តារាចម្រៀងឈួន សុវណ្ណឆៃ បានចំណាយលុយធ្វើបទចម្រៀងដោយខ្លួនឯង កាលពីពេលថ្មីៗនេះ ដោយមិនត្រឹមតែចេញជា Audio ទេ ប៉ុន្តែថែមទាំងត្រៀមចេញជា MV ផងដែរ។ ការបោះលុយធ្វើបទចម្រៀងផ្ទាល់ខ្លួនរបស់សុវណ្ណឆៃ នាពេលនេះ ក្រោយពេលដែលផលិតកម្មដែលអ្នកនាងធ្លាប់ច្រៀងមួយចំនួន នៅក្រៅស្រុក បានបិទទ្វាលែងធ្វើបទចម្រៀងដូចឆ្នាំមុនៗទៀតហើយ ដូចជា ផលិតកម្មតោមាស រៃមាស ឆ្លងដែន ព្រះវិហារ ជាដើម ទើបសុវណ្ណឆៃ ងាកមកធ្វើបទចម្រៀងដោយខ្លួនឯងវិញ។ បទចម្រៀងដែលឈួន សុវណ្ណឆៃ ទើបនឹងចេញដោយខ្លួនឯងនោះ មានដូចជាបទ ”សារាវ៉ាន់ជុំញាតិ” និងបទ ”ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី” ជាដើម។
ឈួន សុវណ្ណឆៃ បាននិយាយថា “អ្នកនាងស្រលាញ់បទចម្រៀងជា Original Songs ជាលក្ខណៈប្រពៃណីខ្មែរទាំងនោះ ទើបចំណាយថវិកាផ្ទាល់ខ្លួនជួលគេនិពន្ធ និងចេញជា Audio តាម Youtube ហើយនឹងចេញជា MV ផងដែរ បើមានការគាំទ្រពីបងប្អូននោះ”។
ប្រភពបានឲ្យដឹងថា ការបោះលុយចំណាយក្នុងការធ្វើបទចម្រៀងរបស់អ្នកនាងឈួន សុវណ្ណឆៃ នាពេលនេះ ក្រោយពេលដែលពេលនេះ អ្នកនាងកាន់តែមានជីវភាពធូរធាជាងមុនឆ្ងាយទៅៗ ដោយរស់នៅផ្ទះវីឡាយ៉ាងហ៊ឺហា និងថ្មីៗនេះ ទើបទិញរថយន្ដទំនើប Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារផងដែរ។
អ្នកសិល្បៈរួមអាជីពជាមួយសុវណ្ណឆៃ មានការភ្ញាក់ផ្អើលនៅពេលដែលឃើញតារាចម្រៀងរូបនេះកាន់តែហ៊ឺហាទៅៗ ដែលពិបាករកតារាណាអាចប្រជែងជាមួយនាងបាន ព្រោះសូម្បីតែពេលនាងទៅចូលរួមកម្មវិធីណា ក៏តារារូបនេះតែងតែពាក់មាសស្រោចខ្លួនដែរ ក្នុងនោះទោះជាខ្សែក្រវ៉ាត់នាង ក៏ធ្វើពីមាសសុទ្ធ មានតម្លៃរាប់ម៉ឺនដុល្លារទៀតផង។
ឈួន សុវណ្ណឆៃ មិនចង់និយាយរឿងទិញរថយន្ដទំនើប Lexus LX 570 នោះទេ ចំណែកការដែលនាងពាក់មាសលើសតារាផ្សេងៗទៀតនោះ ត្រូវបានតារាចម្រៀងរូបនេះថា មកពីអ្នកនាងស្រលាញ់មាស។
ឈួន សុវណ្ណឆៃ បានរៀបការជាមួយអាណិកជនខ្មែរ នៅអាមេរិក ដែលជាមន្ដ្រីនៅស្ថានទូតបារាំង ប្រចាំនៅកម្ពុជា តែចំណងស្នេហ៍នេះបានរលត់កណ្ដាលផ្លូវ ដោយបន្សល់ចំណងដៃកូនប្រុសស្រី២នាក់ ដែលត្រូវតារាចម្រៀងរូបនេះទទួលបន្ទុក។ ទាំងសុវណ្ណឆៃ និងអតីតប្ដី មិនលាតត្រដាងពីមូលហេតុនៃការលែងលះឡើយ ខណៈដែលពេលនេះ មន្ដ្រីស្ថានទូតបារាំងរូបនោះ ក៏មានគូស្នេហ៍ថ្មីជាស្រីក្មេងខ្ចីល្ហក់នោះ គេជឿថា អ្នកនាងសុវណ្ណឆៃ ក៏មិនមែនទុកបេះដូងឲ្យនៅទំនេរឡើយ គ្រាន់តែមិនទាន់ហ៊ានបណ្ដើរឲ្យគេស្គាល់ប៉ុណ្ណោះ៕