Sunday, October 12, 2025
Homeព័ត៌មានជាតិម្តាយបង្ខំលេបថ្នាំ កូនប្រុសខឹងរត់ទៅខ្ចីកាំបិតអ្នកជិតខាង ដេញកាប់

ម្តាយបង្ខំលេបថ្នាំ កូនប្រុសខឹងរត់ទៅខ្ចីកាំបិតអ្នកជិតខាង ដេញកាប់

ខេត្តបន្ទាយមានជ័យ ៖ យុវជនឈាមរាវម្នាក់បានប្រើប្រាស់ថ្នាំញៀនរហូតកើតមានជំងឺសរសៃប្រសាទ និងត្រូវក្រុមគ្រួសារនាំទៅព្យាបាលអស់រយៈពេល២ឆ្នាំហើយ ដោយគ្រូពេទ្យតម្រូវឱ្យលេបថ្នាំជាប់ជាប្រចាំ លុះត្រូវម្តាយបង្ខំឱ្យលេបថ្នាំតាមការកំណត់ ស្រាប់តែកូនប្រុសច្រឡោតខឹងរត់ទៅខ្ចីកាំបិតពីអ្នកជិតខាង មកដេញកាប់ម្តាយទាំងកំរោល ធ្វើឱ្យម្តាយភ័យរត់គេចទាំងព្រលឹងចុងសក់ និងត្រូវប្រជាពលរដ្ឋព្រួតចាប់ចង យកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ហេតុការណ៍កូនប្រុសទាញកាំបិតដេញកាប់ម្តាយបង្កើតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនបង្កហេតុខាងលើ មានឈ្មោះជុំ វណ្ណនី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សកើតមានជំងឺសរសៃប្រសាទ ព្រោះតែប្រើប្រាស់ថ្នាំញៀនច្រើនលើសលប់ពេក។ ចំណែកស្ត្រីរងគ្រោះជាម្តាយដែលត្រូវកូនប្រុសប៉ងសម្លាប់ មានឈ្មោះង៉ែត ពៅ អាយុ៤៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនបង្កហេតុ) បានប្រើប្រាស់ថ្នាំញៀនរហូតដល់កើតអាការៈបែកថ្នាំ និងក្លាយទៅជាជំងឺសរសៃប្រសាទ ហើយគ្រុមគ្រួសារគាត់ក៏បាននាំកូនប្រុសនេះ ទៅព្យាបាលអស់រយៈពេលជាង២ឆ្នាំរួចមកហើយដែរ តែនៅមិនជាសះស្បើយសោះ ទោះជាគ្រូពេទ្យតម្រូវឱ្យកូនប្រុសគាត់លេបថ្នាំចាប់ជាប្រចាំយ៉ាងណាក៏ដោយ។

ស្ត្រីរងគ្រោះជាម្តាយ បន្តថា ជារៀងរាល់ថ្ងៃ គាត់តែងបង្ខំឱ្យកូនប្រុសនេះលេបថ្នាំ ដើម្បីឱ្យកូនឆាប់បានជាដូចដើមវិញ ហើយថ្ងៃខ្លះ កូនប្រុសក៏ព្រមលេបតាមសម្រួល តែថ្ងៃខ្លះវិញមិនព្រមលេប ទាល់តែគាត់ចាប់បង្ខំទើបព្រម។ លុះមកដល់ថ្ងៃកើតហេតុខាងលើ កូនប្រុសនេះមិនព្រមលេបថ្នាំតាមការកំណត់របស់គ្រូពេទ្យសោះ ទើបគាត់បានបង្ខំឱ្យគេលេប ស្រាប់តែកូនប្រុសរូបនេះកើតមានអាការៈមួម៉ៅក្តៅក្រហាយយ៉ាងខ្លាំង រហូតដល់រត់ទៅរកខ្ចីកាំបិតអ្នកជិតខាង រួចកាន់កាំបិតជាប់នឹងដៃមកដេញកាប់បំណងសម្លាប់គាត់ជាម្តាយចោលតែម្តង ព្រោះតែខឹង ដែលគាត់បង្ខំឱ្យគេលេបថ្នំរាល់ថ្ងៃពេក។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា នៅពេលដែលឃើញកូនប្រុសកាន់កាំបិត ស្ទុះសំដៅមករកគាត់ជាម្តាយ ធ្វើឱ្យគាត់ភ័យ ក៏រត់គេចខ្លួន និងស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ក្មួយប្រុសរបស់គាត់ឈ្មោះសៅ កាន់តារា រស់នៅក្បែរខាងចេញមកជួយឃាត់ និងធ្វើឱ្យកើតមានជម្លោះនឹងគ្នាទៀតផង ទើបអ្នកជិតខាងបានជួយចាប់កូនប្រុសចិត្តកំណាចរូបនេះ យកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES