Sunday, January 19, 2025
Homeសង្គម និងជីវិតព្រៃផ្សៃណាស់! សម្លាប់ក្មេងប្រុសច្រកបាវបោះចោលក្នុងអូរ

ព្រៃផ្សៃណាស់! សម្លាប់ក្មេងប្រុសច្រកបាវបោះចោលក្នុងអូរ

ខេត្តស្ទឹងត្រែង ៖ ក្មេងប្រុសម្នាក់ បានបាត់ខ្លួនតាំងពីពាក់កណ្តាលយប់ មិនដឹងទៅណា ទោះជាក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណា ក៏មិនប្រទះឃើញសោះ លុះ៥ថ្ងៃក្រោយមក ក៏ស្រាប់តែត្រូវបានអ្នកភូមិប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះ ត្រូវឃាតករចិត្តឃោរឃៅ ចងដៃជើងច្រកក្នុងបាវ រួចបោះចោលក្នុងទឹកអូរ រហូតហើមស្អុយអណ្តែតលើផ្ទៃទឹក ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញភូមិ។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅចំណុច ទឹកអូរមួយកន្លែង ស្ថិតក្នុងភូមិស្រះឫស្សី សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

ក្មេងប្រុសរងគ្រោះ ដែលត្រូវឃាតករចិត្តព្រៃផ្សៃសម្លាប់ច្រកបាវបោះចោលក្នុងទឹកអូរនេះ មានឈ្មោះសេង រដ្ឋា អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងប្រុសរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ប្រហែល១០យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨កន្លងទៅ គាត់បានសម្រាន្តក្នុងបន្ទប់ក្នុងផ្ទះ។ ចំណែកកូនវិញគេងក្នុងផ្ទះតែគ្មានបន្ទប់នោះទេ លុះពេលគាត់ភ្ញាក់ពីដំណេកនៅពេលព្រឹកឡើង ស្រាប់តែបាត់កូនមិនដឹងជាទៅណា។ ភ្លាមៗនោះ គាត់បានដើរតាមស្វែងរកកូនប្រុសដែរ តែមិនឃើញ ទើបរត់ទៅរាយការណ៍ប្រាប់មេភូមិឱ្យជួយផ្សព្វផ្សាយរកកូនរបស់គាត់ដែរ ប៉ុន្តែស្ងាត់ដំណឹងឈឹងរហូត។ លុះមកដល់ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ទើបមានគេប្រទះឃើញសពកូនអណ្តែតក្នុងទឹកអូរ ដោយត្រូវឃាតករសម្លាប់ច្រកក្នុងបាវ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា នៅមុនពេលប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះខាងលើ មានអ្នកភូមិម្នាក់ បានដើរបាញ់កង្កែបតាមដងអូរខាងលើ រួចក៏បានប្រទះឃើញសពក្មេងប្រុសរងគ្រោះច្រកក្នុងបាវអណ្តែតទឹក ទើបប្រញាប់រាយការណ៍ឱ្យសមត្ថកិច្ចបានដឹង កុំអីក៏មិនមាននរណាម្នាក់បានរកឃើញក្មេងនេះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានស្រង់យកសាកសពក្មេងប្រុសរងគ្រោះ ឡើងមកលើគោក ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ត្រូវបានឃាតករចិត្តកំណាចឃោរឃៅ ចងបិទមុខដោយក្រណាត់ពណ៌ខ្មៅ ចងស្លាបសេក និងចងជើង រួចញាត់ចូលក្នុងបាវ រួចយកសពទៅបោះចោលនៅក្នុងទឹកអូរធំ ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះអ្នកស្រុក។

ជុំវិញករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ សមត្ថកិច្ចជំនាញ បានសនិដ្ឋានជាបឋមថា អាចផ្តើមចេញពីករណីគំនុំ ដោយសារតែឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ ធ្លាប់មានជម្លោះជាមួយអ្នកដទៃ។ យ៉ាងណា សមត្ថកិច្ចបានអះអាងថា ករណីនេះមិនមែនជាករណីវះយកក្រលៀន និងថ្លើម ប្រមាត់ ដូចពាក្យចចាមអារ៉ាម ដែលបង្ហោះចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះទេ ព្រោះនៅលើដងខ្លួនសពក្មេងប្រុសរង គ្រោះ ពុំមានស្លាកស្នាមវះអ្វីទាំងអស់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខជនដៃដល់ជាឃាតករ ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់។

ដោយឡែក សាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាទីបំផុត៕

RELATED ARTICLES