Sunday, October 12, 2025
Homeព័ត៌មានជាតិកូនប្រុសទើបចេញពីគុក ផឹកស្រវឹងកាប់ឪពុកម្តាយបងប្អូន រត់ជាន់ជើងគ្នាពេញភូមិ

កូនប្រុសទើបចេញពីគុក ផឹកស្រវឹងកាប់ឪពុកម្តាយបងប្អូន រត់ជាន់ជើងគ្នាពេញភូមិ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ទើបនឹងចេញពីគុកថ្មីៗ ក៏ជួបជុំមិត្តភក្តិផឹកស៊ីថ្ងៃបុណ្យចូលឆ្នាំ លុះស្រវឹងធ្លាក់ភ្នែកមកសុំលុយម្តាយទៅដើរលេង លុះម្តាយមិនឱ្យ ស្រាប់តែផ្ទុះកំហឹង ទាញកាំបិតប៉័ងតោដេញកាប់ឪពុកម្តាយបងប្អូន បណ្តាលឱ្យភ័យស្លន់ស្លោរត់ជាន់ជើងគ្នាផ្អើលពេញភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី។

កូនប្រុសអប្រិយដែលទាញកាំបិតដេញកាប់ឪពុកម្តាយ បងប្អូន ព្រោះតែខឹងសុំលុយអត់បាននេះ មានឈ្មោះនី សោភាន់ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីឪពុកម្តាយរបស់ជនបង្ក បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ ខណៈដែលពួកគាត់រួមនឹងកូនចៅឯទៀត កំពុងនៅជុំគ្នាថ្ងៃបុណ្យចូលឆ្នាំ ស្រាប់តែលេចមុខកូនប្រុសកំណាចខាងលើ (ជនបង្ក) មិនដឹងជាទើបនឹងត្រឡប់មកពីផឹកស៊ីនៅឯណានោះទេ ស្ថិតក្នុងអាការៈស្រវឹងធ្លាក់ភ្នែក បានដើរមកសុំលុយពីពួកគាត់ជាឪពុកម្តាយ ដើម្បីទៅដើរលេងជាមួយពួកម៉ាក។ ពេលនោះ ពួកគាត់បានប្រាប់ថា មិនមានលុយទេ រួចក៏ស្តីប្រដៅកូនប្រុសនេះ២-៣ម៉ាត់ថា ខ្លួនចាស់ហើយ ល្មមចេះគិតគូរវែងឆ្ងាយផងណា ណាមួយពួកគាត់ក៏មានវ័យចាស់ជរាណាស់ទៅហើយ មិនដឹងជាទៅធ្វើការរកលុយឯណាបានដូចមុន ទុកសម្រាប់ឱ្យកូនចាយតាមអំពើចិត្តនោះទេ។ គ្រាន់តែនិយាយចប់ ស្រាប់តែកូនប្រុសកំណាចបានស្ទុះទៅយកកាំបិតប៉័ងតោ ដេញកាប់ពួកគាត់និងបងប្អូន ធ្វើឱ្យកើតមានការភ័យស្លន់ស្លោ រត់ជាន់ជើងគ្នាពេញផ្ទះ និងបង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនបង្កខាងលើ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុបានឆ្លើយសារភាពថា មូលហេតុដែលរូបគេធ្វើបែបនេះ គឺគ្រាន់តែគំរាម ដើម្បីឱ្យឪពុកម្តាយឱ្យលុយមករូបគេតែប៉ុណ្ណោះ ណាមួយរូបគេផឹកស្រាស្រវឹងខ្លាំងផង ទើបធ្វើបែបនេះទៅ។

ដោយឡែកក្រុមគ្រួសារ បានបញ្ជាក់ប្រាប់ថា ជនបង្កខឹងរឿងឪពុកម្តាយស្តីប្រដៅ ទើបស្ទុះទៅទាញកាំបិតមកដេញកាប់បែបនេះ និងថែមទាំងគំរាមដេញមិនឱ្យឪពុកម្តាយ និងបងប្អូនចូលផ្ទះទៀតផង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាអប់រំមិនរាងចាល និងធ្លាប់ជាប់ពន្ធនាគាម្តងរួចមកហើយ ដោយទើបនឹងរួចខ្លួនកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ស្រាប់តែមិនបានប៉ុន្មានផង ក៏បង្ករឿងដេញកាប់ឪពុកម្តាយបងប្អូនរបស់ខ្លួនទៅវិញ។

ជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES