Sunday, October 12, 2025
Homeព័ត៌មានជាតិប្រពន្ធចុងមានផ្ទៃពោះ៤ខែ ដឹងរឿងមានប្រពន្ធដើម ប្តីចាក់សម្លាប់ រួចរត់ទៅចងកសម្លាប់ខ្លួន

ប្រពន្ធចុងមានផ្ទៃពោះ៤ខែ ដឹងរឿងមានប្រពន្ធដើម ប្តីចាក់សម្លាប់ រួចរត់ទៅចងកសម្លាប់ខ្លួន

ខេត្តសៀមរាប ៖ បុរសម្នាក់មានប្រពន្ធរួចទៅហើយ តែបែរជាលួចលាក់ទាក់ទងយកស្ត្រីម្នាក់ទៀតធ្វើជាប្រពន្ធចុង លុះក្រោយពេលប្រពន្ធចុងមានផ្ទៃពោះ៤ខែ ទើបបែកធ្លាយរឿងរ៉ាវដឹងថា ប្តីជើងល្អនេះមានប្រពន្ធរួចទៅហើយ ប៉ុន្តែនាងក៏មិនបានរករឿងឈ្លោះប្រកែកអ្វីដែរ ស្រាប់តែនៅសុខៗ បុរសជាប្តីបែរជាទាញកូនកាំបិតចាក់សម្លាប់ប្រពន្ធចុង បណ្តាលឱ្យធ្លាយពោះវៀនស្លាប់គួរឱ្យរន្ធត់ បន្ទាប់មក បុរសជាប្តីបានរត់ទៅចងកសម្លាប់ខ្លួនដែរ តែត្រូវសមត្ថកិច្ចតាមទាន់ចាប់ក្របួចជាប់។

ករណីឃាតកម្មដ៏ឃោរឃៅ ប្តីចាក់ប្រពន្ធចុងធ្លាយពោះវៀនស្លាប់ រួចប៉ុនប៉ងធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នោចំណុចផ្លូវលំត្រពាំងអកបល់ ជាផ្លូវទៅកន្លែងស៊ីទែនទឹកស្អាត ជំនួយអង្គការទស្សនៈពិភពលោក មានទីតាំងស្ថិតក្នុងភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម។ លុះក្រោយពេលចាក់សម្លាប់ប្រពន្ធរួច ជនដៃដល់ជាប្តីបានព្យាយាមរត់គេចខ្លួន រហូតដល់ម៉ោង៥និង៤០នាទីទៀបភ្លឺ ជនសង្ស័យបានព្យាយាមចងសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចតាមទាន់ចាប់ក្របួចជាប់ នៅចំណុចភូមិផ្ការរំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

ស្ត្រីរងគ្រោះដែលត្រូវជនជាឃាតករចិត្តកំណាចចាក់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះប៉ក់ ឈាន អាយុ៣៦ឆ្នាំ មុខរបរកម្មករ កំពុងមានផ្ទៃពោះ៤ខែ និងមានលំនៅភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកជនដៃដល់ជាឃាតករដៃឆៅ មានឈ្មោះស៊ន់ ទឹត អាយុ៣៦ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

តាមសម្តីស្ត្រីជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីគាត់ដែលស្លាប់ទៅនេះ (ស្ត្រីរងគ្រោះ) ទើបនឹងទទួលយកជនដៃដល់ធ្វើជាប្តី បានរយៈពេលប្រមាណ៨ខែប៉ុណ្ណោះ រួចក៏នាំគ្នាមករស់នៅ និងធ្វើជាកម្មករសំណង់ជាមួយគ្នា។ លុះដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ជនដៃដល់ជាកូនប្រសារបស់គាត់ (ឃាតករ) បានលួចទៅផ្ទះប្រពន្ធដើមរបស់គេនៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូត្រនិគម ហើយពេលនោះ កូនស្រីគាត់បានបបួលគាត់ទៅតាមប្តីរបស់នាងនៅភូមិផ្ការំចេក នោះដែរ ដើម្បីទៅសុំយកអត្តសញ្ញាណប័ណ្ណ។ ស្រាប់តែពេលទៅដល់ ទើបពួកគាត់ដឹងថា ការពិតប្តីរបស់នាងមានប្រពន្ធរួចទៅហើយ នៅក្នុងភូមិនេះ។ យ៉ាងណាក្តី កូនស្រីរបស់គាត់ក៏មិនបានទៅរករឿងឈ្លោះប្រកែកអ្វីជាមួយប្តីដែរ។

ម្តាយបង្កើតរបស់ស្ត្រីរងគ្រោះ បន្តថា រហូតមកដល់យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ គាត់និងកូនស្រីបានដើរត្រឡប់ផ្ទះវិញ ស្រាប់តែត្រូវជនដៃដល់ជាប្តីចិត្តកំណាច តាមមកចាក់សម្លាប់កូនស្រីគាត់ បណ្តាលឱ្យធ្លាយពោះវៀនស្លាប់នៅកណ្តាលផ្លូវតែម្តង ព្រោះតែដឹងថា រឿងរ៉ាវបានបែកការណ៍ទៅដល់ប្រពន្ធដើមដឹងរឿងថា គេមានប្រពន្ធចុង ទើបគេមានគំនិតសម្លាប់ប្រពន្ធចោលបែបនេះតែម្តង។

ក្រោយជនដៃដល់ជាឃាតករចាក់សម្លាប់ប្រពន្ធរួចហើយ ក៏បានព្យាយាមរត់គេចខ្លួនបាត់ស្រមោល តែត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការស្រាវជ្រាវទាំងយប់ រហូតដល់វេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចក៏តាមរកនិងប្រទះឃើញជនសង្ស័យ កំពុងឡើងចងកលើចុងឈើ ស្ថិតនៅខាងក្រោយផ្ទះខាងកើតភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម។ លុះពេលឃើញកម្លាំងសមត្ថកិច្ចចុះទៅដល់ព្រោងព្រាត ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ធ្លាក់ពីលើចុងឈើមកដីសន្លប់បាត់មាត់ឈឹង និងត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក រហូតដល់ដឹងខ្លួន ទើបនាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ប្រាប់ថា តាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានបង្ហាញថា ស្ត្រីរងគ្រោះត្រូវជនដៃដល់ជាប្តីចាក់ប្រហារនឹងកាំបិតចុងស្រួចចំចុងឆ្អឹងជំនី (កណ្តៀតក្អម) ១កាំបិត បណ្តាលឱ្យធ្លាយចេញពោះវៀនមកក្រៅ និងចាក់ចំដៃឆ្វេង ព្រមទាំងឆ្អឹងស្លាបប្រចៀវ១កាំបិត បណ្តាលឱ្យស្លាប់នៅកន្លែងកើត គួរឱ្យរន្ធត់។

ជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES