ខេត្តកណ្តាល ៖ ស្ត្រីជើងខ្លាំងល្បីឈ្មោះម្នាក់ (នាងហ្គិច) បានធ្វើសកម្មភាពយកសាំងចំនួន២កាន ទៅចាក់ដុតក្នុងរោងចក្រផលិតគ្រឿងសង្ហារឹម និងក្តារកុងផ្លាកេមួយកន្លែង យីហោ “ប្រាយវ៉េរ ហ្វើនីឈ័រ” ដែលត្រូវគេដឹងថា ជារោងចក្រប្តីរបស់ខ្លួន បណ្តាលឱ្យមានការឆាបឆេះសន្ធោសន្ធៅ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចឃុំពើក ស្រុកអង្គស្នួល។ ទីបំផុត ក្រោយពីគេចខ្លួនបានតែប៉ុន្មានម៉ោង ក៏ត្រូវកម្លាំងអាវុធហត្ថ ចុះឃាត់ខ្លួនបានវាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។
ស្ត្រីជើងខ្លាំងដែលចាក់សាំងដុតរោងចក្រប្តី និងត្រូវកម្លាំងអាវុធហត្ថចាប់វាយខ្នោះនេះ មានឈ្មោះកែវ រតនៈ ហៅហ្គិច អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះ សព្វថ្ងៃស្នាក់នៅផ្ទះលេខ១៤ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានប្តីឈ្មោះហុង ម៉ុងហេង និងមានកូន២នាក់ក្នុងបន្ទុក។
គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះកើតឡើងនៅចំណុចរោងចក្រផលិតគ្រឿងសង្ហារឹម និងក្តារកុងផ្លាកេមួយកន្លែង យីហោ “ប្រាយវ៉េរ ហ្វើនីឈ័រ” នៅចំណុចឃុំពើក ស្រុកអង្គស្នួល ទើបសមត្ថកិច្ចបានចេញអន្តរាគមន៍ជួយពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ទ័ពឆត្រយោង៩១១ អស់២គ្រឿង និងប្រើប្រាស់ទឹកអស់៦ឡាន ទើបរលត់ជាស្ថាពរ។
តាមសាក្សីជាកម្មករក្នុងរោងចក្រខាងលើ បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង មានគ្នា៤ទៅ៥នាក់ ចូលទៅដុតឈើក្នុងរោងចក្រ ហើយបានគំរាមមិនឱ្យចូលពន្លត់ភ្លើងកំពុងឆេះនោះទេ ដោយប្រពន្ធម្ចាស់រោងចក្រឈ្មោះកែវ រតនៈ ហៅហ្គិច បើកបររថយន្តទំនើបម៉ាកឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ខម-៦៧៦២ ជាអ្នកដុត។ បន្ទាប់ពីបង្កហេតុរួច នាងហ្គិច បើកឡានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់បានមកវិញ ។
យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ មានករណីស្ត្រីជើងខ្លាំងម្នាក់ឈ្មោះកែវ រតនៈ ហៅហ្គិច បានធ្វើសកម្មភាពយកសាំង២កាន ទៅចាក់ដុតក្នុងរោងចក្រផលិតគ្រឿងសង្ហារឹម និងក្តារកុងផ្លាកេ យីហោ “ប្រាយវ៉េរ ហ្វើនីឈ័រ” ធ្វើឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលដល់សង្គម ហើយបានគេចខ្លួនមកពួនសម្ងំលាក់អាត្មានៅរាជធានីភ្នំពេញ។
ក្រោយពេលទទួលបានពាក្យបណ្តឹង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានបើកការស៊ើបអង្កេត ស្រាវជ្រាវរហូតក្តាប់បានមុខសញ្ញា និងចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនស្ត្រីជើងខ្លាំងខាងលើនេះបាន នៅចំណុចផ្ទះលេខ១៤ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្ត្រីជើងខ្លាំងឈ្មោះកែវ រតនៈ ហៅ ហ្គិច ព្រមសារភាពថា រូបនាងពិតជាបានចាក់សាំងដុតឈើកៅស៊ូក្នុងរោងចក្រ ប្រាយវ៉េរ ហ្វើនីឈ័រ ដែលជាកម្មសិទ្ធិរបស់ប្តីនាងពិតប្រាកដមែន ព្រោះតែរូបនាងមានទំនាស់ក្នុងគ្រួសារ ហើយប្តីនាងមិនព្រមចូលផ្ទះ ដើម្បីដោះស្រាយគ្នា ទើបនាងសម្រេចចិត្តទៅដុតឈើកៅស៊ូក្នុងរោងចក្ររបស់ប្តីនាងតែម្តង។
ទោះជាយ៉ាងណាក៏ដោយ នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីឈ្មោះកែវ រតន៉ ហេហ្គិច បានបង្កការអុកឡុកធ្វើឱ្យភ្ញាក់ផ្អើលដល់សង្គមនោះ។ កាលពីដប់ឆ្នាំមុន ស្ត្រីរូបនេះធ្លាប់បានដកកាំភ្លើងបាញ់គំរាមពលរដ្ឋ នៅជិតវត្តសន្សំកុសល ហើយត្រូវបានតុលាការផ្តន្ទាទោសពីបទ បាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់។ ក្រោយមកចុងឆ្នាំ២០១៦កន្លងទៅ ស្ត្រីរូបនេះដដែលបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន២រូប ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារផងដែរ។ ក្រោយពេលអាវុធហត្ថរាជធានីភ្នំពេញ ធ្វើកំណត់ហេតុចប់ ក៏បានប្រគល់ស្ត្រីជើងខ្លាំងខាងលើ ទៅឱ្យអាវុធហត្ថខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
ជុំវិញករណីស្ត្រីជើងខ្លាំងឈ្មោះហ្គិច នេះ មន្ត្រីតុលាការខេត្តកណ្តាល បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ថា លោកអ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីឈ្មោះកែវ រតនៈ ហៅហ្គេច ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធចំនួន៣បទល្មើស ប្រើប្រាស់ឯកសារសាធារណៈ ក្លែងគំរាមកំហែងថានឹងសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចរោងចក្រផលិតគ្រឿងសង្ហារឹម និងក្តារកុងផ្លាកេ “ប្រាយវ៉េ ហ្វើនីឈ័រ” ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល តាមមាត្រា៧៨ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៦៣០, ២៣៣ និង៤១៣នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្នស្ត្រីជើងខ្លាំង (នាងហ្គិច) ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តកណ្តាល៕