ប៉ោយប៉ែត ៖ បុរសជាជាងសំណង់ម្នាក់ កំពុងកាន់ម៉ូទ័រកាត់ការ៉ូ ដើម្បីរៀបការ៉ូក្នុងបន្ទប់ទឹកសុខៗ ស្រាប់តែរអិលជើងដួល បណ្តាលឱ្យមុតផ្លែម៉ូទ័រចំបំពង់ក បាញ់ឈាមពេញបន្ទប់ទឹក ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះកំពុងជួសជុលមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
បុរសរងគ្រោះដែលមុតផ្លែម៉ូតូដាច់បំពង់កស្លាប់ មានឈ្មោះឌឿន ចយ អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ផ្នែករៀបការ៉ូ មានលំនៅក្នុងភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី។
តាមសម្តីយុវជនឈ្មោះម៉ៃ រ៉ូ អាយុ២០ឆ្នាំ ជាកម្មករសំណង់ និងជាអ្នកធ្វើការជាមួយនឹងជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលធ្វើការដូចធម្មតា ដោយកាន់ម៉ូទ័រចូលទៅក្នុងបន្ទប់ទឹក ដើម្បីកាត់ការ៉ូរៀបក្នុងបន្ទប់ទឹក។ លុះពេលដែលរូបគេ កំពុងលាយស៊ីម៉ងត៍នៅខាងក្រៅ ដើម្បីយកទៅឱ្យជនរងគ្រោះបិទការ៉ូក្នុងបន្ទប់ទឹក ក៏ស្រាប់តែលាន់ឮសំឡេងជនរងគ្រោះបញ្ឆោះម៉ូទ័រកាត់ការ៉ូ លុះបន្តិចក្រោយមក ក៏លាន់សំឡេងដួលលឺប៉្រាវ ភ្លាមនោះរូបគេ ក៏ស្ទុះរត់ទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម នៅក្នុង បរិវេណបន្ទប់ទឹកក្បែរបង្គន់ ដោយម៉ូទ័រកាត់ការ៉ូ នៅមិនទាន់ពន្លត់នៅឡើយ។ ភ្លាមនោះរូបគេ បានស្ទុះទៅដកឌុយភ្លើង រួចក៏ស្រែកឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ដោយសារតែមុតនឹងម៉ូទ័រកាត់ការ៉ូ ប្រាកដមែន។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ នៅមុនកើតហេតុ ជនរងគ្រោះបានបញ្ឆេះម៉ូទ័រកាត់ការ៉ូ ដើម្បីរៀបការ៉ូក្នុងបន្ទប់ទឹក តែដោយបន្ទប់ទឹកនោះតូចចង្អៀត ទើបចៃដន្យពេលជនរងគ្រោះឡើងលើចាន់បង្គន់ ក៏រអិលដួលធ្វើឱ្យផ្លែម៉ូទ័រមុតចំបំពង់កជិតដាច់ ហូរឈាមបាញ់ប្រឡាក់ ជញ្ជាំងការ៉ូកំពស់ប្រហែល១ម៉ែត្រ រួចក៏ដាច់ខ្យល់ស្លាប់នៅកន្លែងតែម្តង។
សមត្ថកិច្ច បញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះខាងលើនេះ មិនមែនជាករណីឃាតកម្មនោះទេ ដោយសារតែជនរងគ្រោះធ្វេសប្រហែសដោយខ្លួនឯង ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ពេលកំពុងបំពេញការងារបែបនេះ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕