ខេត្តកំពង់ធំ៖ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ ឱ្យតែផឹកស្រាស្រវឹងតែងតែទៅដេកនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង លុះក្រុមគ្រួសារភ្លេចខ្លួន ស្រាប់តែស្ត្រីមេម៉ាយរូបនោះ ដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត ឈាន ចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងខ្លង ឃុំច្រនាង ស្រុកបារាយណ៍។
ស្ត្រីមេម៉ាយគិតខ្លីដែលផឹកស្រាស្រវឹង ចងកធ្វើអត្តឃាត មានឈ្មោះម៉ម មី អាយុ៥១ឆ្នាំ ជាស្ត្រីមេម៉ាយ មានលំនៅក្នុងភូមិឃុំខាងលើ។
តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងថា ស្ត្រីរងគ្រោះគឺជាស្ត្រីមេម៉ាយ រស់នៅតែម្នាក់ឯង និងចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងជារៀងរាល់ថ្ងៃ ហើយឱ្យតែស្រវឹងស្រាម្តងៗ ស្ត្រីរងគ្រោះ តែងតែទៅដេកនៅក្នុងបន្ទប់ទឹករហូត។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះ បានចេញទៅផឹកស្រាដូចសព្វដង រហូតដល់យប់ជ្រៅស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់មកផ្ទះវិញ ហើយក៏ចូលទៅដេកក្នុងបន្ទប់ទឹកបាត់ទៅ។ ចំណែកក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍អ្វីដែរ រហូតដល់វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ខណៈដែលក្រុមគ្រួសារក្រោកចូលបន្ទប់ទឹកស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យស្រែកឆោឡោឡើងផ្អើលដល់អ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយស្ត្រីរងគ្រោះបានឡើងឈរលើអាងទឹកបង្គន់ក្រោយផ្ទះ ហើយយកក្រមាចងកភ្ជាប់ទៅនឹងផ្លានដំបូលបង្គន់ បន្ទាប់មកក៏ទម្លាក់ខ្លួ នចុះក្រោម បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
សាកសបស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕