ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលសារជាថ្មីម្តងទៀតហើយ ខណៈដែលគូស្នេហ៍ថ្មោងថ្មី (គោចាស់ប៉ះស្មៅខ្ចី) មួយគូថ្មី ត្រូវបានអ្នកប្រើប្រាស់ធ្វើការបង្ហោះចែកចាយផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីប្រទះឃើញកូនកំលោះវ័យចំណាស់ អាយុខ្ទង៦០ប្លាយ បានរៀបចំសែនព្រេនជាមួយនារីវ័យក្មេងម្នាក់ធ្វើជាប្រពន្ធ ទាំងដែលទឹកមុខកូនក្រមុំ ហាក់ស្រពាប់ស្រពោន ទំនងជាមិនពេញចិត្តនឹងពិធីមួយនេះទាល់តែសោះ។
គូស្នេហ៍គោចាស់ប៉ះស្មៅខ្ចីខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ កូនកំលោះមានវ័យមិនក្រោម៦០ប្លាយនោះទេ ចំណែកខាងកូនក្រមុំ មានវ័យត្រឹមតែជាង២០ឆ្នាំប៉ុណ្ណោះ។
ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការបង្ហោះចែកចាយតៗគ្នា នូវវីដេអូឃ្លីបមួយ បង្ហាញពីពិធីសែនព្រេន រវាងកូនកំលោះវ័យចំណាស់ ជាមួយនឹងកូនក្រមុំវ័យក្មេងខ្ចី ព្រមទាំងមានសំណេរភ្ជាប់ជាមួយថា “គោចាស់ប៉ះស្មៅខ្ចី!!! ឆ្ងល់ណាស់ ហេតុអ្វីនៅថ្ងៃសិរីសួស្តី ខាងស្ត្រីធ្វើមុខស្រពោនបែបនេះទៅវិញ? សម័យនេះ ឱ្យតែមានលុយ គឺអាចធ្វើអ្វីបានទាំងអស់។ មានតែជូនពរអ្នកទាំង២ ឱ្យស្រលាញ់គ្នា ឱ្យបានមានសេចក្តីសុខចុះ…”។
យោងតាមវីដេអូឃ្លីបរយៈពេល១៧វិនាទី គេឃើញលោកតាជាកូនកំលោះ ស្ថិតក្នុងសម្លៀកបំពាក់ខោខ្មៅ អាវដៃវែងពណ៌ស មានពាក់វែនតា សក់ក្បាលសុទ្ធតែស្កូវ បានលើកខ្សែក១ខ្សែ បំពាក់ជូនកូនក្រមុំ ដែលស្លៀកពាក់សំពត់ហូល អាវប៉ាក់ ពណ៌លឿង ពានាក្រមាពណ៌ស យ៉ាងរហ័សរហួន ហាក់ដូចជាចង់បញ្ជាក់ប្រាប់ថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ព្រោះត្បិតអាយុរបស់កូនកំលោះច្រើនបន្តិចមែន តែនៅតែមានភាពវាងវៃរហ័សរហួនល្អនៅឡើយ។ ដោយឡែក កូនក្រមុំវិញ ត្រូវបានគេមើលឃើញថា មានទឹកមុខហាក់ដូចជាមិនសូវសប្បាយចិត្តសោះ ចេះតែស្រពាប់ស្រពោន និងមិនព្រមងាកសម្លឹងមើលទៅមុខកូនកំលោះសោះ។ យ៉ាងណា ពិធីសែនព្រេនខាងលើ ត្រូវគេឃើញថា មានចាស់ទុំចូលរួមជាច្រើននាក់ផងដែរ ព្រមទាំងមានចាក់ភ្លេងការកំដរកម្មវិធីទៀតផង។
គួរបញ្ជាក់ថា ក្រោយការបង្ហោះចែកចាយវីដេអូឃ្លីបខាងលើរួចមក ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយម្នាក់ៗចាប់អារម្មណ៍ត្រង់ថា កូនក្រមុំមានវ័យក្មេង សាច់សខ្ចី រូបក៏ស្រស់ បែរជាទៅរៀបការជាមួយនឹងកូនកំលោះមានវ័យចំណាស់សក់សព្រោងទៅវិញ។ មិនតែប៉ុណ្ណោះអ្នកលេងហ្វេសប៊ុក រួមនឹងផេកហ្វេសប៊ុកមួយចំនួន បាននាំគ្នាវាយប្រហាររិះគន់ទៅលើគូស្វាមីភរិយាខាងលើ ដោយខ្លះថា ជាចំណងស្នេហ៍ខុសវ័យ ដែលផ្តើមចេញពីទឹកប្រាក់ ខ្លះថាអំណាចទឹកប្រាក់សម្លាប់ទឹកចិត្តស្មោះបុរសអស់ទៅហើយ រីឯខ្លះទៀតហ៊ានទាំងប្រៀប ធៀបថា គោចាស់ប៉ះស្មៅខ្ចីទៀតផង។
យ៉ាងណាក្តី ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនកូនកំលោះក្រមុំខាងលើបាននៅឡើយ៕