Saturday, January 18, 2025
Homeសង្គម និងជីវិតប្រពន្ធរត់តាមប្រុសថ្មី ប្តីទួញយំផ្អើលហ្វេសប៊ុក

ប្រពន្ធរត់តាមប្រុសថ្មី ប្តីទួញយំផ្អើលហ្វេសប៊ុក

ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធ២នាក់នេះ កំពុងរួមរស់ជុំគ្នាយ៉ាងមានសុភមង្គល ស្រាប់តែស្ត្រីជាប្រពន្ធចេះលេងហ្វេសប៊ុក ឆាតចុះឆាតឡើង ជាមួយនឹងប្រុសម្នាក់ ទីបំផុត ក៏បែកគំនិតវេចបង្វេចរត់ចោលប្តី និងកូន២នាក់ ខណៈដែលកូនទី២ ទើបនឹងមានអាយុ៨ខែ មិនទាន់ចេះបៅទឹក ដោះគោនៅឡើយ ជាហេតុធ្វើឱ្យបុរសជាប្តីឈឺចិត្តស្អិតទ្រូងតាមរកប្រពន្ធមិនឃើញ ក៏ស្រែកទួញយំតាមហ្វេសប៊ុក ដង្ហោយហៅប្រពន្ធត្រឡប់មកវិញ។

បុរសអភ័ព្វដែលត្រូវប្រពន្ធរត់ចោលនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណ៣០ឆ្នាំ និងមានកូនប្រុសស្រី២នាក់ ក្នុងនោះកូនប្រុសច្បងទើបនឹងមានអាយុជាង៤ឆ្នាំ ចំណែកកូនស្រីពៅ ទើបនឹងមានអាយុ៨ខែប៉ុណ្ណោះ សព្វថ្ងៃរស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកស្ត្រីជាប្រពន្ធ បានវេចបង្វេចរត់ចោលផ្ទះ តាំងពីវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨។

យោងតាមវីដេអូឃ្លីបរយៈពេល៦នាទី និង១០វិនាទី ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បុរសជាប្តីអភ័ព្វបានរៀបរាប់ទាំងអួលអាក់ថា “ខ្ញុំបាត់ប្រពន្ធខ្ញុំចំនួន៣ថ្ងៃហើយ ដោយសារប្រពន្ធខ្ញុំលេង Line ទូរស័ព្ទជាមួយប្រុសដែលនៅទីក្រុងភ្នំពេញ ឥឡូវប្រពន្ធខ្ញុំបានរត់ចោលខ្ញុំ រយៈពេល៣ថ្ងៃ ថ្ងៃទី០៥ហ្នឹង ចឹងខ្ញុំចង់បានឱ្យប្រពន្ធខ្ញុំហ្នឹងឃើញខ្ញុំ និងប្រុសស្នេហ៍ប្រពន្ធខ្ញុំហ្នឹងឃើញ ថាខ្ញុំនេះមិនទាន់ដាច់គ្នាទេ នេះជាប្រពន្ធខ្ញុំ តាំងពីកូន១ រហូតដល់កូន២ ដែលខ្ញុំថតជាមួយគ្នា ហើយនាងភរខ្ញុំថាទៅធ្វើការ តែខ្ញុំមិនយល់ថានាងទៅធ្វើការខាងអី? បើបងដែលធ្លាប់ទាក់ទងជាមួយប្រពន្ធខ្ញុំហ្នឹងណា បើបងឃើញដូច្នេះហើយ តើមានការឈឺចាប់អត់? បងឯងខ្វះស្រីណាស់ទៅអី? បងស្រី១គំនរបង មិនខ្វះទេ កុំមកយក ប្រពន្ធគេ ហើយពង្រាត់កូនគេទើបអាយុប្រហែលជា៨ខែនេះ តើបងឯងឈឺចាប់អត់? ខ្ញុំដេកមិនលក់ទេរាល់ថ្ងៃ ខ្ញុំបារម្ភណាស់ កូនខ្ញុំមិនទាន់ចេះបៅទឹកដោះគោផង ប្រពន្ធខ្ញុំចាប់ផ្តើមរត់ចោល តើខ្ញុំខុសអី? បើសិនជាខ្ញុំខុស ឱ្យខ្ញុំសុំទោស ខ្ញុំចង់បានប្រពន្ធខ្ញុំត្រឡប់មកវិញណាស់បង ចឹងសុំបងជួយស៊ែរតៗឱ្យបានដឹងផង ខ្ញុំអស់ពាក្យនិយាយហើយ ខ្ញុំមិនដឹងនិយាយថាម៉េចទេ ដើម្បីឱ្យប្រពន្ធខ្ញុំត្រឡប់មកវិញ…”។

បុរសជាប្តីរូបនេះបន្តថា “នៅពេលដែលប្រពន្ធចេញទៅនោះ គឺមិនបានឈ្លោះគ្នាទេ ចេញនៅសុខសប្បាយជាមួយគ្នាហ្នឹង បានខ្ញុំដឹងថា ប្រពន្ធខ្ញុំទៅភ្នំពេញ ព្រោះមានអ្នកប្រាប់ខ្ញុំថា ប្រពន្ធខ្ញុំឡើងឡានឈ្នួលទៅភ្នំពេញហើយ ចឹងមានតែទៅភ្នំពេញហ្នឹងឯង ព្រោះអីគេទាក់ទងតាមឆាតហ្នឹង ប្រុសស្នេហ៍គេថា ថ្ងៃទី០៥ ពេលល្ងាចគេបើកលុយ ចឹងប្រពន្ធខ្ញុំចេញទៅម៉ោង២រសៀល បងប្អូនតេក៏អត់លើក ខ្ញុំតេក៏អត់លើកដែររហូត ទល់ឥឡូវហ្នឹង… រាល់ថ្ងៃខ្ញុំប្រកបមុខរបរ ស៊ីឈ្នួលគេដកដំឡូង បេះតាង៉ែន កាច់ពោត ខ្ញុំដើរធ្វើការគ្រប់មុខទាំងអស់ ចំណែកប្រពន្ធនៅផ្ទះ មើលកូនប្រពន្ធ ខ្ញុំ មិនដែលធ្វើអីទេ ចាប់ផ្តើមនាងបែកគំនិតចង់ដើររកលុយហ្នឹង នាងក៏ចាប់ផ្តើមគេចកែចិត្តពីខ្ញុំ ហើយកូនក៏មិនសូវយកចិត្តទុកដាក់មើលដែរ នៅតែកាន់ទូរស័ព្ទឆាតចុះឆាតឡើង បារម្ភខ្លាចតែទូរស័ព្ទអស់ថ្ម លុះខ្ញុំថាឱ្យមួយម៉ាត់ពីរម៉ាត់ទៅ ក៏ចាប់ផ្តើមមានចិត្តខឹង មិនដឹង និយាយម៉េចទេ…”។

ជាចុងក្រោយបុរសអភ័ព្វខាងលើ បានបញ្ជាក់ថា “ខ្ញុំចង់ឱ្យប្រពន្ធត្រឡប់មកផ្ទះវិញ ខ្ញុំមិនខឹងទេ ឱ្យតែប្រពន្ធព្រមត្រឡប់មកវិញ ខ្ញុំអត់មានខឹងអ្វីទេ ព្រោះកន្លងមកហ្នឹង ខ្ញុំអត់បានយកចិត្តទុកដាក់រឿងប្រពន្ធនិយាយជាមួយគេ ក្រែងនាងលង់ចិត្តលង់អីតាមការអូសទាញរបស់គេ ចឹងខ្ញុំចង់ឱ្យប្រពន្ធត្រឡប់មកវិញ ទោះជាប្រពន្ធខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែទទួលប្រពន្ធខ្ញុំដែរ ខ្ញុំមិនចង់បាត់បង់ទេ ព្រោះអីធ្លាប់កម្សត់កម្រជាមួយគ្នា។ សព្វថ្ងៃកូនតូចរបស់ខ្ញុំ បានម្តាយក្មេកជួយមើលថែ ចំណែកខ្ញុំខំដើររកលុយទិញទឹកដោះគោឱ្យកូនបៅ។ ចំណែកបងដែលទាក់ទងជាមួយ ប្រពន្ធខ្ញុំ បើសិនជាបងបានឃើញឃ្លីបនេះ សូមបងជួយដោះលែងប្រពន្ធខ្ញុំមកវិញមក ខ្ញុំគ្រាន់តែសុំប៉ុណ្ណឹងទេ រីឯប្រពន្ធវិញ ទោះអូនធ្វើអ៊ីចឹង ក៏បងមិនយកទោសពៃរ៍អ្វីដែរ សំខាន់ឱ្យតែអូនព្រមមកជួបជុំជាមួយគ្រួសារយើងវិញគឺគ្រប់គ្រាន់ហើយ បងនឹងខំប្រឹងរកលុយឱ្យអូន និងកូន ដើម្បីឱ្យមានអនាគត ហើយកូនតូចកំពុងរកឪពុកម្តាយថ្នាក់ថ្នមអូនកុំធ្វើអ៊ីចឹង គួរអាណិតកូនតូចផង សូមអូនវិលវិញមក បងចាំទទួលដៃពីរ បងបើកចំហរ បេះដូងចាំអូន ព្រោះបងស្រលាញ់តែអូនទេ ស្រលាញ់ស្មោះណាស់ សូមអូនវិលវិញមក…”។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាប្រពន្ធបាននៅឡើយ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES