Sunday, October 12, 2025
Homeព័ត៌មានជាតិឪពុកជាប់ឃុំ កូនស្រីសំពះសុំអន្តរាគមន៍ពីសម្តេចហ៊ុន សែន ពេលនេះសមត្ថកិច្ចខេត្តកំពង់ចាម ហៅទៅដោះស្រាយ

ឪពុកជាប់ឃុំ កូនស្រីសំពះសុំអន្តរាគមន៍ពីសម្តេចហ៊ុន សែន ពេលនេះសមត្ថកិច្ចខេត្តកំពង់ចាម ហៅទៅដោះស្រាយ

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីនារីម្នាក់បានបង្ហោះសារទទូចអង្វរសុំឱ្យសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍រកយុត្តិធម៌ជូនឪពុករបស់នាង ដែលត្រូវបាននាងអះអាងថា កំពុងជាប់ឃុំដោយសារតែជាន់ដានរបស់គេ ក្នុងករណីចាប់ជម្រិតស្ត្រីវៀតណាមម្នាក់នៅឯខេត្តកំពង់ចាម។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Aza Be Strong បានបង្ហោះសាររៀបរាប់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ថា “ជួយស៊ែរយកតែបុណ្យទៅបងប្អូន ឱ្យបានដល់សម្តេចផង កូនចៅសូមគោរពទៅដល់លោកពុកសម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងអស់លោកដែលយល់ដឹងពីច្បាប់ច្បាស់លាស់ផង ថាកូនក្មួយឆោតល្ងង់ ក៏ថាចុះ បងប្អូនក្នុងហ្វេកប៊ុកជួយពិចារណា និងចេញជាយោបល់តាមការគួរណា ថាយល់យ៉ាងណាចំពោះរឿងនេះ។ កូនក្មួយមានរឿងអយុត្តិធម៌មួយ បានកើតឡើងចំពោះបុរសចំណាស់ម្នាក់ដែលជាឪពុកបង្កើតរបស់នាងខ្ញុំ សូមគោរពសម្តេច និងអស់លោកដែលចេះច្បាប់ និងយល់ដឹងច្បាស់លាស់ជួយចេញមកពន្យល់ និងរកយុត្តិធម៌អោយឪពុកនាងខ្ញុំផង កូនចៅក្រីក្រទីទាល់ណាស់ រកតែពុទ្ធោទេ លោកទេវតាអើយ កូនជឿថាយុត្តិធម៌ពិតជាមាន ហើយមានតែសម្តេចទេ ដែលស្រលាញ់ និងអាចរកភាពត្រឹមត្រូវឱ្យជនក្រីក្រដូចកូនបាន ឪពុកនាងខ្ញុំជាអ្នករត់តាក់ស៊ី កាលពីថ្ងៃ៣១,០៣,២០១៨ គាត់បានឌុបម៉ូយជាជនជាតិវៀតណាម១ក្រុម ពីភ្នំពេញទៅកំពង់ចាម ដោយពួកគេប៉ាវឡានដេកនៅសណ្ឋាគារភ្នំប្រុស ១យប់ លុះព្រឹកឡើងក៏ចុះមកហូបបាយទាំងអស់គ្នា ស្រាប់តែម្នាក់ស្រីជនជាតិវៀតណាមនោះ បានស្រែកឆោឡោថា ជួយនាងផង នាងបានត្រូវគេចាប់ជំរិត ហើយចំណែកពួកអាចាប់ជំរិតនោះ រត់ចែកជើងគ្នាបាត់អស់ក្នុងពេលនុងដែរ ប៉ាខ្ញុំឮបែបនោះក៏រត់ទៅចាប់ដៃនាងនោះ ក្នុងបំណងជួយ ហើយនិយាយប្រាប់នាងថា តោះពូជូនទៅផ្ទះវិញ តែនាងមិនព្រមទៅទេ ខ្លាចប៉ាខ្ញុំជាបក្សពួកគេ។ សាច់រឿងដូចបានរៀបរាប់ខាងលើ ហើយចំលើយរបស់ដើមបណ្តឹងក៏បានឆ្លើយថា ឪពុកនាងខ្ញុំពិតជាមិនបានជាប់ពាក់ព័ន្ធក្នុងរឿងនេះទេ គាត់គ្រាន់តែជាតាក់ស៊ីជាន់ដានគេទេ ហើយបានរត់មកជួយនាងទៀត គាត់មិនដឹងអីទេ ខ្ញុំមានទាំងវីដេអូចំលើយសារភាពរបស់នាងទៀត នាងពិតជាឆ្លើយចឹងមែន ពួកអារត់បាត់អស់នោះទេ ដែលជាអ្នកប្រព្រឹត្តិ ហើយបានតេទូរស័ព្ទទៅទារលុយឪពុកម្តាយនាង នៅឯវៀតណាមទៀត នាងឮពួកវានិយាយបែបនោះពីល្ងាច ហើយទើបព្រឹកឡើង នាងភ័យក៏ស្រែកឆោឡោឱ្យគេជួយដូចនេះឯង។ ឥលូវនេះ ទាំងនាងនោះក៏ទៅស្រុកកំណើតវិញអស់ហើយ នៅឡើយតែឪពុកចំណាស់របស់នាងខ្ញុំទេ ដែលគេមិនព្រមដោះលែងដោយស្រួលនោះ សាច់រឿងច្បាស់លាស់ក៏ដឹងអស់ហើយ ចំលើយសារភាពក៏ច្បាស់លាស់អស់ហើយ តែហេតុអ្វីនៅឃុំឃាំងឪពុករបស់កូនទៀត សម្តេចអើយជួយពន្យល់និងជួយពិចារណាផង តើនៅទោសអ្វីទៀតទៅ គ្រាន់តែជាសាច់រឿងជាន់ដានគេទេ ហេតុអ្វីតុលាការខេត្តកំពង់ចាម មិនទាន់ដោះលែងឪពុកនាងខ្ញុំទៀតអ៊ីចឹង ឬទុកគៀបច្របាច់កហុតឈាមអ្នកក្រយកលុយ? បើនាងខ្ញុំនិយាយខុស ក៏សូមលើកដៃសំពះសូមទោសចំពោះអស់លោកផង ដោយឆោតល្ងង់មិនយល់ពីច្បាប់ស្អីគេ មួយនេះពិតមែន បើខុសឆ្ងងឬមានអ្នកយល់ដឹងពីសាច់រឿងនេះពិតមែន សូមជួយចេញជាយោបល់ថា ឪពុកខ្ញុំនៅជាប់ពីទោសស្អីទៅផងលោក គាត់ចាស់ហើយ ហើយមានជំងឺប្រចាំកាយទៀត កើតទឹកនោមផ្អែមផង សន្លាក់ផង ដោះលែងគាត់ទៅអស់លោក ទេវតាអើយ កូនចៅរកតែពុទ្ធោទេរាល់ថ្ងៃនេះ ល្អតែមើល តែមិនល្អស៊ីទេ ក្រណាស់លោក សម្តេចជួយរកយុត្តិធម៌ឱ្យកូនផង ឬក៏អ្នកក្រត្រូវតែជួបរឿងអយុត្តិធម៌ មូលបង្កាច់ ទំលាក់កំហុស គ្រលាស់រឿងមិនពិតទៅជាបានប្រព្រឹត្តវិញ អាអ្នកសារពត៌មានក៏ចឹងដែរ គេទើបតែហៅឪឯងទៅសួរនាំមិនបាន១ម៉ោង មិនទាន់ដឹងរឿងស្អីផង ចុះផ្សាយវ៉ាប់ សុតតែចាប់បានជនជាតិវៀតណាមម្នាក់ក្រោយចាប់ជំរិត តែសាច់រឿងពិត គាត់គ្រាន់ជាអ្នករត់តាក់ស៊ីជាន់ដានគេសោះ សម្តេចអើយជួយកូនផង កូនចៅទាល់ក្រណាស់ ឪពុករត់ឡានបានតែម៉ាស៊ីៗចិញ្ចឹមអាត្មាទេ ជួយរកយុត្តិធម៌ឱ្យអ្នកក្រផង កុំឱ្យអ្នកចាំតែបាន នៅតែហែលទឹកភ្នែកអ្នកក្រដោយមិនខ្លាចបាបបុណ្យគុណទោសទៀតអ៊ីចឹងលោក…”។

ដោយឡែក កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារមួយបន្ថែមថា​ ”ក្រាបសំពះអគុណបងប្អូនក្នុងហ្វេកប៊ុកណាស់ ដែលបានជួយស៊ែរ ពេលនេះនាងខ្ញុំចេញដំណើរពីបាវិតទៅខេត្តកំពង់ចាមហើយ ខាងកំពង់ចាម គេហៅអោយឡើងទៅដោះស្រាយរឿងប៉ា មិនដឹងមិចម៉ាទៀតទេបងប្អូនអើយមានតែជួយបន់ស្រន់គ្នា សូមអោយឪពុកញំឆាប់បានចេញមកដោយសន្តិវិធីផង”។

គួររំលឹកថា កាលពីវេលាម៉ោងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅចំណុចសណ្ឋាគារភ្នំប្រុស ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយស្ត្រីជាជនជាតិវៀតណាមម្នាក់ បានរត់មកប្តឹងសមត្ថកិច្ចថា នាងត្រូវបានជនសង្ស័យមួយក្រុមចាប់ជំរិតទារប្រាក់ចំនួន១ម៉ឺនដុល្លារ បន្ទាប់ពីនាងបានខ្ចីប្រាក់ពីក្រុមជនសង្ស័យលេងល្បែងក្នុងកាស៊ីណូ ចាញ់អស់គ្មានសល់ ស្រាប់តែត្រូវក្រុមជនសង្ស័យចាប់ដាក់រថយន្តដឹកចេញពីខេត្តស្វាយរៀង មកខេត្តកំពង់ចាម ដើម្បីជំរិតទារលុយពីក្រុមគ្រួសាររបស់នាង។

ស្ត្រីរងគ្រោះដែលត្រូវក្រុមជនសង្ស័យចាប់ជំរិតទារប្រាក់១ម៉ឺនដុល្លារ មានឈ្មោះហុង ធិវី អាយុ២៩ឆ្នាំ ជាជនជាតិវៀតណាម ទីកន្លែង កំណើតនៅឃុំចាន់ងារ ស្រុកធូយ៉ាវម៉ូត ខេត្តបិនយឿង ប្រទេសវៀតណាម។

តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នាងបានជិះម៉ូតូឌុបចេញពីប្រទេសវៀតណាម ធ្វើដំណើរតាមផ្លូវម៉ុកបាយ ដើម្បីឆ្ពោះមកប្រទេសកម្ពុជា (ខេត្តស្វាយរៀង) ក្នុងគោលបំណងមកលេងល្បែងនៅ CASINO 999 (កន្លងមកយូរៗម្តងមកលេងនៅកាស៊ីណូនេះ)។ លុះក្រោយពីលេងល្បែងចាញ់អស់ហើយ នៅវេលាម៉ោងប្រហែល៦ព្រលប់ថ្ងៃដដែល នាងក៏បានចេញមកខាងក្រៅកាស៊ីណូ បំណងវិលត្រឡប់ទៅផ្ទះវិញ តែពុំមានមធ្យោបាយធ្វើដំណើរ ក៏ឈររេរានៅបរិវេណកាស៊ីណូ ខណៈនោះក៏បានជួបមនុស្សស្រីម្នាក់ជនជាតិវៀតណាមដូចគ្នា បាននាំនាងចូលទៅក្នុងវង់ល្បែងវិញ ហើយក៏មានមនុស្ស២នាក់ប្តីប្រពន្ធ បានផ្តល់កាក់ឱ្យនាង សរុបប្រហែល១០លានដុង ដើម្បីលេងល្បែងស្រង់ដើម ស្រាប់តែចាញ់អស់ទៀតគ្មានសល់។

ស្ត្រីរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ទើបក្រុមជនសង្ស័យមានគ្នា៥នាក់ (ប្រុស៣ ស្រី២) បាននាំនាងជិះរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2L-5070 ធ្វើដំណើរចេញពីខេត្តស្វាយរៀង ឆ្ពោះទៅស្នាក់នៅក្នុងបន្ទប់នៃសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ ក្នុងការស្នាក់នៅ គឺមានតែ១បន្ទប់ ហើយដេករួមគ្នាទាំង៦នាក់ ហើយពេលចេញទៅហូបអ្វី ឬទៅណាមកណា តែងមានអ្នកដើរតាម និងមានអ្នកដេកយាមនាងជានិច្ច មិនតែប៉ុណ្ណោះក្រុមជនសង្ស័យបានតម្រូវឱ្យនាងទូរស័ព្ទទៅឪពុកម្តាយរបស់នាងនៅឯប្រទេសវៀតណាម រកលុយផ្ញើមកឱ្យនាងចំនួន១ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងនាងទៅវិញ បើពុំដូច្នោះទេ ពួកគេនឹងផ្លាស់ប្តូរនាងចេញទៅកន្លែងផ្សេងទៀត។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ក្រុមជនសង្ស័យបាននាំនាងចុះពីបន្ទប់សណ្ឋាគារ ទៅរកអីហូបនៅខាងក្រោម។ ភ្លាមនោះ នាងបានរកលេសសុំទៅបត់ជើង ហើយក៏ស្រែកហៅឱ្យគេជួយ ធ្វើឱ្យក្រុមជនសង្ស័យភ័យឆោឡោ នាំគ្នារត់គេចខ្លួនបាត់អស់តែម្តង៕

RELATED ARTICLES