នង បានប្រើកាំបិតផ្គាក់កាប់ប្រពន្ធឈ្មោះក្លើយ សុកេ អាយុ៤០ឆ្នាំ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង រួចក៏សម្រេចចិត្តអារកសម្លាប់ខ្លួនតាមក្រោយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធខាងលើ បានចាប់ដៃសាងគ្រួសារជាមួយគ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយបង្កើតបានកូនស្រីចំនួន៣នាក់ សព្វថ្ងៃកូនស្រីច្បងមានអាយុ១៤ឆ្នាំមកហើយ។ កន្លងមកប្តីប្រពន្ធអ្នកទាំង២ រស់នៅចុះសម្រុងនឹងគ្នាល្អ ណាស់ មិនដែលមានទំនាស់អ្វីធំដុំនោះទេ។
ប្រភពដដែលបន្តថា លុះមកដល់រយៈពេលជាង៦ខែចុងក្រោយនេះ បុរសជាប្តីស្រាប់តែកើតមានជំងឺសរសៃប្រសាទ (វិកលចរិត) ធ្វើឱ្យមានចរិតឆេវឆាវ កោងកាចខ្លាំងណាស់។ ស្រាប់តែនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ខណៈដែលស្ត្រីរងគ្រោះជាប្រពន្ធកំពុងឈរបេះត្រួយស្អំនៅក្បែរផ្ទះ ស្រាប់តែបុរសជាប្តី បានទាញកាំបិតផ្គាក់កាប់ប្រហារប្រពន្ធបណ្តាលឱ្យដាច់កស្លាប់ក្រោមដើមស្អំតែម្តង។
ប្រភពខាងលើ បញ្ជាក់ថា ក្រោយពេលកាប់ប្រពន្ធដាច់កស្លាប់រួចមក ជនដៃដល់ជាប្តី ក៏បានយកកាំបិតចុងស្រួចមកអារកខ្លួនឯងបណ្តាលឱ្យដាច់បំពង់កដេកស្លាប់ទន្ទឹមសាកសពប្រពន្ធ នៅកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថា ដំបូងឡើយ សមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍មកថា មានករណីឃាតកម្មជនមិនស្គាល់មុខឡើងទៅកាប់សម្លាប់ប្តីប្រពន្ធ២នាក់ដល់លើផ្ទះ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះស្រាវជ្រាវដល់មូលដ្ឋានខាងលើ តែជួបនឹងការលំបាកយ៉ាង ខ្លាំង ដោយសារតែលំនៅដ្ឋានរបស់ក្រុមគ្រួសារខាងលើ នៅក្នុងតំបន់ព្រៃដាច់ស្រយាល។
បន្ទាប់ពីចុះទៅដល់ទីតាំងកើតហេតុ និងក្រោយពីសួរនាំសាក្សីរួចរាល់ ទើបសមត្ថកិច្ចអាចសន្និដ្ឋានបានថា ករណីនេះ មិនមែនជាករណីជនមិនស្គាល់មុខអារកសម្លាប់ប្តីប្រពន្ធដូចព័ត៌មានដែលទទួលបានពីដំបូងនោះទេ តែជាករណីប្តីកាប់ប្រពន្ធដាច់ក រួចអារកសម្លាប់ខ្លួនឯងតាមក្រោយ។ មូលហេតុ ដោយសារតែជនសង្ស័យជាប្តី មានសតិមិនល្អ (វិកលចរិតរយៈពេល៦ខែហើយ)។
សាកសពទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិយក ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិភាគតិច៕