ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ បានសម្រេចបណ្តេញជនជាតិចិន សរុបចំនួន៨៩នាក់ ក្នុងនោះស្រី១៥នាក់ ចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
តាមប្រភពពីមន្ត្រីជំនាញ បានបញ្ជាក់ប្រាប់ថា ជនជាតិចិនដែលត្រូវបណ្តេញចេញពីកម្ពុជាទាំងនេះ ត្រូវចែកជា២ក្រុមរួមមានក្រុមទី១ បណ្តេញចេញនៅវេលាម៉ោង២ និង៥០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ រីឯក្រុមទី២ បណ្តេញចេញនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ តាមច្រកទ្វារអាកាសអន្តជាតិភ្នំពេញ។
ប្រភពដដែលបន្តថា ការបណ្តេញជនជាតិចិននេះ ធ្វើឡើងតាមការអនុវត្តសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ និងមានការចូលរួមពីខាងមន្ត្រីនគរបាលចិនអមដំណើរជាមួយផងដែរ។
សូមបញ្ជាក់ថា ជនជាតិចិនទាំង៨៩នាក់ខាងលើនេះ ត្រូវបាននគរបាលអន្តោប្រវេសន៍បង្ក្រាបកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ នៅអគារខុនដូលេខ៩៧ ផ្លូវលេខ៣៣៦ កែង២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំរាមគំហែង ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធីណែត៕