Sunday, January 19, 2025
Homeសង្គម និងជីវិតប្រពន្ធលួចទាក់ទងប្រុសថ្មី ប្តីចងកសម្លាប់ខ្លួន

ប្រពន្ធលួចទាក់ទងប្រុសថ្មី ប្តីចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង ៖ បុសម្នាក់ព្រោះតែតូចចិត្តនឹងរឿងប្រពន្ធចេញទៅធ្វើការនៅស្រុកថៃ រួចលួចទាក់ទងមានប្រុសថ្មីក្បត់ចិត្តប្តី ក៏សម្រេចចិត្តចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រោមដើមស្វាយខាង ក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល។

បុរសរងគ្រោះដែលឈឺចិត្តរឿងប្រពន្ធទៅធ្វើការស្រុកថៃ មានប្រុសថ្មី ក៏ដាច់ចិត្តចងកធ្វើអត្តឃាត មានឈ្មោះញ៉ កុសល់ អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះ បានសម្រេចចិត្តធ្វើចំណាក ស្រុកចេញទៅធ្វើការនៅឯប្រទេសថៃ ហើយទោះជាបុរសរងគ្រោះជាប្តីព្យាយាមហាមឃាត់យ៉ាងណា ក៏មិនព្រមស្តាប់ឡើយ ពោលគឺនៅតែជម្នះ ចាកចេញទៅធ្វើការនៅស្រុកថៃ ទាល់តែបាន។ មិនតែប៉ុណ្ណោះ នៅរយៈពេលចុងក្រោយនេះ បុរសរងគ្រោះជាប្តី បានទទួលដំណឹងមកថា ស្ត្រីជា ប្រពន្ធរបស់ខ្លួន កំពុងមានចិត្តផិតក្បត់ លួចលាក់មានប្រុសថ្មីនៅឯប្រទេសថៃ ចោលប្តីនៅស្រុកខ្មែរបាត់ទៅហើយ ទើបធ្វើឱ្យជនរងគ្រោះឈឺចិត្ត ស្អិតទ្រូងយ៉ាងខ្លាំង។

ប្រភពដដែលបន្តថា នៅលើកចុងក្រោយនេះ ស្ត្រីជាប្រពន្ធបានមកលេងស្រុក រួចហើយបុរសជាប្តីក៏បានព្យាយាមរារាំង មិនឱ្យប្រពន្ធទៅថៃទៀតទេ និងថែមទាំងព្រមានថា បើមិនអាចរស់នៅជាមួយគ្នាវិញទេ ខ្លួន (ប្តី) នឹងសម្លាប់ខ្លួនហើយ ប៉ុន្តែស្ត្រីជាប្រពន្ធមិនស្តាប់ នៅតែមានៈ ចេញទៅប្រទេសថៃដដែល ទើបជនរងគ្រោះសម្រេចគិតខ្លីបែបនេះតែម្តង។

តាមសម្តីស្ត្រីជាម្តាយរបស់បុរសរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ កូនប្រុសរបស់ គាត់ (ជនរងគ្រោះ) បានចូលសម្រាកនៅក្នុងផ្ទះដូចសព្វមួយដង រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ខណៈដែលគាត់ ភ្ញាក់ពីដំណេក ដើរចេញទៅខាងក្រោយផ្ទះ ក៏ប្រទះឃើញកូនប្រុសចងកនៅលើដើមស្វាយស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា បុរសរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយជនរងគ្រោះបានចងកជាប់នឹងមែកស្វាយខាងក្រោយផ្ទះ ចន្លោះម៉ោង២ ទៅម៉ោង៤ទៀបភ្លឺ លុះព្រឹកឡើងទើបម្តាយប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES