ខេត្តព្រៃវែង ៖ ក្មេងស្រីម្នាក់ទើបនឹងត្រឡប់មកពីហូបបាយនៅផ្ទះជីដូនវិញ ក៏ដើរតែម្នាក់ឯងសំដៅមកផ្ទះទាំងយប់ លុះមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវយុវជនជាអ្នកស្គាល់គ្នាម្នាក់ល្បួងហៅឱ្យឡើងជិះម៉ូតូ ចាំគេជូនទៅផ្ទះ លុះក្មេងស្រីរងគ្រោះឡើងជិះពីក្រោយ ក៏ត្រូវជនសង្ស័យដឹកទៅកណ្តាលវាលស្រែ រួចធ្វើសកម្មភាពចាប់រំលោភរហូតដល់បានសម្រេច។
ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវាលស្រែចម្ងាយប្រមាណ៥០០ម៉ែត្រ ពីផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតនៅក្នុងភូមិក្រាំងចិន ឃុំស្តៅកោង ស្រុកបាភ្នំ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រីរហូតដល់បានសម្រេច និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះអាន ពុទ្រា ហៅយុត អាយុ២១ឆ្នាំ រស់នៅភូមិព្រៃជនាង ឃុំបានាល ស្រុកឈូក ខេត្តកំពត មុខរបរកម្មករបើកអាអ៊ិច បច្ចុប្បន្នស្នាក់នៅភូមិក្រាំងចិន ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះជ.ស.ផ.ណ អាយុ១៤ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាងនិងជនសង្ស័យ ធ្លាប់ស្គាល់រាប់អានគ្នាមួយរយៈពេលកន្លងមកហើយ តែមិនដែលមានរឿងអ្វីកើតឡើងនោះទេ។ នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នាងបានដើរទៅផ្ទះជីដូន ដើម្បីហូបបាយ។ លុះក្រោយពេលហូបបាយទឹករួច នៅវេលាម៉ោង៨យប់ថ្ងៃដដែល នាងបានធ្វើដំណើរចេញពីផ្ទះយាយត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ស្រាប់តែពេលដែលនាងកំពុងដើរបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែលេចមុខជនសង្ស័យឈ្មោះអាន ពុទ្រា ហៅយុត ជិះម៉ូតូមកដល់ រួចក៏ហៅនាងឱ្យឡើងជិះជាមួយ ដោយធានាថានឹងជូននាងទៅផ្ទះ។ ភ្លាមនោះ នាងក៏បានឡើងជិះម៉ូតូរួមដំណើរជាមួយជនសង្ស័យ ស្រាប់តែជនសង្ស័យមិនត្រឹមតែមិនបានជូននាងត្រឡប់ទៅផ្ទះវិញនោះទេ តែបែរជាបើកម៉ូតូបង្ហួសទៅកាន់វាលស្រែ ចម្ងាយប្រមាណ៥០០ម៉ែត្រពីផ្ទះរបស់នាង រួចក៏ធ្វើសកម្មភាពចាប់សម្រាតខោអាវនាងចេញអស់ បន្ទាប់មកក៏ចាប់រំលោភនាងទាំងកំរោល រហូតដល់បានសម្រេចតែម្តង។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យមិនបានរត់គេចទៅណាទេ ចំណែកក្មេងស្រីរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចឱ្យចុះទៅចាប់ឃាត់ខ្លួន ជនសង្ស័យនាំយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលស្តៅកោង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអាន ពុទ្រា ហៅយុត បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេចប្រាកដមែន។
ជនសង្ស័យបន្តសារភាពថា នៅមុនពេលកើតហេតុ រូបគេជិះម៉ូតូតែម្នាក់ឯង ចៃដន្យក៏ជួបនឹងក្មេងស្រីរងគ្រោះដែលជាមនុស្សធ្លាប់ស្គាល់គ្នា ដើរតាមផ្លូវតែម្នាក់ឯង ទើបបែកគំនិតល្បួងហៅនាងឡើងជិះម៉ូតូ ដោយកុហកថា នឹងជូននាងទៅផ្ទះ លុះទៅកណ្តាលវាល់ស្រែ ក៏ចាប់នាងរំលោភរហូតបានសម្រេចតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕