ខេត្តតាកែវ ៖ បុរសម្នាក់បានឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាជាមួយប្រពន្ធ រហូតឈានដល់អំពើហិង្សាប្រតាយប្រតប់ជាមួយប្រពន្ធ ឃើញបែបនេះ បុរសជាអ្នកភូមិម្នាក់បានចូលទៅជួយឃាត់ ស្រាប់តែធ្វើឱ្យបុរសជាប្តីខឹងច្រឡោត ក៏ទាញច្រវាក់វាយសំពងទៅលើបុរសរងគ្រោះ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន។
ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិអង្គតាចាន់ ឃុំលាយបូរ ស្រុកត្រាំកក់។
ជនបង្កហេតុដែលខឹងគេចូលមកឃាត់ប្តីប្រពន្ធរបស់ខ្លួនកំពុងឈ្លោះគ្នា បែរជាផ្ទុះកំហឹងវាយគេនឹងច្រវាក់បណ្តាលឱ្យបែកក្បាល មានឈ្មោះអឹង សុភា អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះ មានឈ្មោះជា ភាក់ អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិឃុំជាមួយគ្នា រងរបួសបែកក្បាលពីក្រោយចំនួន២កន្លែង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ នៅចំណុចខាងមុខផ្ទះ របស់ឈ្មោះយួង អឿង ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិជាមួយគ្នា។ ក្រោយមក ជម្លោះប្តីប្រពន្ធខាងលើក៏ឈានដល់អំពើហិង្សា ដោយបុរសជាប្តីបានវាយតប់ប្រពន្ធ ជាហេតុធ្វើឱ្យជនរងគ្រោះដែលកំពុងនៅក្បែរនោះឃើញ យល់ថាជាអ្នកភូមិ មិនចង់ឱ្យមានរឿងរ៉ាវវែងឆ្ងាយ ក៏ចូលទៅជួយឃាត់ កុំឱ្យប្តីប្រពន្ធអ្នកទាំង២ ឈ្លោះប្រកែកវាយតប់គ្នាអី ស្រាប់តែធ្វើឱ្យជនសង្ស័យផ្ទុះកំហឹងជាមួយនឹងជនរងគ្រោះវិញម្តង រហូតដល់ស្ទុះទៅទាញច្រវាក់ ស្ទុះចូលទៅវាយជនរងគ្រោះចំក្បាលពីខាងក្រោយ បណ្តាលឱ្យបែកក្បាល២កន្លែង ហូរឈាមស្រោចខ្លួនរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ រហូតដល់វេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបាននាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែខ្លួនខឹងនឹងជនរងគ្រោះដែលចេះមកលូកលាន់រឿងផ្ទៃក្នុងគ្រួសារខ្លួន (កំពុងឈ្លោះគ្នា) ទើបទប់ចិត្តមិនបាន ក៏វ៉ៃទុកជាការព្រមានតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕