ខេត្តសៀមរាប ៖ ប្តីប្រពន្ធ២នាក់ បានផឹកស៊ីជុំគ្នារហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា លុះពេលប្រពន្ធឡើងទៅដេកលើអង្រឹងលង់លក់ ស្រាប់តែបុរសជាប្តី បានដើរទៅឱបចំបើងមកគរលើប្រពន្ធរួចដុតបំណងសម្លាប់ប្រពន្ធទាំងរស់ បណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសរលាកពេញខ្លួន។
ករណីប្តីកំណាចប៉ុនប៉ងដុតសម្លាប់ប្រពន្ធទាំងរស់នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រោមផ្ទះ ស្ថិតក្នុងភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក។
ជនសង្ស័យជាប្តីចិត្តកំណាច ដែលដុតប្រពន្ធខ្លួនឯងទាំងរស់នេះ មានឈ្មោះឡិញ ឡាយ អាយុ៥៨ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រី រងគ្រោះជាប្រពន្ធ មានឈ្មោះរឿន ហេម អាយុ៥៣ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតេហតុ គេឃើញប្តីប្រពន្ធខាងលើ បានអង្គុយផឹកស្រាជាមួយគ្នាតាំងពីថ្ងៃរសៀល រហូតដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ប្តីប្រពន្ធអ្នកទាំង២ ក៏បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប៉្រាវ។ បន្ទាប់ពីឈ្លោះប្រកែកជាមួយប្តីរួច ស្ត្រីរងគ្រោះជាប្រពន្ធ ក៏បានឡើងទៅដេកនៅលើអង្រឹង ខាងក្រោមផ្ទះលង់លក់បាត់ទៅ។ ចំណែកបុរសជាប្តី នៅពេលឃើញប្រពន្ធកំពុងដេកលង់លក់បែបនេះ ក៏បែកគំនិតដើរទៅកងចំបើងមួយឱប រួចយកមកដាក់គរលើប្រពន្ធ ហើយក៏ ដុតចំបើងនោះ បំណងដុតសម្លាប់ប្រពន្ធទាំងរស់តែម្តង បណ្តាលឱ្យភ្លើងឆាបឆេះរលាកស្ត្រីជាប្រពន្ធ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។
ក្រោយកើតហេតុ អ្នកជិតខាងមានការភ្ញាក់ផ្អើល នាំគ្នាស្ទុះមកជួយពន្លត់ភ្លើង រួចប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់មកក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងចាប់ខ្លួនបុរសជាប្តីនាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានគរចំបើងដុតប្រពន្ធទាំងរស់មែន មូលហេតុដោយសារ តែខ្លួនបានផឹកស្រាស្រវឹងខ្លាំងពេក ណាមួយកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធផង ទើបធ្វើឱ្យក្តៅចិត្តទ្រាំមិនបាន ក៏ប្រព្រឹត្តទង្វើបែបនេះ តែម្តង។
បច្ចុប្បន្នជនសង្ស័យជាប្តី ត្រូវបានកម្លាំងការិយាល័យជំនាញខេត្ត កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕