ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ព្រោះតែវក់នឹងល្បែងអនឡាញអស់លុយពីខ្លួន ក៏បែកគំនិតគិតខ្លី ចាក់សាំងដុតសម្លាប់ខ្លួន បណ្តាលឱ្យឆេះខ្លោចស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ផ្ទះសំណាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុច បន្ទប់ផ្ទះសំណាក់ យីហោ “នាគមាស” ដែលមានទីតាំងស្ថិតនៅខាងមុខហាងលក់ម៉ូតូហុងដា ស្ថិតក្នុងភូមិប៉ាលីលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
បុរសគំនិតខ្លី ដែលចាក់សាំងដុតសម្លាប់ខ្លួនព្រោះតែចាញ់ល្បែងអស់ពីខ្លួន មានឈ្មោះលីម វាយតាត អាយុ៣៥ឆ្នាំ ជាជនជាតិម៉ាឡេស៊ី មុខរបរទេសចរណ៍ ស្នាក់នៅបន្ទប់ផ្ទះសំណាក់ នាគមាស ស្ថិតនៅទីតាំងកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះខាងលើ ដែលជាភ្ញៀវទេសចរណ៍ចូលលេងល្បែងក្នុងកាស៊ីណូតាមព្រំដែន បានមកជួលផ្ទះសំណាក់ខាងលើស្នាក់នៅ១យប់ ដោយពុំមានអ្វីគួរឱ្យសង្ស័យនោះឡើយ។ រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ក៏មានបុគ្គលិកផ្ទះសំណាក់ ដើរកាត់បន្ទប់ខាងលើ រួចក៏ធុំក្លិនឈ្ងៀមយ៉ាងចម្លែក ទើបសង្ស័យ ក៏បើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើឥដ្ឋក្បែរពូក ឡើងខ្លោចខ្មៅរោលទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចាក់សាំងដុតសម្លាប់ខ្លួនប្រាកដមែន។ មូលហេតុអាចជាករណីចាញ់ល្បែងភ្នាល់តាមអ៊ីនធឺណេត ហើយពិបាកចិត្តខ្លាំងពេក ក៏សម្រេចចិត្តចាក់សាំងដុតសម្លាប់ខ្លួនឯងតែម្តង។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងស្ថានទូត ដើម្បីមកទទួលយកទៅចាត់ចែងបន្ត៕